១.ខ្ញុំមិនអីទេ
រាល់ពេលខឹង អន់ចិត្តម្ដងៗ អ្នកប្រហែលជាប្រើពាក្យមួយឃ្លានេះ ដើម្បីព្យាយាមលាក់បាំងអារម្មណ៍ខ្លួនឯង។ ថ្វីត្បិតថា អ្នកចង់បញ្ចៀសជម្លោះនៅថ្ងៃនេះ ប៉ុន្តែប្រសិនអ្នកនិយាយសម្ដីខុសពីចិត្តបែបនេះច្រើនពេក អារម្មណ៍ពិតរបស់អ្នកនឹងផ្ទុះខ្លាំងលើសដើមនៅថ្ងៃណាមួយជាមិនខាន។
២.ធ្លាប់មានសង្សារប៉ុន្មាននាក់ដែរ?
មនុស្សជាច្រើននិយាយកុហក ដើម្បីធ្វើឲ្យដៃគូបច្ចុប្បន្នទទួលបានអារម្មណ៍ល្អចំពោះប្រវត្តិស្នេហារបស់ខ្លួន។ អ្នកកំពុងកុហក កុំបារម្ភច្រើនពេក ព្រោះអ្នកដែលធ្លាប់មានសង្សារច្រើនដទៃទៀត ក៏កុហកដូចអ្នកដែរ។
៣.ចូលចិត្តឪពុកម្ដាយរបស់គាត់
មិនមែនអ្នកគ្រប់គ្នាសុទ្ធតែត្រូវរ៉ូវ ស៊ីចង្វាក់ជាមួយឪពុកម្ដាយក្មេកគ្រប់រឿងនោះទេ។ អ្នកប្រហែលនិយាយកុហក ដើម្បីរក្សាសន្តិភាព សាមគ្គីភាព រវាងគ្រួសារទាំងសងខាង។ វាជារឿងទូទៅដែលមនុស្សភាគច្រើនតែងលំអៀងទៅខាងសាច់ឈាមបង្កើត ជាងសាច់ថ្លៃ។
៤.តើចាយលុយអស់ប៉ុន្មាន?
រឿងហិរញ្ញវត្ថុ គឺជារឿងសំខាន់ ដែលអ្នកមិនគួរនិយាយកុហកសោះឡើយ។ អ្នកទាំងពីរគួរតែបើកចំហ ពិភាក្សាគ្នាជាលក្ខណៈផ្លូវការទើបជារឿងប្រសើរ។ ប៉ុន្តែយូរម្ដង អ្នកអាចនឹងជ្រុលខ្លួន ចាយវាយច្រើនលើសពីភាពចាំបាច់ ដូច្នេះដើម្បីកុំឲ្យមានបញ្ហាកើតឡើង អ្នកត្រូវបង្ខំខ្លួនប្រើវិធីនេះ។
៥.ស្អាតខ្លាំងណាស់
ទោះជាការស្លៀកពាក់ តុបតែងខ្លួនរបស់គាត់មិនសូវស្អាត ប៉ុន្តែជឿថាអ្នកមិនចង់ឲ្យសម្ដីពិតមួយនោះមកចាក់ដោត ប៉ះពាល់អារម្មណ៍គាត់ឡើយ។ ហេតុនេះដើម្បីរក្សាស្នាមញញឹម អ្នកក៏និយាយសម្ដីកុហកប៉ុន្មានម៉ាត់នេះទៅ។
៦.មិនដែលនឹកសង្សារចាស់
មនុស្សធ្លាប់ស្រឡាញ់ ធ្លាប់ឆ្លងកាត់អនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ក្រោយបែបគ្នា រឿងអីថាមិនធ្លាប់នឹករលឹកគិតដល់សូម្បីម្ដងនោះ។ ទោះជាយ៉ាងណា ដើម្បីកុំឲ្យគូស្នេហ៍បច្ចុប្បន្នប្រចណ្ឌ រករឿងតទៅទៀត អ្នកក៏មិនអាចប្រាប់ការពិតបានដែរ។
៧.ចូលចិត្តម្ហូបដែលគាត់ចម្អិន
សម្រាប់អ្នកមានគូស្នេហ៍មិនសូវចេះធ្វើម្ហូប ប្រហែលជាកុហកចំពោះរឿងមួយនេះច្រើនជាងគេតែម្ដង ដើម្បីជួយលើកទឹកចិត្ត គ្រាន់តែប្រឹងញ៉ាំឲ្យអស់ រួចញញឹម និងសរសើរប៉ុន្មានម៉ាត់ វាមិនមែនជារឿងពិបាកខ្លាំងឡើយ។
៨.យល់ស្របជាមួយគាត់
នៅពេលដៃគូកំពុងតែមានជម្លោះ ការខ្វែងគំនិតជាមួយអ្នកណាម្នាក់ គាត់ប្រាកដជាត្រូវការខ្នងបង្អែកដែលអាចជួយជ្រោមជ្រែង គាំទ្រគំនិតរបស់គាត់។ ព្រោះតែស្រឡាញ់ ចង់ការពារ ទោះជាអ្នកមិនមានគំនិតដូចគាត់ ក៏អ្នកត្រូវតែនិយាយកុហក ដើម្បីឲ្យគាត់រីករាយមួយពេលដែរ៕
No comments:
Post a Comment