About Me

THIS SITE IS UNDER CONSTRUCTION

Saturday, January 18, 2020

គួរអនុវត្តចំណុចទាំងនេះ បើយើងជ្រុលធ្វើ​ឲ្យ​មិត្ត​ប្រុស​ខឹងហើយនោះ

ពេល​មាន​បញ្ហា​ មិន​ប្រាកដ​ថា​គេ​ត្រូវ​តែ​លួង​យើង​រហូត​ទេ​ ព្រោះ​ពេល​​ខ្លះ​ យើង​ជា​អ្នក​ធ្វើ​ខុសខ្លួនឯង។​ ​ដូច្នេះ យើង​គួរ​លះបង់​ខ្លះ​ដើម្បី​ឲ្យ​ឆាប់​ត្រូវ​គ្នា​វិញព្រោះថាស្នេហា​គឺ​ជា​ការ​​យោគ​យល់​​នោះអី!
១. កុំ​យក​កំហឹង​ទល់​កំហល់៖​ ពេល​គាត់​កំពុង​ខឹង​​យើង​ហើយ​ កុំ​អាល​តវ៉ា​រក​ត្រូវ​រកខុស​អី​ព្រោះ​នាំ​តែ​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធំ​ទេ។​
២. ឲ្យ​ពេល​គាត់​ខ្លះ៖ គាត់​ត្រូវ​ការ​ពេល​ខ្លះ​ដើម្បី​ឲ្យ​អ្វី​ៗ​​ល្អ​ប្រសើរ​ឡើង​វិញ​។ ឲ្យ​ពេល​គាត់​ខ្លះ​ទៅ​ព្រោះ​វា​មិន​ពិបាក​ណាស់​ណា​ទេ​ មែន​ទេ?
៣. ឲ្យ​គាត់​ដឹង​ខ្លះ​ផង​ថា​យើង​នៅ​តែ​បារម្ភ​៖ ត្បិត​ថា​យើង​ក៏​ខឹង​ គាត់​ក៏​ខឹង​ តែ​ក៏​មិន​ត្រូវ​ញែក​ខ្លួន​​ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា​ដែរ​។​ ​ឲ្យ​គាត់​ដឹង​ខ្លះ​ផង​ថា​យើង​នៅ​តែ​ព្រួយ​ពី​គាត់។​
៤​. គោរព​សិទ្ធិ​ឯក​ជន​របស់​គាត់៖​ ក្នុង​រយៈ​ពេល​នេះ​កុំ​អាល​គិត​ផ្ដេសផ្ដាស​ដល់​ទៅ​ថា​​គាត់​មាន​ស្រី​ថ្មី​ ហើយ​ទៅ​តាម​ដាន​ទូរស័ព្ទ​ ឬហ្វេសប៊ុក​អី​នោះ។​ ​
៥. កុំ​និយាយ​ពី​ជម្លោះ​នេះ​ប្រាប់​អ្នក​ផ្សេង​៖ ទោះ​យើង​មិន​សប្បាយ​ចិត្ត​ តែ​ក៏​មិន​គួរ​និយាយ​ប្រាប់​គេ​ឯង​ដែរ​​។​ វា​គ្មាន​តម្លៃ​អ្វី​ដែល​ត្រូវ​ឲ្យ​អ្នក​ផ្សេង​យក​រឿង​របស់​យើង​ទៅ​និយាយ​ទេ​ ហើយបើ​មិត្ត​ប្រុស​របស់​យើង​ដឹង​ គាត់​នឹង​រឹតតែ​មួម៉ៅ​មិន​ខាន។​
៦. រក​ពេល​វេលា​ត្រឹម​ត្រូវ​មួយ៖ បើ​គិត​ថា​អាច​និយាយ​គ្នា​បាន​ហើយ​ ជ្រើស​រើស​ពេល​ និង​កន្លែង​ដ៏​ត្រឹម​ត្រូវ​មួយ​ដើម្បី​ចាប់​ផ្ដើម​ជជែក​គ្នា។​ ជៀស​វាង​កន្លែង​សាធារណៈ​ ព្រោះ​បើ​មាន​រឿង​អី​ធំ​ដុំ​កើត​ឡើង​នោះ​ ប្រាកដ​ជា​ខ្មាស​គេ​មិន​ខាន។​ ​ គួរ​រើស​កន្លែង​ឯកជន ហើយ​ស្ងប់​ស្ងាត់​ល្អ​ជាង។​
៧. សុំទោស៖ ជា​ពិសេស​បើ​យើង​ដឹង​ខ្លួន​ថា​វា​ជា​កំហុស​របស់​យើង​​។​ ពាក្យ​ សុំទោស​ វា​មិន​ធ្ងន់​ស្រាល​អ្វី​នោះ​ទេ​ ព្រោះ​គាត់​មាន​ន័យ​សំខាន់​ជាង។​ ឲ្យ​គាត់​និយាយ​អំពី​អារម្មណ៍​គាត់​ ហើយ​កុំ​កាត់​គាត់​អី។

​៨. ត្រូវ​រៀន​ពី​កំហុស​នេះ​៖ ឧទាហរណ៍​ថា​ បើ​គាត់​ខឹង​យើង​រឿង​ផ្ញើ​សារ​ទៅ​សង្សារ​ចាស់​ យើង​គួរ​ជៀស​វាង​វា។​ ត្រូវ​និយាយ​គ្នា​ ហើយ​រៀន​អត់​ធ្មត់​ជៀស​វាង​ជម្លោះ​ពេល​ក្រោយ៕​

គ្រាន់​តែ​បាត់​បង់​ស្នេហា​សោះ​មិន​មែន​បាត់​បង់​ពិភព​លោក​ទាំង​មូល​ឯណា​!

វា​ហាក់​ដូច​ជា​អារម្មណ៍​ពេល​កំពុង​លង់​ទឹក​ជិត​ដាច់​ខ្យល់​ស្លាប់​អ៊ីចឹង ​ស្របពេលដែល​មនុស្ស​ម្នាក់​ត្រូវ​ភ្លក់​រសជាតិ​ឈឺ​ចាប់​ បន្ទាប់​ពី​ភាព​ផ្អែម​ល្អែម​ព្រម​ទាំង​ការ​បរាជ័យ​ក្នុង​រឿង​ស្នេហា​ ។ ​​គ្រប់​ពេល​ដែល​ភ្ញាក់​ពី​គេង ​ចេះ​តែ​នឹក​ឃើញ​រឿង​រ៉ាវ​សព្វ​គ្រប់​បែប​យ៉ាង ​ពេល​ខ្លះ​ក៏​ត្រូវ​យំ​ទាំង​គ្មាន​មូល​ហេតុ ​។ រំលឹក​ដល់​សភាព​នោះ​ម្តង​ៗ​ចង់​តែ​បិទ​ភ្នែក​គេង​លក់​រហូត ​កុំ​ឱ្យ​ភ្ញាក់ ​នឹង​អាល់​បាន​បំភ្លេច​រឿង​សៅ​ហ្មង​ទាំង​អស់​ចោល​ ។
យ៉ាង​ណា​ក្តី ​សួរ​ថា​មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​ពី​ដំណាក់​កាល​វេទនា​នេះ​បាន​ទេ​? ច្បាស់​ណាស់​ត្រូវ​តែ​ឆ្លង​កាត់​ ប៉ុន្តែ​ខុស​គ្នា​នៅ​ត្រង់​ថា​អ្នក​ខ្លះ​ឈឺ​ចាប់​ក្នុង​រយៈ​ពេល​ខ្លី​ ឯ​អ្នក​ខ្លះ​ទៀត​នៅ​ត្រាំ​ត្រែង​ចិត្ត​រយៈ​ពេល​យូរ ​។ ​ទទួល​ស្គាល់​ថា ​ពេល​វេលា​អាច​ជា​អ្នក​ជួយ​ផ្សះ​មុខ​របួស​ឱ្យ​ឆាប់​ជា​ ប៉ុន្តែ​វា​ក៏​ត្រូវ​ការ​ឱ្យ​អ្នក​រង​គ្រោះ​ចេះ​លេង​សម្អាត ​និង​ថែទាំ​ស្នាម​របួស​នោះ​ដោយ​ខ្លួន​ឯង​ដែរ ​។​ ព្រះអាទិត្យ​លិច​ហើយ​ក៏​គង់​រះ​វិញ​បាន ​ពេល​ភ្លៀង​រួច​មេឃ​ក៏​គង់​ស្រឡះ​ដូច​គ្នា​ ចុះ​សម្រាប់​មនុស្ស​ដែល​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់​វិញ ​បាត់​បង់​គេ​ម្នាក់​មិន​មែន​មាន​ន័យ​ថា​ត្រូវ​បាត់​បង់​ពិភព​លោក​ទាំង​មូល​ឯ​ណា​!

