មានភាពសុទិដ្ឋិនិយមក្នុងខ្លួនស្តាប់ទៅហាក់បីទាក់ទាញគ្រប់គ្រាន់ហើយ មែនអត់? មានតែមួយចំណុចហ្នឹង តើអ្នកច្បាស់ទេថាអាចធ្វើឲ្យមនុស្សជុំវិញខ្លួន ស្រលាញ់ចូលចិត្តចង់រាប់អានមែននោះ? មិនចាំបាច់ខំប្រឹងខ្លាំងពេក ដើម្បីក្លាយជាមនុស្សល្អឥតខ្ចោះក្នុងភ្នែកអ្នកដទៃក៏បានដែរ សំខាន់ឲ្យតែចេះបន្ថែមមន្តស្នេហ៍ ៤ យ៉ាងនេះជាប់ខ្លួន ទោះទៅដល់ទីណាក៏មិនខ្វះញាតិរាប់រក ថែមទាំងមិនឯកោទៀតផង។
ចេះបង្កបរិយាកាសស្រស់ស្រាយ បង្កប់ដោយភាពវិជ្ជមាន ជាមួយមនុស្សជុំវិញខ្លួន
មនុស្សយើងមិនខុសពីគ្នាប៉ុន្មានទេ ទាំងអ្នកមិនសូវមាត់ក ឬចូលចិត្តនិយាយច្រើនក៏ដោយ អ្នកទាំងអស់នោះ សុទ្ធតែត្រូវការភាពសប្បាយរីករាយ ដូច្នេះបើអ្នកអាចបង្កបរិយាកាសឲ្យស្រស់ស្រាយ និយាយលេងសើចមានព្រំដែន វាជាវិធីស័ក្ដិសិទ្ធិមួយ ដែលអាចជួយបណ្តេញអារម្មណ៍មិនល្អចេញពីខ្លួនភ្លាមៗ។ លាយឡំជាមួយនឹងពាក្យលើកទឹកចិត្ត ពោរពេញដោយថាមពលនិងគំនិតវិជ្ជមានទៀត នរណាៗក៏ចង់នៅក្បែរ និយាយពិភាក្សាជាមួយដែរ។
មានភាពស្មោះសរទាំងខាងក្រៅនិងខាងក្នុង
មានទឹកចិត្តល្អ ចិត្តទូលាយចេញពីក្នុងពិតៗទើបគេសរសើរ។ បើខំប្រឹងសម្តែងតែសំបកក្រៅ ទោះព្យាយាមយ៉ាងណា ក៏គ្មានថ្ងៃគេមើលឃើញនិងឲ្យតម្លៃនោះទេ។ ក្នុងសម័យទំនើបមួយនេះ មនុស្សភាគច្រើន បានរៀនចេះដឹងជ្រៅជ្រះ ចូលរួមក្នុងសង្គមច្រើន ដូច្នេះហើយគេអាចគិតវិភាគបែងចែកច្បាស់ណាស់ រវាងអ្វីក្លែងក្លាយនិងពិតប្រាកដ។ ដូចពាក្យចាស់ពោលថា "ក្រដាសមិនអាចខ្ចប់ភ្លើង” មនុស្សក៏ដូចគ្នា មានចិត្តវៀចវេរមិនស្មោះត្រង់ យូរឬឆាប់គង់តែមានគេដឹងមិនខាន។ ដល់ពេលនោះ តម្លៃនិងការគោរពស្រលាញ់ពីអ្នកដទៃ អាចនឹងធ្លាក់ដល់កម្រិតសូន្យ។
ចេះគោរពទាំងខ្លួនឯង និងអ្នកដទៃ
គោរពខ្លួនឯង ដោយការមិនប្រៀបធៀបខ្លួនជាមួយអ្នកដទៃ នាំតែដេកតូចចិត្តឥតអំពើ។ គោរពអ្នកដទៃដោយមិនយកនរណាម្នាក់ធ្វើជាសត្រូវ គុំកួន មួយថ្ងៃៗគិតតែពីរឿងឈ្នះចាញ់។ មួយវិញទៀត កុំឆាប់វាយតម្លៃមនុស្សតែសំបកក្រៅ ព្រោះម្នាក់ៗសុទ្ធតែមានគុណវិបត្តិនិងគុណសម្បត្តិរៀងៗខ្លួន។
កុំភ្លេចយករឿងល្អៗចូលមកក្នុងជីវិត
ជីវិតតែងមានរឿងល្អនិងអាក្រក់ ប៉ុន្តែពេលខ្លះ វាស្ថិតនៅលើការគិត និងការសម្រេចចិត្តរបស់អ្នកជាធំ។ ជួនកាលពេលជួបរឿងមិនល្អធ្វើឲ្យកើតទុក្ខ មិនមែនមានន័យថាជីវិតអ្នកនឹងត្រូវអាប់អួរហូតឯណា។ អ្នកអាចស្វះស្វែងរិះរកវិធី ដើម្បីកែប្រែស្ថានភាពឲ្យល្អប្រសើរ ចាត់ទុកបញ្ហាជារឿងទូទៅគង់តែអាចដោះស្រាយបាន នោះជីវិតនឹងមានតែរឿងល្អៗចូលមកបន្តបន្ទាប់ ថែមទាំងអាចជះឥទ្ធិពលវិជ្ជមានសម្រាប់ខ្លួនឯងនិងអ្នកដទៃ ជាក់ជាមិនខានទេ៕
No comments:
Post a Comment