ស្ដ្រីពូកែប្រចាំប្រវត្ដិសាស្ដ្រ
នៅក្នុងសង្គមខ្មែរកន្លងមកមានទស្សនៈពីរនៅជាមួយគ្នា ដែលមួយបញ្ជាក់ពីការលើកតម្កើងស្ដ្រី គឺសង្គមមាតាធិបតេយ្យ និងមួយទៀតក្នុងន័យបន្ដុះបង្អាប់ រើសអើង មាក់ងាយ គឺស្ដ្រីវិលចង្ក្រានមិនជុំ។ បើទោះបីជាមានទស្សនៈនិងការយល់ឃើញក្រោមផ្នត់ គំនិតមើលងាយមើលថោកស្ដ្រីយ៉ាងណាក៏ដោយ ក៏ស្ដ្រីខ្មែរបានតស៊ូយ៉ាងស្វិតស្វាញ ដើម្បីភាពត្រចះត្រចង់នៃប្រទេសជាតិមិនចាញ់ បុរសប៉ុន្មានដែរ។ ស្ដ្រីដែលបានរួមចំណែកកសាងប្រវត្ដិសាស្ដ្រកម្ពុជា យើងខ្ញុំសូមលើកមកជម្រាបជូនដូចតទៅ។
1 . ស្ដ្រីជាស្ដេចដែលគ្រប់គ្រងប្រទេស ៖ នៅក្នុងប្រវត្ដិសាស្ដ្រនៃកម្ពុជាចារឹកយ៉ាងច្បាស់លាស់អំពីក្សត្រិយ៍ ពីរអង្គ ដែល មានស្នាព្រហស្ថក្នុងការកសាងប្រទេសជាតិរបស់យើងនៅពេលនោះ។
- ព្រះនាងសោមា ឬព្រះនាងនាគ ៖ ព្រះមហាក្សត្រដំបូងនៃកម្ពុជាគឺព្រះនាងសោមា ដែលតាមឯកសារចិនមានឈ្មោះថា
ព្រះនាងលីវយីដែលព្រះនាងជាអ្នកដែលគ្រប់គ្រងកម្ពុជារហូតដល់មាន ស្ដេចមួយអង្គមកពីប្រទេសឥណ្ឌា ដែលមានព្រះនាមថា កៅ ឌិណ្ឌវរ្ម័ន។ ការចងសម្ព័ន្ធមេត្រីរវាងស្ដេចទាំងពីរអង្គបានធ្វើឱ្យប្រទេសកម្ពុជា នាសម័យនោះមានការរីកចម្រើន ដោយមានការរួបរួម ជាតិសាសន៍នានា។ ស្នាដៃដែលព្រះនាងមាននាសម័យនោះ គឺព្រះនាងបានការពារទឹកដីកម្ពុជា ចេះទទួលយកការចងសម្ព័ន្ធជាមួយ បរទេស ដើម្បីកសាងប្រទេសជាតិ រួមបញ្ចូលសាសន៍ដទៃឱ្យទៅជាខ្មែរតែមួយ ក្លាយទៅជាមហានគរដ៏រុងរឿងមួយនាសម័យនោះ។ - ព្រះមហាក្សត្រិយ៍ ស៊ី សុវត្ថិ កុសមៈនារីរត្នសេរីវឌ្ឍនា ៖ ព្រះនាងជាព្រះមាតារបស់ព្រះវររាជបិតាព្រះបាទនរោត្ដម សីហនុ។ បើទោះបីជាពុំមានការតែងតាំងជាផ្លូវការយ៉ាងណាក៏ដោយ ក៏ក្នុងកំឡុងពេលដែលព្រះបាទនរោត្ដមសុរាម្រិតចូលទិវង្គតទៅ កម្ពុជាមិនបានជ្រើសរើសព្រះមហាក្សត្រទៅតាមច្បាប់រដ្ឋធម្មនុញ្ញទេ។ ផ្ទុយទៅវិញព្រះមហាក្សត្រិយ៍នេះហើយ ដែលជាតំណាងរបស់ ព្រះមហាក្សត្រ បើទោះបីជារដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧បានចែងថា នៅកម្ពុជាមិនអាចមានស្ដេចស្រីសោយរាជ្យសម្បត្ដិបានទេ។ ហេតុនេះ ហើយព្រះមហាក្សត្រិយានីអង្គនេះទទួលព្រះរាជកិច្ចដឹកនាំប្រទេសជា តិនាអំឡុងពេលអន្ដរកាលនោះ។ ចំពោះស្នាដៃដ៏លេចធ្លោរបស់ ព្រះមហាក្សត្រិយានីកុសមៈនោះ គឺព្រះនាងបានរៀបចំឱ្យមានរបាំព្រះរាជទ្រព្យ ដែលខ្មែរស្ទើរតែបាត់បង់ទម្រង់ដើមទៅហើយ នៅពេលដែលសៀមឈ្លានពានទឹកដី ហើយនាំរបាំនេះទៅកាឡៃជារបាំរបស់គេនោះ។ ព្រះនាងបានកែទម្រង់របាំនេះសារជាថ្មីឱ្យមាន លក្ខណៈទន់ភ្លន់ជាខ្មែរដូចពីមុន ព្រះនាងបានប្រមូលផ្ដុំអ្នកសិល្បៈវប្បធម៌ដើម្បីកែច្នៃរបាំនេះ ដោយរាប់តាំងពីសម្លៀកបំពាក់គ្រឿង ក្បូរក្បាច់លម្អផ្សេងៗ រហូតដល់របាំព្រះរាជទ្រព្យនេះបានត្រូវចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភព លោកអរូបីរហូតមកដល់បច្ចុប្បន្ននេះ។