បើ​មនុស្ស​ស្រី​មាន​ចិត្ត​ចង់​ក្បត់​គេ​នឹង​បង្ហាញ​ចរិត​ទាំង​អស់​នេះ

មិន​មែន​មាន​តែ​មនុស្ស​ប្រុស​ទេ​ដែល​ចេះ​ក្បត់ ​ពេល​ខ្លះ​មនុស្ស​ស្រី​ក៏​មិន​ធម្មតា​ដែរ​។ ប៉ុន្តែ​មុន​នឹង​មនុស្ស​ស្រី​ចេះ​ក្បត់​ពួក​គេ​ក៏​ត្រូវ​ការ​រៀប​គម្រោង​ដើម្បី​កុហក​មិត្ត​ប្រុស​ដែរ​។ ខាង​ក្រោម​នេះ​កាយ​វិការ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា នារី​នោះ​កំពុង​តែ​ប្រុង​ប្រៀប​ខ្លួន​ក្បត់​មិត្ត​ប្រុស​ហើយ​៖
១​. គ្រប់​យ៉ាង​ជា​ការ​ប្រៀង​ទុក​៖ ​រឿង​រ៉ាវ​ដែល​នាង​ធ្វើ​ភាគច្រើន​មើល​ទៅ​ហាក់​ដូច​ជា​ការ​រៀប​ចំ​ទុក​មុន ទោះ​បី​រឿង​នោះ​ជា​រឿង​ចៃដន្យ​ក៏​ដោយ​ក៏​វា​ដូច​ជា​មិន​សូវ​ទំនង​។
២​. រឿង​រ៉ាវ​គ្មាន​លំដាប់​លំដោយ​៖ គ្រប់​ពេល​ដែល​មិត្ត​ប្រុស​ព្យាយាម​សួរ​រឿង​អ្វី​មួយ ​នាង​តែង​តែ​ឆ្លើយ​ដោយ​ភាំង​ភាន់​គ្មាន​លំដាប់​លំដោយ​ច្បាស់​លាស់​ ឬ​អាច​និយាយ​បាន​ថា​ឆ្លើយ​ទាំង​អត់​ក្បាល​អត់​កន្ទុយ​។
៣​. ធ្វើ​ពុត​ដូច​ជា​ធុញ​ទ្រាន់​៖ ពេល​ខ្លះ​នាង​ធ្វើ​ខ្លួន​ដូច​ជា​ធុញ​ទ្រាន់​ជាមួយ​មិត្ត​ប្រុស​ដោយ​គ្មាន​មូល​ហេតុ ​ព្រោះ​ដើម្បី​ចង់​រក្សា​គម្លាត​ពី​គេ​។
៤​. និយាយ​ពី​អ្នក​ដទៃ​ច្រើន​៖ ​នាង​តែង​តែ​លើក​រឿង​អ្នក​ដទៃ​មក​និយាយ​ជា​រឿយ​ៗ​ខុស​ពី​ធម្មតា​៕

ឈ្លោះគ្នាជាមួយសង្សារហាមធ្វើរឿងល្ងង់ខ្លៅទាំងនេះដាច់ខាត

ចាន​ក្នុង​រាវ​តែង​មាន​ប៉ះ​ទង្គិច​គ្នា​ រី​ឯ​មនុស្ស​​ស្រលាញ់​គ្នា ក៏​គង់​នឹង​មាន​ការ​ទាស់​សម្តី​ ខ្វែង​គំនិត​ ឬ​ឈ្លោះ​ប្រកែក​គ្នា​ម្តង​ម្កាល​ដែរ​ ប៉ុន្តែ​សំខាន់​គួរ​តែ​ចេះ​អត់​ឱន​ឱ្យ​គ្នា​និង​ហាម​សម្រេច​ចិត្ត​តាម​អារម្មណ៍​មួយ​ឆាវ​ៗ​ទៅ​បាន​ហើយ​។ ខាង​ក្រោម​នេះ​ជា​ទង្វើ​ល្ងង់​ខ្លៅ​ទាំង​ ៤ ដែល​អ្នក​គួរ​តែ​ជៀស​វាង​បើ​សិន​ជា​កំពុង​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​៖
១. ស្ងៀម​ស្ងាត់​៖ វា​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ទេ​ព្រោះ​នេះ​បង្ហាញ​ថា​ អ្នក​កំពុង​មាន​គំនិត​ចង់​ឈ្នះ​ ចង់​ឱ្យ​គេ​មក​តាម​ទ្រ​។ គួរ​មក​និយាយ​ត​ទល់​គ្នា​ឱ្យ​ដឹង​ត្រូវ​ខុស ​ទទួល​យក​ហេតុ​ផល​គ្នា​ទៅ​វិញ​ទៅ​មក​ បើសិន​ម្នាក់​លើស​មួយ​ជំហាន​ម្នាក់​ទៀត​ត្រូវ​ដក​ថយ​។
២. និយាយផ្ចាញ់ផ្ចាល​៖ នៅ​ពេល​ឈ្លោះ​គ្នា ​ដៃ​គូ​មិន​គួរ​ប្រកាន់​យក​គំនិត​ឈ្នះ​រៀង​ៗ​ខ្លួន​ទេ​ ជា​ពិសេស​ក៏​មិន​ត្រូវ​យក​ប្រើពាក្យ​សម្តី​ទៅ​ផ្ចាញ់ផ្ចាល​ដៃ​គូ​ម្ខាង​ទៀត​ដែរ​។
៣. ជីក​កកាយ​រឿង​ចាស់​ៗ​៖ ដៃ​គូ​មិន​ត្រូវ​យក​រឿង​ចាស់​ៗ​មក​ធ្វើ​ជា​អាវុធ​សម្រាប់​​វាយប្រហារគ្នា​ទៅ​វិញ​ទៅ​មក​ទេ ​វា​ប្រៀប​ដូច​ជា​យក​សាំង​មក​ចាក់​លើ​ភ្លើង​អ៊ីចឹង​។
៤. ការ​វាយ​តប់​៖ ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ដៃ​គូ​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​គ្មាន​ចំណេះ​ដឹង​និង​ការ​អប់រំ​ត្រឹម​ត្រូវ ​ហើយ​វា​ជា​អំពើ​ខុស​ច្បាប់​ផង​ដែរ​៕


