Friday, June 15, 2012
សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ ស្តីពី ប្រាសាទព្រះវិហារ
ភ្នំពេញ: ថ្ងៃនេះ ជាខួបលើកទី៥០ ឆ្នាំ ថ្ងៃ១៥ មិថុនា ឆ្នាំ១៩៦២-ថ្ងៃ១៥ មិថុនា ឆ្នាំ២០១២ ដែលតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ICJ បានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ សេចក្តីសម្រេចនោះ បានដាក់ប្រាសាទព្រះវិហារ និងតំបន់នៅជុំវិញប្រាសាទ ស្ថិតនៅក្នុងទឹកដី ក្រោមអធិបតេយ្យ បូរណភាពដែនដីរបស់ព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី១៥ មិថុនា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្ពុជាបានឈ្នះក្តីលើប្រទេសថៃ តាមរយៈសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ។ សាលដីកានោះ មាន ៣ ចំណុចសំខាន់ៗ របស់តុលាការអន្តរជាតិ ដែលបានសម្រេចថា គឺទី១-ប្រាសាទព្រះវិហារ និងដីនៅជុំវិញតំបន់ប្រាសាទប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។ ទី២ -តុលាការយុត្តិធម៌អន្តរជាតិ បានបង្គាប់ឲ្យថៃដកចេញនូវទាហានឆ្មាំពីប្រាសាទព្រះវិហារ ដែលថៃបានចូលទន្ទ្រានកាន់កាប់ទាំងខុសច្បាប់ និងទី៣-ថៃត្រូវប្រគល់វត្ថុបូរាណដែលខ្លួនបានឆក់ប្លន់ រឹបអូស មកឲ្យកម្ពុជាវិញ។
សម្រាប់ថ្ងៃជាប្រវត្តិសាស្ត្រមិនអាច កាត់ថ្លៃបាន ថ្ងៃ១៥មិថុនា ឆ្នាំ១៩៦២ ត្រូវបានគេនឹកឃើញនូវស្នាព្រះហស្ដរបស់អតីតព្រះមហាក្សត្រ ព្រះវររាជបិតា សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គ បានពុះពារនៅក្នុងកិច្ចការពារអធិបតេយ្យ ដោយមានភស្ថុតាង ឯកសារ និងទិដ្ឋភាពច្បាប់ច្បាស់លាស់ ដើម្បីតវ៉ាប្រឆាំងចំពោះមហិច្ឆតាឈ្លានពានរបស់ថៃ មកលើប្រាសាទព្រះវិហាររបស់កម្ពុជា។
នៅថ្ងៃខួបលើកទី៥០ ឆ្នាំ នៃថ្ងៃចេញសាលដីកាជាប្រវត្តិសាស្ត្រមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាស្ងប់ស្ងាត់។ ប៉ុន្តែរាជរដ្ឋាភិបាល បានជ្រើសរើសយកថ្ងៃ៧ ខែកក្កដា ដើម្បីប្រារព្ធខួបលើកទី៤ នៃថ្ងៃបញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌ នៅប្រាសាទព្រះវិហារ។
លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងជាប្រធានអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ថា “នៅថ្ងៃខួបសាលដីកា របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ថ្ងៃ១៥មិថុនា ឆ្នាំ១៩៦២-ថ្ងៃ១៥មិថុនា ឆ្នាំ២០១២ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីប្រារព្ធពិធីបុណ្យ រម្លឹកអ្វីនៅឡើយទេ។ តែយើងមានគម្រោងនឹងជួបជុំប្រារព្ធពិធីសាទរ ទ្រង់ទ្រាយធំ ដូចរៀងរាល់ឆ្នាំ នៅថ្ងៃ៧កក្កដា ដែលឆ្នាំនេះជាខួបលើកទី៤ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ យើងធ្វើរូបភាពធំ ដូចរៀងរាល់ឆ្នាំ នៅសារមន្ទីរតេជោ នៅសាអែម ជើងភ្នំប្រាសាទព្រះវិហារ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាអ្នកទៅចុះបញ្ជីប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក”។
សូមរម្លឹកថា កងទ័ពថៃ បានចូលឈ្លានពានលើដែនដីកម្ពុជា នៅព្រំដែនប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ គឺតែមួយសប្តាហ៍ ក្រោយពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានចុះបញ្ជីបញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
ការប្រឈមមុខដោយអាវុធ ក៏កើតមានជាបន្តបន្ទាប់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រហូតមកដល់ដើមខែមិថុនា ឆ្នាំ២០១១ ខណៈដែលកម្ពុជាបានដាក់ពាក្យបណ្តឹងថ្មីមួយទៀតទៅកាន់តុលាការទី ក្រុងឡាអេ ដើម្បីបកស្រាយសាលដីកាឆ្នាំ១៩៦២ ស្តីពី ប្រាសាទព្រះវិហារ។
នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ បានចេញសាលដីកាបន្ទាន់មួយ ដើម្បីឲ្យកម្ពុជានិងថៃ ដកទ័ពរៀងខ្លួនចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន ទំហំជាង ១៧ គីឡូម៉ែត្រ នៅម្តុំប្រាសាទព្រះវិហារ ជៀសវាងការប៉ះទង្គិចដោយអាវុធជាថ្មី រវាងកងទ័ពកម្ពុជា និងថៃ ដែលនាំឲ្យខូចខាតប្រាសាទព្រះវិហារបន្ថែមទៀត។ តែកងទ័ពប្រទេសទាំងពីរ មិនទាន់ដកចេញនៅឡើយ រហូតដល់ថ្ងៃនេះ។
ចំណែកការបកស្រាយសាលដីកា ឆ្នាំ១៩៦២ ត្រូវបានលោក ជុច ភឿន បានស្រង់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស មកបញ្ជាក់ថា តុលាការឡាអេ នឹងចេញសេចក្តីសម្រេចនៅអំឡុងខែវិច្ឆិកាខាងមុខ ដើម្បីបញ្ជាក់ថា ដីនៅជុំវិញប្រាសាទព្រះវិហារជារបស់កម្ពុជា ឬក៏របស់ប្រទេសថៃ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment