ប៉ុន្តែអ្វីដែលស្ត្រីតែងបារម្ភគឺ ការដែលប្ដីនឹងចេញទៅមានស្រីក្រៅ ធ្វើឱ្យគ្រួសារបាត់បង់សេចក្ដីសុខ និងគ្មានភាពកក់ក្ដៅដល់កូនៗ។ ខាងក្រោមជាគន្លឹះខ្លះៗ ដែលស្ត្រីគួរធ្វើ ដើម្បីចងចិត្តស្វាមីឱ្យស្មោះត្រង់នឹងគ្រួសារ មិនអាចមើលឃើញស្រីក្រៅល្អជាងប្រពន្ធកូនខ្លួន៖
១- ចេះឱ្យតម្លៃនិងលើកទឹកចិត្តប្ដី៖
បុរស ទោះបីចាត់ទុកជាភេទរឹងមាំ ប៉ុន្តែអ្នកណាៗក៏ធ្លាប់ជួបថ្ងៃស៊យ ការបាក់ទឹកចិត្ត ឬធ្វើកំហុសឆ្គងដែរ។ ដូច្នេះបើនៅខាងក្រៅ មានរឿងមិនសប្បាយចិត្តហើយ ចូលដល់ផ្ទះ ប្រពន្ធធ្វើមុខក្រូចសើច ឬព្រងើយកន្តើយទៀត យូរនិងឆាប់នឹងធ្វើឱ្យបុរសនោះលែងចង់ចូលផ្ទះ។ ពាក្យសម្ដីលួងលោម លើកទឹកចិត្ត គឺជាថ្នាំត្រជាក់ដែលធ្វើឱ្យអារម្មណ៍ស្មុគស្មាញទាំងប៉ុន្មានរលាយបាត់បានដោយងាយ។
២- ចេះរក្សាទំនាក់ទំនងរវាងឪពុកម្ដាយខ្លួននិងស្វាមី៖
ចំណុចនេះសំខាន់ខ្លាំង ព្រោះបើទោះបីអ្នករៀបការរួចរស់នៅជាមួយឪពុកម្ដាយក្ដី ឬរស់នៅបែកតែពីរនាក់ក្ដី ក៏គង់តែមានលេចឮពាក្យពេចន៍ក្នក់ចិត្តពីឪពុកម្ដាយរបស់អ្នកចំពោះស្វាមី ឬពីស្វាមីចំពោះឪពុកម្ដាយយើងដូចគ្នា។ ដូចពាក្យថា គ្មានទេមនុស្សឥតខ្ចោះក្នុងលោកនេះ ហេតុនេះពាក្យមិនសប្បាយចិត្តទាំងនោះអាចនឹងកើតឡើងនៅថ្ងៃណាមួយ។ ភរិយាឆ្លាតត្រូវចេះថ្លឹងថ្លែងថា ពាក្យណាគួរឱ្យភាគីទាំងសងខាងដឹង ពាក្យណាគួរសម្របសម្រួល និងលាក់ទុកដើម្បីទំនាក់ទំនងល្អក្នុងក្រុមគ្រួសារ។
៣- ចេះចាត់ចែងការងារផ្ទះ៖
ទោះសម័យនេះ ភរិយាភាគច្រើនត្រូវចេញទៅក្រៅរកលុយដូចស្វាមីក៏ដោយ ប៉ុន្តែរឿងចានក្បាន ថែទាំងផ្ទះសម្បែង នៅតែត្រូវការនារីជាចាំបាច់។ ការជួយរំលែកបន្ទុកក្នុងផ្ទះរបស់ស្វាមី អាចជួយសម្រាលបានមួយចំនួន តែប្រពន្ធល្អមិនអាចភ្លេចគិតពីរឿងផ្ទះសម្បែង បណ្ដោយឱ្យរប៉ាត់រប៉ាយ ហើយលើកឡើងថា គ្មានពេលសម្អាតនោះទេ។
៤- ចេះជួយស្វាមីរឿងលើគ្រែ៖
អាចជារឿងមិនគួរនិយាយ ប៉ុន្តែវាជាការពិត។ តាមធម្មជាតិ បុរសមានអារម្មណ៍ផ្លូវភេទច្រើនជាងស្ត្រី ហេតុនេះមូលហេតុធំដែលស្វាមីភាគច្រើនហ៊ានទៅមានស្រីក្រៅ ព្រោះតែភរិយាមិនសូវផ្ដល់ពេលវេលាសម្រាប់រឿងលើគ្រែ ឬព្រងើយកន្តើយចំពោះរឿងនេះញឹកញាប់ពេក។ ជួនកាល អ្នកទាំងពីរអាចនិយាយគ្នា បើសិនភរិយាមិនស្រួលខ្លួន ឬមានផ្ទៃពោះ ឬសរសៃខ្ចី ភរិយាអាចជួយសម្រួលរឿងនេះតាមវិធីណាមួយដែលល្អ មិនចាំបាច់ទាល់តែបម្រើដោយប្រើខ្លួនប្រាណទាំងស្រុងតែម្ដងក៏បាន។
៥- ចេះចាត់ចែងរឿងលុយកាក់បានច្បាស់លាស់៖
រឿងលុយកាក់ច្បាស់ណាស់ ភាគីភរិយាគឺជាអ្នកទុកដាក់ ហើយបើនាងជាមនុស្សច្បាស់លាស់ក្នុងការចាត់ចែង មិនចំណាយខុសខ្ទង់ មិនចំណាយលើរឿងខ្ជះខ្ជាយ នោះស្វាមីនឹងមិនងាយដាច់ចិត្តយកលុយទៅចំណាយខាងក្រៅទេ។ អាចនិយាយបានថា មុននឹងគាត់ចំណាយ គាត់អាចនឹងគិតដល់អ្នកដែលជាភរិយាជាមុនសិន។
៦- ចេះគិតគូរក្រុមគ្រួសារខាងប្ដីដូចគ្រួសារខាងយើង៖
ចំណុចចុងក្រោយនេះរឹតតែចាំបាច់ ព្រោះអ្នកណាក៏ចេះស្រលាញ់គ្រួសាររបស់គេ មិនថាយើង មិនថាស្វាមី។ ដូច្នេះក្នុងនាមជាភរិយាត្រូវចេះចែករំលែកក្ដីស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគ្រួសារសាច់ថ្លៃ និងឪពុកម្ដាយក្មេកផង។ កាលណាអ្នកធ្វើបានចំណុចនេះ ស្វាមីអ្នកនឹងមានអារម្មណ៍កក់ក្ដៅ និងរឹតតែស្រលាញ់អ្នកខ្លាំងឡើងមិនខាន៕
No comments:
Post a Comment