ដំបូន្មាន​ទាំង៦ ដែល​អ្នក​គួរ​និយាយ​ប្រាប់​ខ្លួន​ឯង​ក្រោយ​បែក​បាក់​ពី​ស្នេហា

ការ​ឈឺចាប់​មិន​ស្មើ​នឹង​ភាព​ស្រេក​ឃ្លាន ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លួន​ឯង​ក៏​មិន​អាច​បង្វិល​ពេលវេលា​ថយ​ក្រោយ។ អ្វី​ដែល​កន្លង​ហួស​ហើយ គួរ​តែ​ឲ្យ​វា​ហួស​តែ​ម្ដង។ ជំនួស​ឲ្យ​ការ​ធ្វើ​បាប​ខ្លួន ខាង​ក្រោម​នេះ​គឺ​ជា​ដំបូន្មាន​មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​យើង​ខ្លួន​ឯង​គួរ​និយាយ​ប្រាប់​ខ្លួន ក្រោយ​មនោសញ្ចេតនា​មួយ​ដែល​នៅ​មិន​គង់​តទៅ​ទៀត។
១. តម្លៃ​របស់​អ្នក​មិន​ស្ថិត​លើ​ការ​គិត​របស់​បុរស​ម្នាក់ នៅ​ពេល​បែក​គ្នា​ជាមួយ​យើង គេ​អាច​ប្រើ​ពាក្យ​មិន​សមរម្យ​ដើម្បី​បន្ទាប​បន្ថោក​យើង ដើម្បី​ឲ្យ​គេ​មើល​ទៅ​អស្ចារ្យ តែ​កុំ​យក​វា​ទុក​ក្នុង​ខ្លួន​ឲ្យ​សោះ ព្រោះ​មាន​តែ​យើង​ទេ​ដែល​ដឹង​ថា​តម្លៃ​របស់​យើង​ស្ថិត​ត្រង់​ណា​នោះ។
២. វិធី​ប្រឈម​មុខ​នឹង​ការ​ឈឺ​ចាប់ អនុញ្ញាត​ឲ្យ​ខ្លួន​ឈឺ​ចុះ ហើយ​វា​នឹង​បាត់​តាម​ពេល​វេលា។ តែ​សុំ​កុំ​ធ្វើ​អ្វី​ឆោត​ល្ងង់​ដើម្បី​បិទ​បាំង​វា​ឲ្យ​សោះ ដូច​ជា​គិត​ខ្លី ឬ​យក​អ្នក​ថ្មី​មក​ជំនួស​ទាំង​ចិត្ត​មិន​ចង់​ជា​ដើម។
៣. កុំ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លួន​ឯង​ដោយ​សារ​តែ​អ្នក​ណា​ម្នាក់​ដើរ​ចេញ បង្អត់​អាហារ ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់។ សួរ​ថា​ទង្វើ​ទាំង​នេះ​បាន​ការ​អ្វី? ពេល​ជួប​គេ​ឡើង​វិញ មាន​តែ​សើច​ឲ្យ ព្រោះ​គេ​គិត​ថា​គ្រាន់​តែ​បែក​ពី​គេ​សោះ យើង​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ។
៤. រក​អ្នក​ដែល​អាច​ចែក​រំលែក​បាន និយាយ​ចេញ​ឲ្យ​អស់ យំ​ឲ្យ​អស់​ចិត្ត​ម្ដង​ជាមួយ​នរណា​ម្នាក់​ដែល​អាច​ទុក​ចិត្ត​បាន ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ដូច​ដក​បន្លា​ចេញ​ពី​ទ្រូង។
៥. សូម​លើក​លែង​ទោស​ឲ្យ​គេ ត្រូវ​រៀន​ពី​វិធី​លើក​លែង​ឲ្យ​ខ្លួន​ឯង និង​គេ។ ក្រោយ​បែក​គ្នា យើង​អាច​នឹង​ស្អប់​គេ​ដល់​ឆ្អឹង តែ​បើ​នៅ​តែ​បន្ត​ដូច​នេះ អ្នក​ដែល​ត្រូវ​ធ្ងន់​ចិត្ត​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​យើង​ឡើយ។ ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​ហើយ​លើក​លែង​ឲ្យ​គេ​ទើប​ប្រសើរ។
៦. រឹង​មាំ​ឡើង អ្វី​ដែល​ល្អ​ជាង​នេះ​កំពុង​រង់​ចាំ​អ្នក​នៅ​ខាង​មុខ ពេល​អ្នក​ចាប់​ផ្ដើម​ស្រលាញ់​គេ​ដំបូង អ្នក​ក៏​អាច​គិត​ថា គេ​គឺ​ជា​មនុស្ស​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ដែរ ដោយ​មិន​ដឹង​ពី​លទ្ធផល​ដូច​ថ្ងៃ​នេះ​ឡើយ។ ដូច​គ្នា​ដែរ នៅ​ថ្ងៃ​អនាគត អ្នក​នឹង​ជួប​មនុស្ស​ដែល​ល្អ​ជាង​នេះ ព្រោះ​នៅ​ពេល​នេះ អ្នក​មាន​បទពិសោធន៍​មើល​មនុស្ស​ច្រើន​ជាង​មុន​ហើយ៕

​ស្រីៗ​​ភាគច្រើន​រក​មិន​បាន​សុភាព​បុរស​ពិត​ប្រាកដ ​​ដោយសារ​តែ​មូលហេតុ​ទាំង​នេះ

សម័យ​កាល​កាន់​តែ​ជឿនលឿន ទស្សនៈ​របស់​មនុស្ស​ស្រី​កាន់​​តែ​ផ្លាស់ប្ដូរ​។ ជម្រើស​ក្នុង​ការ​ជ្រើសរើស​គូ​ស្រក​ផ្ទាល់​ខ្លួន ក៏​កាន់​តែ​តឹងតែង​ខ្លាំង​ឡើយ ដោយសារ​តែ​លក្ខខណ្ឌ​ ស្តង់ដារ​​របស់​នាង​រឹត​តែ​ខ្ពស់​ជាង​មុន​។ យ៉ាងណាមិញ ខាង​ក្រោម​នេះ​ហើយ​ជា​មូលហេតុ​៥​យ៉ាង ដែល​បណ្ដាល​ឲ្យ​នារីៗ​​រក​មិន​បាន​សុភាព​បុរស​ពិត​ប្រាកដ​​សម្រាប់​ជា​គូ​ជីវិត​សោះ​​៖​
១. កង្វះ​អារម្មណ៍​សុវត្ថិភាព​
មនុស្ស​ស្រី​ត្រូវការ បុរស​ដែល​អាច​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កក់ក្ដៅ សុវត្ថិភាព​ពេល​នៅ​ក្បែរ​។ នាង​ពិត​ជា​ស្អប់ មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​មនុស្ស​ប្រុស​ដែល​ងាយ​ក្នុង​ការ​ប្រើ​ហិង្សា​ណាស់​។​