- ព្រះនាងជ័យរាជាទេវី ៖ មូលហេតុដែលអាចចាត់ទុកថា ព្រះនាងជាអ្នកដែលប្រកាន់ខ្ជាប់នូវការប្រតិបត្ដិសាសនានោះក៏ ព្រោះតាមរយៈសិលាចារឹកដែលកត់ត្រាដោយព្រះនាងឥន្ទ្រទេវីនោះបាន អធិប្បាយបង្ហាញថា “ព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យរាជាទេវីប្រៀបបានទៅនឹងព្រះនាងសិតាដែលកំពុងតែព្រាត់ ពីស្វាមី គឺព្រះរាម។ ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧។ ឯស្ដេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំង ព្រះនាងជ័យរាជាទេវីបាន ចូលកាន់សីល កាន់ត្រណម គោរពទៅកាន់ក្បួនខ្នាតប្រពៃណីមិនធ្វេសប្រហែសសោះឡើយ។ ព្រះនាងតែងតែខំស្វាធ្យាយន៍ធម៌ បួងសួងបន់ស្រន់សុំឱ្យព្រះស្វាមីបានជួបតែសេចក្ដីសុខ និងជ័យជំនះឈ្នះលើសត្រូវ។ ព្រះនាងមានរូបរាងកាយស្គមស្គាំង ហើយមិន យកចិត្ដទុកដាក់នឹងសក់របស់ព្រះនាងឡើយ។ កាលបើនឹកឃើញទៅដល់ព្រះស្វាមីម្ដងៗ ព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។ តែការឈឺចុកចាប់នេះ ធ្វើឱ្យព្រះនាងសប្បាយរំសាយទុក្ខទៅវិញ។ ព្រះនាងជ័យរាជាទេវីស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះ ជ័យវរ្ម័នជានិច្ច”។ ក្រៅពីអ្វីដែលបានបញ្ជាក់លើសិលាចារឹកនេះ ព្រះនាងជ័យរាជាទេវីបានជួយដល់ព្រះជ័យវរ្ម័នទី៧ជាច្រើនក្នុងការ កសាងប្រទេសជាតិនៅពេលនោះដែលបានក្លាយជាមហានគរ មហាអំណាចមួយ។ ព្រះនាងបានផ្ដល់ជាគំនិតផ្សេងៗ ដូចជាកសាង មន្ទីរពេទ្យ សាលាសំណាក់ជាដើម ដែលមានចំនួនដ៏ច្រើននាសម័យកាលនោះ។ ព្រះនាងជ័យរាជាទេវីជាអគ្គមហេសីដ៏កំពូល ជាទី ប្រឹក្សា ជាអ្នកដែលគិតគូរអំពីសាសនា អ្នកប្រតិបត្ដិសាសនា ដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីជួយស្វាមីក្នុងការកសាង ប្រទេសជាតិ។
- លោកយាយពេញ ៖ ស្ដ្រីចំណាស់ម្នាក់នេះបានធ្វើឱ្យមានទីក្រុងភ្នំពេញមកដល់សព្វថ្ងៃ នេះ ព្រោះលោកយាយបានប្រមូល ផ្ដុំកម្លាំងអ្នកស្រុកអ្នកភូមិដើម្បីពូនភ្នំមួយដើម្បីធ្វើជា ទីសក្ការៈបូជានូវព្រះអង្គមានព្រះភ័ក្ដ្របួនដែលលោកយាយបានជួបប្រទះ នៅពេលដែលលោកយាយស្រង់ដើមគគីរធំមួយដែលអណ្ដែតទឹកនៅទន្លេ បួនមុខ។ លោកយាយជាអ្នកដែលបានកសាងទីតាំង ដែល ក្រោយមកព្រះបាទពញាយ៉ាតបានកសាងរាជធានីរហូតដល់បច្ចុប្បន្ននេះ។
No comments:
Post a Comment