ស្រលាញ់ខ្លាំងប៉ុណ្ណា ពេលបែកគ្នាក៏ឈឺចាប់ខ្លាំងប៉ុណ្ណឹងដែរ។ ពេលបែកគ្នា មនុស្សស្រីមានប្រតិកម្មផ្សេងៗគ្នា ខ្លះទៅចង់នៅម្នាក់ឯងលួចយំ ឈឺចិត្តតែមិនចង់ប្រាប់អ្នកណា ចំណែកខ្លះទៀតចូលចិត្តចេញក្រៅជួបមិត្ត ដើម្បីរៀបរាប់ពីទុក្ខលំបាក។ វាគ្មានខុស ឬត្រូវអ្វីទេក្នុងការខូចចិត្តហើយធ្វើបែបនេះ ប៉ុន្តែចំពោះនារីដែលរឹងមាំមិនបណ្ដោយឲ្យខ្លួនឯងធ្លាក់ដល់ចំណុចទាំង ៤ នេះឡើយ៖
១. ខូចចិត្តស្ទើរឆ្កួត ធ្វើអ្វីលែងកើត
ត្រូវហើយស្នេហាគឺឈឺចាប់ ប៉ុន្តែបើនារីមានចិត្តរឹងមាំ អាចធ្វើចិត្តបាន ដោយមិនបណ្ដោយឲ្យខ្លួនឯងធ្លាក់ដល់ចំណុចដូចជាទៅធ្វើការអីក៏មិនកើត គិតតែពីសំងំនៅម្នាក់ឯង មិនញ៉ាំអី នាំឲ្យឈឺឡើយ។ នារីខ្លាំងមិនធ្វើបែបនេះដាច់ខាត នាងប្ដូរការគិតទៅវិញថា ធ្វើបែបនេះ ដើម្បីមនុស្សប្រុសទៅចោលនាងធ្វើអី? បានអ្វីមកវិញ ហើយមនុស្សម្នាក់នោះគ្មានតម្លៃឲ្យនាងធ្វើបែបនេះទេ។
២. ភ្លេចគេមិនបាន
មនុស្សស្រីខ្លះចិត្តទន់ ស្រលាញ់អ្នកណា ហើយគឺស្រលាញ់ខ្លាំង ទោះបីជាបែកគ្នាហើយក៏នៅនឹកគិតពីគេដែរ។ នាងនឹកគេរហូតខលទៅ ឬសុំត្រូវគ្នាវិញជាដើម។ ខុសពីនារីរឹងមាំ តែហាមាត់ហើយគឺមិនដែលលេបសម្ដីខ្លួនវិញឡើយ បែកហើយគ្មានថ្ងៃត្រលប់ទៅវិញនោះទេ។ នាងស៊ូនៅម្នាក់ឯងទុកឱកាសឲ្យខ្លួនឯងបើកបេះដូងទទួលយកអ្នកថ្មីវិញប្រសើរជាង។
៣. ប្ដូរខ្លួនឯង ដើម្បីបានឱកាសបន្តទៀត
ការបែកបាក់គ្នាខ្លះបណ្ដាលមកពីមានអ្នកទី៣ ចូល។ចំពោះនារីទន់ខ្សោយ នាងនឹងខឹងសង្សារបានមួយភ្លែត លុះគេមកលួងនិងព្រមវិញ ព្រោះចិត្តនៅស្រលាញ់គេ ហើយសុខចិត្តប្ដូរខ្លួនឯង ដើម្បីផ្គាប់ចិត្តគេទៅវិញ។ នារីរឹងមាំស្អប់ខ្ពើម និងរអើមបំផុតចំពោះអំពើផិតក្បត់ ដាច់ខាតមិនត្រលប់វិញឡើយ បើដឹងថាដៃគូមានចរិតអន់ប្រភេទនេះ។
៤. យកស្រាធ្វើជាថ្នាំបំបាត់ទុក្ខ
កុំក្លាយជាមនុស្សប្រមឹកដោយសារខូចចិត្តអី។ នារីដែលរឹងមាំយល់ថា គ្រឿងស្រវឹងធ្វើឲ្យភ្លេចមនុស្សម្នាក់តែមួយភ្លែតប៉ុណ្ណោះ។ ប៉ុន្តែវាជះឥទ្ធិពលអាក្រក់ខ្លាំងដល់ខ្លួនឯងដូចជា អ្នកដទៃមើលមកមិនល្អ ឬទៅជាឈឺ និងអាចបង្កគ្រោះថ្នាក់ផ្សេងៗបាន។ ដូច្នេះពេលខូចចិត្តនារីរឹងមាំ ជ្រើសយកវិធីផ្សេងដោយទៅដើរលំហែកម្សាន្ត ឬទៅជួបមិត្តភក្តិជជែកគ្នាជាដើម៕
No comments:
Post a Comment