២. ភាព​ស្មោះត្រង់​​
មនុស្ស​ប្រុស​សម័យ​បច្ចុប្បន្ន ចូលចិត្ត​ប្រ​ព្រឹទ្ធ​រឿង​ភិត​​ក្បត់​ខ្លាំង​ណាស់​ ហេតុ​នេះ​ហើយ​ទើប​មនុស្ស​ស្រី​ពិបាក​ក្នុង​ការ​ជឿជាក់​ ឬ​ដាក់​ចិត្ត​ស្រឡាញ់​​ជា​គូ​ជីវិត​។ ប្រហែល​ជា​ម្នាក់ៗ​​សុទ្ធ​តែ​​ឯករាជ្យ​រាង​ខ្លួន ដូច្នេះ​ពេល​ជួប​បញ្ហា​រកាំរកូស​ជាមួយ​គ្នា​​បន្តិចបន្តួច​ ក៏​ប្ដូរ​​ទ្រនំ​​ទៅ​ស្រឡាញ់​អ្នក​ថ្មី​​​ដោយ​មិន​សូវ​​ខ្វល់ខ្វាយ​ច្រើន​។​
៣. សង្គម​ដែល​ឲ្យ​តម្លៃ​ខ្លាំង​ចំពោះ​បុរស​​
សង្គម​​ផ្ដល់​តម្លៃ​​​លើ​មនុស្ស​ប្រុស​ខ្លាំង​​​ពេក​ រហូត​​​ពួកគាត់​គិត​ថា​​​អ្វីៗ​ទាំង​អស់​​​គួរ​តែ​នៅ​ក្រោម​ ឬ​មិន​អាច​​ខ្លាំង​ជាង​ពួកគាត់​បាន​ឡើយ​។​ ភាព​​មានៈ រឹងរូស ​មិន​ព្រម​ទទួល​ស្គាល់​​ថា​មនុស្ស​ស្រី​អាច​មាន​សមត្ថភាព​ខ្ពស់​ជាង​ខ្លួន គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​​​មិន​អាច​ទទួល​យក​​​ពួកគាត់​បាន​ដូច​គ្នា​។​
៤. រារាំង​ក្ដី​បំណង​​

មនុស្ស​ស្រី​ក៏​មាន​ក្ដី​ប្រាថ្នា​ក្នុង​ជីវិត​ ដែល​នាង​ចង់​សម្រេច​ឲ្យ​បាន​​ដូច​គ្នា​ ដូច្នេះ​នៅ​ពេល​ដែល​​គូ​ស្នេហ៍​ព្យាយាម​រារាំង​បំណង​របស់​នាង ដើម្បី​ប្រយោជន៍​រួម​ណា​មួយ​ នាង​ប្រាកដ​ជា​ខូច​ចិត្ត​ខ្លាំង​មិន​ខាន​។​ ហេតុអ្វី​មនុស្ស​ស្រី​​ត្រូវ​លះបង់​ការងារ​ដែល​នាង​ស្រឡាញ់ ដើម្បី​ទៅ​កំដរ​​​មនុស្ស​ប្រុស​សម្រេច​ក្ដី​ប្រាថ្នា​ខ្លួន​ឯង​ទៅ​វិញ​?​ វា​ជា​រឿង​អាត្មានិយម​ខ្លាំង​ណាស់​។​
៥. សេរីភាព​ផ្ទាល់​ខ្លួន​​
សេរីភាព​ផ្ទាល់​ខ្លួន គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​សម័យ​​ថ្មី​ត្រូវការ​បំផុត​។ នាង​មិន​ត្រូវការ​ឲ្យ​មនុស្ស​ប្រុស​តាមដាន ឬ​ដេញដោល​សួរ​នាំ​នាង​គ្រប់​ជំហាន​ពេក​នោះ​ទេ​។ មនុស្ស​ប្រុស​ដែល​ចង់​គ្រប់គ្រង​ជីវិត​គូ​ស្នេហ៍​ខ្លួន​គ្រប់​ផ្នែក​ទាំង​អស់ គឺ​មិន​អាច​ក្លាយ​ជា​សុភាព​បុរស​ពិត​ប្រាកដ​​​បាន​ឡើយ​៕

៥​ វិធី​ជួយ​រម្ងាប់​អារម្មណ៍ ពេល​មិត្ត​​​​ឆក់​យក​សង្សារ​​ទៅ​​បាត់

តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​ហ្នឹង​ទេ? ​គ្មាន​អ្នកណា​ឆ្ងាយ​ទេ គឺ​អ្នក​នៅ​ជិត​ខ្លួន​ដែល​អ្នក​ហៅ​​ថា​មិត្តៗ​ហ្នឹង​ឯង។ ប្រុស​ពេញ​ដី​ស្រី​​ពេញ​នគរ​ ម្ដេច​ក៏​ចាំបាច់​មក​ លួច​របស់​​​​ដែល​មាន​ម្ចាស់​ហើយ​ទៅ​វិញ? ហេតុផល​ទាំង​​នោះ គឺ​ស្មុគស្មា​ញ​ណាស់​ ព្រោះ​បើ​មនុស្ស​មិន​ទៅ​ផ្លូវ​ក៏​មិន​មក ទះ​ដៃ​ម្ខាង​ក៏​មិន​លឺ​ដែរ ម៉្លោះហើយ​ បើ​មាន​​ជួប​ហេតុការណ៍​បែបនេះ អ្នក​គូរ​រៀន​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ ដូច​ខាង​ក្រោម​នេះ ៖
១. មិន​​ដើរ​និយាយ​​ដើម​ស្រី​​​ដែល​លួច​​សង្សារ​អ្នក​ទៅ​​ប្រាប់​គេ​ឯង
ទោ​​​​​យ៉ាងណា​ក្តី កុំ​និយាយ​ល្អជាង បើ​អ្នក​កាន់​តែ​និយាយ វា​នឹង​ធ្វើ​ឲ្យ​ភ្លើង​នៅ​ក្នុង​ចិត្ត កាន់​តែ​ឆេះ​រោលរាល​ក្តៅ​ឡើង ហើយ​បើ​អ្នក​ចង់​បន្ទោស ក៍​គួរ​តែ​បន្ទោស​សង្សារ​អ្នក​ដែរ ព្រោះ​គេ​​ជា​អ្នក​រើស​ផ្លូវ​ចាក​ចេញ​ពី​អ្នក​ដូច​គ្នា។
២. មិន​​ហៅ​គ្នី​គ្នា​មក​តទល់
អ្នក​មិន​ចាំបាច់ ហៅ​មិត្ត​ផ្សេង​ទៀត​ មក​រក​រឿង​ជេរ​ស្តី នាំ​​ឲ្យ​ខូច​តម្លៃ​ខ្លួន​ឯង​​​នោះ​ទេ។ ទង្វើ​បុគ្គល​ណា​អ្នក​សាង គេ​គង់​នឹង​ទទួល​ផល​​និង​បាប​កម្ម​នោះ​ ទៅ​ថ្ងៃ​មុខ​ដោយ​ខ្លួន​ឯង។
៣. មិន​រក​វិធី​បញ្ឈឺ​ពេល​ឃើញ​គេ​ទាំង​ពីរ​ដើរ​​ជា​មួយ​គ្នា
បញ្ឈឺ​គេ​ធ្វើ​អ្វី? បើ​​អ្នក​កាន់​តែ​ព្យាយាម​បញ្ឈឺ ពួក​គេ​នឹង​កាន់​តែ​​បាន​ចិត្ត ហើយ​គិត​ថា​អ្នក​ នៅ​ខ្វាយ​ខ្វល់​ក្នុង​ទ្រូង។ ជា​ការ​ល្អ​អ្នក​គូរ ធ្វើ​មិន​ដឹង​មិន​លឺ ​ដើម្បី​បង្ហាញ​​ពី​ភាព​រឹង​មាំ​​របស់​ខ្លូន។
៤. មិន​ទាម​ទារ​ការ​ពន្យល់​ពី​សង្សារ


