ម្ចាស់ក្រុមហ៊ុន Hublot ផលិតនាឡិកាដ៏ល្បីពីប្រទេសស្វ៊ីស បានបង្ហាញនាឡិកាដែលមានតម្លៃដល់ទៅ៥លានដុល្លារ ដោយចាត់ទុកថា ជានាឡិកាដែលមានតម្លៃថ្លៃបំផុតលើលោក។ នាឡិកាខាងលើតុបតែងលំអដោយគ្រាប់ពេជ្រខ្នាតតូចចំនួនជាង១.២៨២គ្រាប់ មានទម្ងន់សរុបជាង១៤០ការ៉ាត់ និង៦គ្រាប់ដែលមានទំហំធំមានទម្ងន់ជាង៣ការ៉ាត់ ។ តួនាឡិកាទាំងមូលច្នៃពីមាស.ស ឬប្លាទីននិងរៀបចំដាក់តាំងបង្ហាញដល់ទស្សនិកជន ដោយមានការការពារសុវត្ថិភាពដ៏តឹងរ៉ឹងនៅក្នុងពិធីតាំងបង្ហាញនាឡិកាដ៏ធំបំផុតនៅលើពិភពលោកក្នុងទីក្រុងបាសែស ប្រទេសស្វ៊ីស ។
ការតាំងពិព័រណ៍ខាងលើមានម្ចាស់ក្រុមហ៊ុនផលិតនាឡិកាស្លាកយីហោល្បីៗចំនួន៤១ប្រទេសមកតាំងបង្ហាញ ។ អ្នករៀបចំការតាំងពិព័រណ៍នេះមានការរំពឹងទុកថា ពិធីនេះនឹងរៀបចំឡើងចំនួន៨ថ្ងៃដោយមានអ្នកចូលទស្សនាជាមធ្យម១០០.០០០នាក់ក្នុងមួយថ្ងៃ ។ Hublot បង្ហើបឱ្យដឹងថា នាឡិកាស៊េរីខាងលើបានចំណាយពេលក្នុងការផលិតប្រហែល១៤ខែ ដោយមានអ្នកឯកទេសដាំពេជ្រចំនួន១៧នាក់ ។
ចំណែកលោកហ្សង់ ភ្លូតប៊ីវែរ៍ ប្រធានក្រុមហ៊ុន Hublot ថ្លែងថា គឺជារឿងដ៏ពិបាកមួយក្នុងការផលិតនាឡិកាដ៏មានតម្លៃនេះ ព្រោះគ្រឿងផ្សំផ្សេងៗរបស់នាឡិកាសុទ្ធសឹងធ្វើពីវត្ថុដ៏កម្រ និងមានអតិថិជនចាប់អារម្មណ៍សាកសួរព័ត៌មានពីនាឡិកានេះបណ្តើរៗហើយ ប៉ុន្តែក្រុមហ៊ុនមិនបានប្រាប់ឱ្យបានល្អិតល្អន់ឡើយ ៕
No comments:
Post a Comment