តើអ្នកដែលឆ្ងល់ទេថា ពេលខ្លះមនុស្សពីរនាក់ស្រឡាញ់គ្នាស្ទើរស្លាប់ តែហេតុអ្វីចុងក្រោយនៅតែបែកគ្នា ? ព្រោះក្តីស្រឡាញ់ដែលពួកគាត់មានឱ្យគ្នានោះ មិនគ្រប់គ្រាន់ ឬ យ៉ាងណា? ការជួបប្រទះការបែកបាក់ច្រើនដងពេក អាចធ្វើឱ្យមនុស្សមួយចំនួនរាងចាលនឹងរឿងស្នេហាយ៉ាងខ្លាំង។ អ្នកខ្លះសុខចិត្តសម្រេចចិត្តថានៅម្នាក់ឯងព្រោះគិតថាស្នេហាគឺមិនដែលនៅគង់នោះទេ ដូចនេះខ្ជិលពាក់ព័ន្ធច្រើននាំតែខូចចិត្ត។ អ្នកខ្លះវិញ ទោះកំពុងស្ថិតក្នុងទំនាក់ទំនងស្នេហាក្តី ក៏នៅតែមានអារម្មណ៍ថាមិនទុកចិត្តលើអាយុកាលនៃស្នេហារបស់ខ្លួន ព្រោះថ្ងៃបែកគង់មកដល់នៅពេលណាមួយ។
តើពិតទេដែលគេនិយាយថា ទោះស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏គង់មានថ្ងៃបែក?
ជាក់ស្តែង គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ មិនថាតែនៅក្នុងទំនាក់ទំនងស្នេហានោះទេ គឺគ្រប់ការជួបជុំទាំងអស់។ យ៉ាងណាមិញ អ្នកត្រូវត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមនឹងការផ្លាស់ប្តូរទាំងនោះ។
ជាក់ស្តែង គ្មានអ្នកណាទៅអាចកំណត់ ឬ គិតទុកមុនការជួប ឬ បែកបាននោះទេ។ ដូចនេះ គឺគ្មានវិធីស្រឡាញ់គ្នាណាមួយដែលធានាថានឹងធ្វើឱ្យស្នេហាអ្នកគង់រហូតនោះទេ ព្រោះការបែកបាក់ គឺមិនទៀង ហើយហេតុផលបែកក៏មិនមែនមកពីខ្វះក្តីស្រឡាញ់តែមួយមុខនោះដែរ ជួនកាលអាចមកពីកាលៈទេសៈ ឬ រឿងអកុសលណាមួយ។
ទោះជាគ្មានវិធីស្រឡាញ់គ្នាមិនឱ្យមានថ្ងៃបែកក្តី តែមានវិធីម៉្យាងដែលស្រឡាញ់គ្នាមិនឱ្យមានការស្តាយក្រោយ។ វិធីតែម៉្យាងគត់នោះគឺ ការស្រឡាញ់គ្នា ដោយប្រឹងប្រែងអស់ពីសមត្ថភាព។ ការប្រឹងប្រែងនេះមានន័យថា គូស្នេហាទាំងសងខាងត្រូវចេះថែរក្សា និង ឱ្យតម្លៃពេលវេលាដែលមានជាមួយគ្នាឱ្យអស់ពីលទ្ធភាព ទាំងការយោគយល់គ្នា បង្កើតអនុស្សាវរីយជាមួយគ្នា និង ផ្តល់ភាពសប្បាយរីករាយដល់ជីវិតគ្នាទៅវិញទៅមក។ ការដែលអ្នកប្រឹងប្រែងផ្តល់ក្តីស្រឡាញ់អស់ពីសមត្ថភាពពេលដែលមានគ្នា នោះនឹងធ្វើឱ្យអ្នកគ្មានការស្តាយក្រោយឡើយ។ ទោះជាអាចមានថ្ងៃបែកគ្នាមកដល់ មិនថាមូលហេតុអ្វី អ្នកនឹងនឹករលឹកទៅដល់អ្វីដែលអ្នកទាំងពីរធ្លាប់សាង ហើយ នឹងមិនគ្មានទេពាក្យថាស្តាយ ព្រោះនៅក្នុងស្នេហាមួយនោះ អ្នកទាំងពីរបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ៕
No comments:
Post a Comment