ទាម​ទារ​ការ​ពន្យល់​ធ្វើ​អី មក​ដល់​ដំណាក់​កាល​នេះ​ហើយ បើ​គេ​​ពិត​ជា​ស្រលាញ់​ស្មោះ​ត្រង់​នឹង​អ្នក​មែន គេ​មិន​​​​បណ្តោយ​ឲ្យ​រឿង​​បែប​នេះ​កើត​ឡើង​បាន​​ឡើយ។
៥. តាំង​ចិត្ត​នៅ​ឲ្យ​​ស្ងៀម​
មិន​ចាំបាច់​ខល ផ្ញើសារ ឆាត ឬ​ក៏​ផ្ញើ​វីឌីអូ ដើម្បី​​សើរើ​រំលឹក​អនុស្សាវរីយ៍​​​ផ្អែម​ល្ហែម​ ដែល​ធ្លាប់​សាង​ជា​មួយ​គ្នា​ ​ហើយ​​ចង់​អូស​ទាញ​ចិត្ត​គេ​​មក​វិញ​ទេ ព្រោះ​​វា​គ្មាន​ប្រសិទ្ធភាព។
​​​​សរុប​មក​ ជម្រើស​ដ៏​ល្អ​ គឺ​ត្រូវ​​កាត់​ចិត្ត​ឲ្យ​ដាច់ បំភ្លេច​គេ​ឲ្យ​បាន ព្រោះ​មនុស្ស​បែប​នេះ​ ទុក​មិន​​ចំណេញ​ដក​ចេញ​មិន​ខាត។​

ខូចចិត្ត​ប៉ុណ្ណា​ក៏​ដោយ​ នារី​រឹងមាំ​រឿង​ស្នេហា​មិន​បណ្ដោយ​​ខ្លួន​​ឲ្យធ្លាក់​ដល់​ ៤ ចំណុច​នេះ​

ស្រលាញ់​ខ្លាំង​ប៉ុណ្ណា​ ពេល​បែក​គ្នា​ក៏​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណឹងដែរ​។​ ពេល​បែក​គ្នា​ មនុស្ស​ស្រី​​មាន​ប្រតិកម្ម​ផ្សេង​ៗ​គ្នា ខ្លះ​ទៅ​ចង់​នៅ​ម្នាក់​ឯង​លួច​យំ​ ឈឺ​ចិត្ត​តែ​មិន​ចង់​ប្រាប់​អ្នក​ណា​ ចំណែក​ខ្លះ​ទៀត​ចូល​ចិត្ត​ចេញ​ក្រៅ​ជួប​មិត្ត​ ដើម្បីរៀបរាប់​ពី​ទុក្ខ​លំបាក។​ វា​គ្មាន​ខុស​ ឬ​ត្រូវ​អ្វី​ទេ​ក្នុង​ការ​ខូច​ចិត្ត​ហើយ​ធ្វើ​បែប​នេះ​ ប៉ុន្តែ​ចំពោះ​នារី​ដែល​រឹង​មាំ​មិន​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ដល់​ចំណុច​ទាំង​ ៤ នេះ​​ឡើយ៖​
១.​ ខូច​ចិត្ត​ស្ទើរ​ឆ្កួត​ ធ្វើ​អ្វី​លែង​កើត​
ត្រូវ​ហើយ​ស្នេហា​គឺ​ឈឺ​ចាប់​ ប៉ុន្តែ​បើ​នារី​មាន​ចិត្ត​រឹងមាំ​ អាចធ្វើ​ចិត្ត​បាន​ ដោយ​មិន​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ដល់​ចំណុច​ដូចជា​ទៅ​ធ្វើ​ការ​អី​ក៏​មិន​កើត​ គិតតែ​ពី​សំងំ​នៅ​ម្នាក់​ឯង​ មិន​ញ៉ាំ​អី​ នាំឲ្យឈឺ​ឡើយ។​ នារី​ខ្លាំង​មិន​ធ្វើ​បែប​នេះ​ដាច់ខាត នាង​ប្ដូរ​ការ​គិត​ទៅ​វិញ​ថា​ ធ្វើ​បែប​នេះ​ ដើម្បី​មនុស្ស​ប្រុស​​ទៅ​ចោល​នាង​​​ធ្វើ​អី?​ បាន​អ្វី​មក​វិញ​ ហើយ​មនុស្ស​ម្នាក់​នោះ​គ្មាន​តម្លៃ​ឲ្យ​នាង​ធ្វើ​បែប​នេះ​ទេ។​
២.​ ភ្លេច​គេ​មិន​បាន​
មនុស្ស​ស្រី​ខ្លះ​ចិត្ត​ទន់​ ស្រលាញ់​អ្នក​ណា​ ហើយ​គឺ​ស្រលាញ់​ខ្លាំង​​ ទោះ​បី​ជា​បែក​គ្នា​ហើយ​ក៏​នៅ​នឹក​គិត​ពី​គេ​ដែរ។​ នាង​នឹក​គេ​រហូត​ខល​ទៅ​ ឬ​សុំ​ត្រូវ​គ្នា​វិញ​ជា​ដើម។​ ខុស​ពី​នារី​រឹងមាំ​ តែ​ហា​មាត់​ហើយ​គឺ​មិន​ដែល​លេប​សម្ដីខ្លួន​វិញ​ឡើយ បែក​ហើយ​គ្មាន​ថ្ងៃ​ត្រលប់​ទៅ​វិញ​នោះ​ទេ​។ នាង​ស៊ូ​នៅ​ម្នាក់​ឯង​ទុក​ឱកាស​ឲ្យ​ខ្លួន​ឯង​បើក​បេះដូង​ទទួល​យក​អ្នក​ថ្មី​វិញ​ប្រសើរ​ជាង។​
៣.​ ប្ដូរ​ខ្លួន​ឯង​ ដើម្បី​បាន​ឱកាស​បន្ត​ទៀត
ការ​បែក​បាក់​គ្នា​ខ្លះ​បណ្ដាល​មក​ពី​មាន​អ្នក​ទី​៣​ ចូល​។ចំពោះ​នារី​ទន់​ខ្សោយ​ នាង​នឹង​ខឹង​សង្សារ​បាន​មួយ​ភ្លែត​ លុះ​គេ​មក​លួង​និង​ព្រម​វិញ​ ព្រោះ​ចិត្ត​នៅ​ស្រលាញ់​គេ​ ហើយ​សុខចិត្ត​ប្ដូរ​ខ្លួន​ឯង​ ដើម្បី​ផ្គាប់​ចិត្ត​គេ​ទៅ​វិញ។​ នារី​រឹងមាំ​ស្អប់​ខ្ពើម​ និង​រអើម​បំផុត​ចំពោះ​អំពើ​ផិត​ក្បត់​ ដាច់ខាត​មិន​ត្រលប់​វិញ​ឡើយ​ បើ​ដឹង​ថា​ដៃគូ​មាន​ចរិត​អន់​ប្រភេទ​នេះ​​។​
៤.​ យក​ស្រា​ធ្វើ​ជា​ថ្នាំ​បំបាត់​ទុក្ខ
កុំ​ក្លាយ​ជា​មនុស្ស​ប្រមឹក​ដោយ​សារ​ខូច​ចិត្ត​អី។​ នារី​ដែល​រឹងមាំ​យល់​ថា​ គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​​ភ្លេច​មនុស្ស​ម្នាក់តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។​ ប៉ុន្តែ​វា​ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង​ដល់​ខ្លួន​ឯង​ដូច​ជា​ អ្នក​ដទៃ​មើល​មក​មិន​ល្អ​ ឬ​ទៅ​ជា​ឈឺ​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេង​ៗ​បាន​។​ ដូច្នេះ​ពេល​ខូច​ចិត្ត​នារី​រឹងមាំ​ ជ្រើស​យក​វិធី​ផ្សេង​ដោយ​ទៅ​ដើរ​លំហែ​កម្សាន្ត​ ឬ​ទៅ​ជួប​មិត្ត​ភក្តិ​ជជែក​គ្នា​ជា​ដើម៕​

