ការឈឺចាប់មិនស្មើនឹងភាពស្រេកឃ្លាន ការធ្វើទុក្ខបុកម្នេញខ្លួនឯងក៏មិនអាចបង្វិលពេលវេលាថយក្រោយ។ អ្វីដែលកន្លងហួសហើយ គួរតែឲ្យវាហួសតែម្ដង។ ជំនួសឲ្យការធ្វើបាបខ្លួន ខាងក្រោមនេះគឺជាដំបូន្មានមានប្រយោជន៍មួយចំនួនដែលយើងខ្លួនឯងគួរនិយាយប្រាប់ខ្លួន ក្រោយមនោសញ្ចេតនាមួយដែលនៅមិនគង់តទៅទៀត។
១. តម្លៃរបស់អ្នកមិនស្ថិតលើការគិតរបស់បុរសម្នាក់ នៅពេលបែកគ្នាជាមួយយើង គេអាចប្រើពាក្យមិនសមរម្យដើម្បីបន្ទាបបន្ថោកយើង ដើម្បីឲ្យគេមើលទៅអស្ចារ្យ តែកុំយកវាទុកក្នុងខ្លួនឲ្យសោះ ព្រោះមានតែយើងទេដែលដឹងថាតម្លៃរបស់យើងស្ថិតត្រង់ណានោះ។
២. វិធីប្រឈមមុខនឹងការឈឺចាប់ អនុញ្ញាតឲ្យខ្លួនឈឺចុះ ហើយវានឹងបាត់តាមពេលវេលា។ តែសុំកុំធ្វើអ្វីឆោតល្ងង់ដើម្បីបិទបាំងវាឲ្យសោះ ដូចជាគិតខ្លី ឬយកអ្នកថ្មីមកជំនួសទាំងចិត្តមិនចង់ជាដើម។
៣. កុំធ្វើទុក្ខបុកម្នេញខ្លួនឯងដោយសារតែអ្នកណាម្នាក់ដើរចេញ បង្អត់អាហារ ឃុំខ្លួនឯងនៅក្នុងបន្ទប់។ សួរថាទង្វើទាំងនេះបានការអ្វី? ពេលជួបគេឡើងវិញ មានតែសើចឲ្យ ព្រោះគេគិតថាគ្រាន់តែបែកពីគេសោះ យើងធ្លាក់ខ្លួនដល់ថ្នាក់នេះ។
៤. រកអ្នកដែលអាចចែករំលែកបាន និយាយចេញឲ្យអស់ យំឲ្យអស់ចិត្តម្ដងជាមួយនរណាម្នាក់ដែលអាចទុកចិត្តបាន ពេលនោះអ្នកនឹងមានអារម្មណ៍ថាដូចដកបន្លាចេញពីទ្រូង។
៥. សូមលើកលែងទោសឲ្យគេ ត្រូវរៀនពីវិធីលើកលែងឲ្យខ្លួនឯង និងគេ។ ក្រោយបែកគ្នា យើងអាចនឹងស្អប់គេដល់ឆ្អឹង តែបើនៅតែបន្តដូចនេះ អ្នកដែលត្រូវធ្ងន់ចិត្តគឺគ្មានអ្នកណាក្រៅពីយើងឡើយ។ ធ្វើចិត្តឲ្យទូលាយហើយលើកលែងឲ្យគេទើបប្រសើរ។
៦. រឹងមាំឡើង អ្វីដែលល្អជាងនេះកំពុងរង់ចាំអ្នកនៅខាងមុខ ពេលអ្នកចាប់ផ្ដើមស្រលាញ់គេដំបូង អ្នកក៏អាចគិតថា គេគឺជាមនុស្សដែលល្អបំផុតសម្រាប់ខ្លួនដែរ ដោយមិនដឹងពីលទ្ធផលដូចថ្ងៃនេះឡើយ។ ដូចគ្នាដែរ នៅថ្ងៃអនាគត អ្នកនឹងជួបមនុស្សដែលល្អជាងនេះ ព្រោះនៅពេលនេះ អ្នកមានបទពិសោធន៍មើលមនុស្សច្រើនជាងមុនហើយ៕
No comments:
Post a Comment