វិធីសាស្រ្ត៤​​យ៉ាង​ជួយ​អ្នក​ឲ្យ​បំភ្លេច​គេ​បាន​​​ជោគជ័យ​ និង​លែង​មាន​​ការ​​ឈឺ​ចាប់​ត​ទៅ​ទៀត​​



នៅ​ពេល​​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ខ្លាំង​​​​​ លែង​អើពើ ​ឈប់​ខ្វល់ខ្វាយ ឬ​បោះបង់​អ្នក​ចោល ជឿ​ថា​​អ្នក​ប្រាកដ​ជា​ឈឺចាប់​ខ្លាំង ប៉ុន្តែ​​អ្នក​កាន់​តែ​ចង់​បំភ្លេច​​គេ បេះដូង​អ្នក​រឹត​តែ​នឹក​គេ​ទ្វេ​ដង នេះ​ក៏​ព្រោះ​តែ​អ្នក​​​មាន​អនុស្សាវរីយ៍​​ជាមួយ​គ្នា​ច្រើន​ពេក​។ តើ​ធ្វើ​បែប​ណា​ ទើប​អាច​​​​បញ្ឈប់​ការ​នឹក​រឭក​ទាំង​នោះ​បាន?​​​​ អនុវត្ត​វិធីសាស្ត្រ​​ទាំង​​៤​ខាង​ក្រោម នោះ​អ្នក​ប្រាកដ​ជា​បំភ្លេច​គេ​បាន​ដោយ​ជោគជ័យ​ជាក់ជា​មិន​ខាន​៖
១. ធ្វើ​ចិត្ត​ឲ្យ​រឹងមាំ​
អ្នក​ត្រូវ​គោរព​ការ​​សម្រេច​ចិត្ត​ខ្លួន​ឯង ចំពោះ​ការ​បញ្ចប់​ទំនាក់ទំនង​មួយ​នេះ​។ ធ្វើ​ចិត្ត​ឲ្យ​រឹងមាំ ម៉ឺងម៉ាត់​ ទោះ​​អ្នក​នៅ​តែ​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា ត្រូវ​តាំង​ចិត្ត​ថា​ក្រោយ​បែក​គ្នា អ្នក​នឹង​​​​ធ្វើ​ចិត្ត​ឲ្យ​​បាន ឈប់​ស្រឡាញ់ លែង​ត្រូវការ មិន​ពាក់ព័ន្ធ​ជាមួយ​​ត​ទៅ​​ទៀត​​ ឬ​បក​ក្រោយ​ជា​ដាច់​ខាត​​ ទោះ​​​ថ្ងៃ​ក្រោយ​​គេ​សុំ​អ្នក​ត្រូវ​គ្នា​វិញ​ក៏​ដោយ​។​ ​
២. ទទួល​យក​ការ​ពិត​
បើ​អ្នក​​ធ្លាប់ ឬ​កំពុង​​តែ​ស្រឡាញ់​គេ​ខ្លាំង ​ជឿ​ថា​អ្នក​ពិត​ជា​មិន​អាច​ទទួល​យក​ការ​ពិត ដែល​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ឈាន​ដល់​ផ្លូវ​បំបែក​ដោយ​ងាយ​ស្រួល​ទេ​​។ ប៉ុន្តែ​ការ​ពិត​នៅ​តែ​ជា​ការ​ពិត អ្នក​មិន​អាច​​​កុហក​ខ្លួន​ឯង​មួយ​ជីវិត​ឡើយ​​។
៣. នឹក​មនុស្ស​ផ្សេង
អ្នក​ត្រូវ​ប្ដូរ​គោលដៅ​ថ្មី យក​ពេល​ទៅ​​នឹក​មនុស្ស​ផ្សេង មិន​ថា​អ្នក​ថ្មី​ដែល​អាច​ជំនួស​បុរស​ម្នាក់​នោះ​ឬ​​​​ម៉ាក់​ប៉ា​ បង​ប្អូន មិត្តភ័ក្ដិ​ស្និទ្ធស្នាល​​​ដែល​តែងតែ​បារម្ភ​​ពី​អ្នក​។ ចំណាយ​ពេល​នៅ​ក្បែរ ព្រម​ទាំង​​នឹក​​ពួកគេ​ឲ្យ​ច្រើន ដើម្បី​បន្លប់​​ការ​​នឹក​ឥត​ប្រយោជន៍​ដល់​មនុស្ស​ដែល​គ្រាន់​តែ​ជា​អតីត​​​។​
៤. ចងចាំ​​ចំណុច​អាក្រក់​​របស់​គេ​
អ្នក​អាច​គិត​ដល់​គុណវិបត្តិ ឬ​អត្តចរិត​អាក្រក់ៗ​របស់​បុរស​ម្នាក់​នោះ​​ដែល​តែងតែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត ឈឺចាប់ និង​មិន​​អាច​ទទួល​យក​បាន​។ ត្រូវ​រំឭក​ខ្លួន​ឯង​ថា​អ្នក​ជា​នារី​សំណាង​ដែល​មិន​ចាំបាច់​ទ្រាំ​ជាមួយ​​​មនុស្ស​អាក្រក់​​នោះ​ត​ទៅ​ទៀត​។ អរគុណ​ខ្លួន​ឯង​ដែល​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ ៕​

បើ​បុរសបើក​ចំហ​រឿង​ ៥​យ៉ាង​នេះ​​ដល់​អ្នក គឺគាត់​ច្បាស់លាស់ និងទុក​ចិត្ត​អ្នក​​ខ្លាំង​បំផុត​

ភាព​ស្មោះត្រង់ ​គឺ​ជា​អ្វី​ដែល​គូ​ស្នេហ៍​​គ្រប់​រូប​តែង​ត្រូវ​ការ​ពី​គ្នា​។ ប៉ុន្តែ​ពេល​ខ្លះ ដោយសារ​តែ​ការ​ស្គាល់​​​គ្នា​មិន​ទាន់​ច្បាស់ គាត់​​ក៏​​​មិន​ព្រម​បង្ហាញ​រឿង​ផ្ទៃ​ក្នុង​​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ប្រាប់​អ្នក ព្រោះ​​តែ​គាត់​គិត​ថា​ស្នេហា​​រវាង​អ្នក​ទាំង​ពីរ​​មិន​​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​សម្រាប់​គាត់​​។ ដើម្បី​ជា​តម្រុយ​ខ្លះៗ​​​សម្រាប់​អ្នក​ ខាង​ក្រោម​នេះ​ជា​រឿង​៥​យ៉ាង​ដែល​មនុស្ស​ប្រុស​ភាគ​ច្រើន​បើក​ចំហ ពេល​គាត់​ទុក​ចិត្ត និង​ប្រាកដ​ប្រជា​ជាមួយ​​មនុស្ស​ស្រី​ក្បែរ​ខ្លួន​ខ្លាំង​បំផុត​៖​
១. គាត់​ប្រាប់​អ្នក​ថា​ គាត់​ពិត​ជា​​ប្ដូរផ្ដាច់​​​ជាមួយ​អ្នក​ខ្លាំង​ណាស់​
ការ​និយាយ​ពាក្យ​បែប​នេះ ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ដឹង​ពី​ចំនុច​ខ្សោយ​ បាន​ចិត្ត និង​អាច​យក​ប្រៀប​លើ​​គាត់​នៅ​ពេល​ក្រោយ​។ ប៉ុន្តែ​មនុស្ស​ប្រុស​ដែល​​ស្រឡាញ់​​​អ្នក​ខ្លាំង គាត់​មិន​ខ្លាច​នឹង​​បង្ហាញ​ពី​ឆន្ទៈ ឬ​ការ​ប្ដេជ្ញា​ចិត្ត​​ដ៏​មុតមាំ​របស់​​គាត់​​ឡើយ​ ព្រោះ​គាត់​ដឹង​​ច្បាស់​ថា​អ្នក​ជា​ប្រភេទ​​មនុស្ស​ស្រី​​បែប​ណា​​។​
២. គាត់​ប្រាប់​អ្នក​ថា គាត់​ចង់​ណែនាំ​អ្នក​ឲ្យ​​​ក្រុម​គ្រួសារ​គាត់​ស្គាល់​
មនុស្ស​ប្រុស​ប្រហែល​ជា​​មិន​យក​គ្រួសារ​ផ្ទាល់​ខ្លួន ជា​នុយ​​ដើម្បី​ទាក់​ចិត្ត​ព្រោះ​តែ​ចង់​លេង​សើច​ជាមួយ​រឿង​ស្រី​ញី​ឡើយ​។ ដូច្នេះ​ប្រសិន​គាត់​ចង់​ឲ្យ​គ្រួសារ​គាត់​ទទួល​ស្គាល់​អ្នក ច្បាស់​ណាស់​ថា​​គាត់​ចាត់​ទុក​អ្នក​ជា​គូ​អនាគត​របស់​គាត់​រួច​បាត់​ទៅ​ហើយ​។​
៣. គាត់​​ប្រាប់​​អ្នក​អំពី​ភាព​ភ័យ​ខ្លាច​របស់​គាត់​​
ដូច​អ្នក​ធ្លាប់​ដឹង​ស្រាប់ មនុស្ស​ប្រុស​មិន​ងាយ​បង្ហាញ​​ចំនុច​ខ្សោយ ឬ​ភាព​ទន់ជ្រាយ​ប្រាប់​មនុស្ស​ស្រី​ទេ​។ ​ប្រសិន​គាត់​បង្ហាញ​វា​ប្រាប់​អ្នក ដោយ​មិន​ខ្លាច​ថា​អ្នក​អាច​​រិះគន់​ឬ​មើល​ស្រាល​គាត់ នោះ​មាន​​ន័យ​ថា​គាត់​​​ស្រឡាញ់​អ្នក​ខ្លាំង រហូត​គិត​ថា​អ្នក​គឺ​ជា​​គាត់ ដូច្នេះ​គ្មាន​រឿង​អ្វី​​​ដែល​គាត់​ត្រូវ​ខ្មាស​​ឡើយ​​។​
៤. គាត់​ប្រាប់​អ្នក​​​អំពី​​ក្ដី​ស្រមៃ​នៅ​ថ្ងៃ​​អនាគត​​របស់​គាត់​
មនុស្ស​ណា​ក៏​ដោយ ក៏​មិន​ងាយ​ចែក​​រំលែក​ក្ដី​ស្រមៃ​ផ្ទាល់​ខ្លួន​​ទៅ​​​អ្នក​ផ្សេង​ដែល​ខ្លួន​មិន​ទុក​ចិត្ត​​ឬ​​​ប្រាកដប្រជា​ជាមួយ​​ឡើយ​។ ដូច្នេះ​ប្រសិន​គាត់​ចែក​រំលែក​​ព័ត៌មាន​សំខាន់​បែប​នេះ​​ជាមួយ​អ្នក នោះ​ក៏​ព្រោះ​​តែ​ការ​ទុក​ចិត្ត​ដ៏​ខ្លាំង​លើសលប់​របស់​គាត់​ចំពោះ​អ្នក​​​។​
៥. គាត់​ប្រាប់​អ្នក​នូវ​រឿង​ដែល​អ្នក​មិន​​ចង់​ឮ​


ចុង​ក្រោយ​បង្អស់ ពេល​គាត់​ប្រាប់​​អ្នក​នូវ​រឿង​​ពិត​មួយ​ចំនួន​ដែល​អ្នក​មិន​​​ចង់​​ឮ ឬ​ស្ដាប់ មាន​ន័យ​​ថា​គាត់​​លែង​ចង់​និយាយ​កុហក​​ ដើម្បី​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ដូច​មុន​ហើយ​។ គាត់​ចង់​ឲ្យ​អ្នក​រៀន​ទទួល​ស្គាល់​ការ​ពិត និង​លែង​​រំពឹង​​រស់នៅ​ក្នុង​ពិភព​បោកប្រាស់​នោះ​ត​ទៅ​ទៀត​។៕

គ្រួសារ​ដែល​មាន​​សុភមង្គល​ច្រើន​បំផុត ចាំបាច់​ត្រូវ​មាន​ចំណុច​តូច​ៗ​ទាំង​នេះ

១. ក្ដី​ស្រឡាញ់​គឺ​ជា​អ្វី​ដែល​​សំខាន់​បំផុត
២. ពាក្យ​សម្ដី​​ធ្ងន់ៗ ​ធ្វើ​បាប​ផ្លូវ​ចិត្ត​គ្នា​ខ្លាំង​ណាស់ បើ​សិន​ជា​អាច​សូម​កុំ​និយាយ
៣. ត្រូវ​ចេះ​ឲ្យ​តម្លៃ​គ្នា ចេះ​សរសើរ លើក​ស្ទួយ និង​ផ្ដល់​កិត្តិយស​ឲ្យ​គ្នា
៤. មើល​រំលង​រឿង​​ខុស​ត្រូវ ហើយ​ងាក​មក​អភ័យ​ទោស​ឲ្យ​គ្នា
៥. ពេល​ខ្លះ​​អាច​មាន​ការ​គិត​ខុស​គ្នា ប៉ុន្តែ​​ចូរ​គោរព​ការ​សម្រេច​ចិត្ត និង​ហុច​ដៃ​ជួយ​គ្នា
៦. មាន​ការ​ស្មើ​ភាព មាន​សិទ្ធិ​រៀង​ខ្លួន តែ​ក៏​ត្រូវ​មាន​អ្នក​ដឹកនាំ ឬ​មេគ្រួសារ
៧. កុំ​និយាយ​ការ​ពិត​ដែល​ចាក់​ដោត និយាយ​ត្រង់​បាន​តែ​ត្រូវ​យល់​អារម្មណ៍​គ្នា​បន្តិច
៨. មាន​ពេល​វេលា​​សាច់​ការ​បែប​សប្បាយ​ៗ និង​ពេល​វេលា​សប្បាយ​ៗ​បែប​សាច់​ការ
៩. មិន​ចាំបាច់​​ដល់​ថ្នាក់​​ស្មោះ​ត្រង់​គ្រប់​រឿង ប៉ុន្តែ​កុំ​ឲ្យ​ដល់​​ថ្នាក់​កុហក​ជា​ទម្លាប់
១០. មិន​គួរ​មាន​ទូរទស្សន៍​ក្នុង​បន្ទប់​គេង តែ​គួរ​មាន​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ
១១. ទុក​ចន្លោះ​​ឲ្យ​គ្រប់​គ្នា​មាន​ភាព​​ឯកជន
១២. ដាំ​ដើម​ឈើ​នៅ​ផ្ទះ​ខ្លះ​ក៏​ជា​ការ​ល្អ
១៣. មាន​សត្វ​ចិញ្ចឹម​បាន ប៉ុន្តែ​ត្រូវ​ស្រឡាញ់​វា​ឲ្យ​ដូច​សមាជិក​ក្នុង​គ្រួសារ ហាម​ចង​ ឬ​ឃាំង​ទុក
១៤. ធ្វើ​ម្ហូប​ញ៉ាំ​ខ្លួន​ឯង​ខ្លះ ទោះ​រវល់​ការងារ​ខ្លាំង​ក៏​ដោយ ដើម្បី​សុវត្ថិភាព សេដ្ឋកិច្ច និង​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ
១៥. រក​ពេល​វេលា​ទៅ​ដើរ​លេង​ជាមួយ​គ្នា​ខ្លះ ទោះ​ខ្ជិល​ធ្វើ​ដំណើរ​យ៉ាង​ម៉េច​ក៏​ដោយ
១៦. ផ្ទះ​ក្លាយ​ជា​រញ៉េរញ៉ៃ​ព្រោះ​ប្រមូល​របស់​ទុក​ច្រើន ​ដូច្នេះ​អ្វី​ដែល​មិន​សូវ​ប្រើ អាច​ចែក​រំលែក​ឲ្យ​អ្នក​ជិត​ខាង​បាន
១៧. ​បបួល​គ្នា​ស្ដាប់​ភ្លេង ឬ​ទស្សនា​សិល្បៈ​ផ្សេង​ៗ​ជាមួយ​គ្នា
១៨. កាត់​បន្ថយ​កិលេស​របស់​សមាជិក​ក្នុង​ផ្ទះ ដោយ​ការ​បណ្ដុះ​គំនិត​ឲ្យ​មាន​ការ​មេត្តា
១៩. ល្អ​បំផុត មិន​មែន​ល្អ​ឥត​ខ្ចោះ ពោល​គឺ​មាន​លើស​ខ្លះ មាន​ខ្វះ​ខ្លះ មាន​គ្រប់​ខ្លះ ទើប​ល្អ​បំផុត
២០. និយាយ​ថា​ស្រឡាញ់​យូរ​ៗ​ម្ដង​ក៏​បាន តែ​ត្រូវ​បញ្ចេញ​សកម្មភាព​បញ្ជាក់​ក្ដី​ស្រឡាញ់​ឲ្យ​បាន​គ្រប់​ពេល
២១. ពេល​ណា​ហត់​នឿយ កុំ​និយាយ​គ្នា​ច្រើន​ពេក ចាំ​ឲ្យ​ម្នាក់​​ៗ​បាត់​ហត់​សិន​សឹម​ជជែក​គ្នា​ត
២២. កុំ​ឲ្យ​មាន​សំរាម​ច្រើន រៀប​ចំ​បន្ទប់​ឲ្យ​ស្អាត នោះ​អាច​ជួយ​សម្រួល​ការងារ​​ផ្ទះ​បាន​ច្រើន​ហើយ
២៣. ប្រើ​ទឹក​ ប្រើ​ភ្លើង កុំ​ឲ្យ​លើស​ពី​អ្វី​ដែល​ចាំបាច់
២៤. បើ​ទោះ​បី​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ ប៉ុន្តែ​គួរ​សួរ​គ្នា​ខ្លះ​ផង​ថា ថ្ងៃ​នេះ​យ៉ាង​ម៉េច​ដែរ? មាន​ក្ដី​សុខ​ទេ​រាល់​ថ្ងៃ?
២៥. ពេល​ខ្លះ​ទោះ​ជួយ​អ្វី​គ្នា​​មិន​បាន តែ​យ៉ាង​ហោច​ត្រូវ​នៅ​ក្បែរ​គ្នា​ជានិច្ច
២៦. ចង់​ដឹង​ពី​ទឹក​ចិត្ត គួរ​សង្កេត​មើល​តាម​ការ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​​ពេល​ខ្លះ​គេ​មិន​បាន​និយាយ​គ្រប់​យ៉ាង​ទេ
២៧. ចិត្ត​ល្អ​ដាក់​គ្នា​គ្រប់​កាលៈទេសៈ ៕

បុរស​មាន​ចរិត​ចាស់​ទុំ និង​ឆ្លាតវៃ​​ជ្រើសរើស​ប្រពន្ធ មើលលើ ៧ ចំណុច​នេះ!

មនុស្ស​ប្រុស​មួយ​ចំនួន​ជ្រើសរើស​ប្រពន្ធ​ដោយសារ​រូប​សម្រស់ តែ​សម្រាប់​អ្នក​ចាស់​ចិត្ត​ចាស់​គំនិត​គេ​មើល​លើ ៧ ចំណុច​ខាងក្រោម​នេះ​ទៅ​វិញ៖
១.នៅ​ពេល​ដែល​នារី​ម្នាក់​នោះ​មាន​ឯករាជ្យ៖ មនុស្ស​ស្រី​ដែល​មាន​ចរិត​ឯករាជ្យ​ច្រើន​តែ​ចេះ​គិតគូរ​វែងឆ្ងាយ​ទើបសក្ដិសម​ជា​ម្ដាយ និង​ជា​ប្រពន្ធ​ដ៏​ល្អ​ម្នាក់។
២.មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ៖ បុរស​សំគាល់​លើ​នារី​ណា​ដែល​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ព្រោះ​នាង​ចេះ​អត់ឱន និង​យោគយល់​ពី​ខ្លួន​បាន​ច្រើន។
៣.មាន​មហិច្ឆតា៖ ជឿ​ចុះ​មនុស្ស​ស្រី​មាន​មហិច្ឆតា​ចង់​ធ្វើ​អ្វី​ដែល​ស្រី​ដទៃ​គ្មាន បុរស​ណា​បាន​ពិត​ជា​សំណាង ព្រោះ​នាង​មិនមែន​ដេក​ចាំ​តែ​ប្ដី​ផ្គត់ផ្គង់​ឡើយ។
៤.ចេះ​បែងចែក​ល្អ​អាក្រក់៖ ស្ត្រី​ប្រភេទ​នេះ​ហើយ​ដែល​បុរស​ៗ​ស្រលាញ់ និង​ប៉ង​ជា​គូ​អនាគត ព្រោះ​នាង​មិន​ត្រចៀក​ស្រាល​ស្ដាប់​គេ​និយាយ ហើយ​មក​រក​រឿង​អ្នក​ក្នុង​គ្រួសារ​ខ្លួន។
៥.មាន​ទំនុក​ចិត្ត៖ បុរស​ណា​ក៏​ស្រលាញ់ និង​ចង់​បាន​មនុស្ស​ស្រី​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ដោយ​មិន​ចេះ​ចុះញ៉ម​នឹង​អ្នក​ដទៃ ព្រោះ​អ្នក​ក្លាយ​ជា​បង្គោល​រឹងមាំ​ម្នាក់​ទៀត​ក្នុង​គ្រួសារ។
៦.មាន​ពេល​សម្រាប់​អ្នក​រាល់គ្នា៖ នារី​ដែល​មាន​ពេល​ឲ្យ​ គ្រួសារ សាច់ញាតិ ឬ​មិត្តភ័ក្ដិ និង​ខ្លួនឯង រមែង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​បុរស​ៗ ព្រោះ​នាង​អាច​ផ្ដល់​សុភមង្គល​ជូន​ដល់​អ្នក​ជិត​ខ្លួន​ឯង​បាន។
៧.គាំទ្រ​អ្នក ជុំវិញ​ខ្លួន៖ បុរស​ត្រូវ​ការ​មនុស្ស​ស្រី​បែបនេះ ព្រោះ​នាង​ជា​កម្លាំងចិត្ត និង​ចេះ​ជួយ​ជ្រោមជ្រែង​អ្នក​ដទៃ៕

មូលហេតុ​ធំ​ៗ ៨ ដែល​ធ្វើឲ្យ​អ្នក​គ្មាន​ស្នេហា ទោះ​ចិត្ត​ចង់​បាន​ក៏​ដោយ

អ្នក​ត្រូវ​ចាំ​ថា ស្នេហា​មិនមែន​គ្រាន់តែ​ហា​មាត់​អាច​រត់​មក​រក​អ្នក​ភ្លាម​ឡើយ។ បើ​មាន​ចំណុច​ទាំង ៨ នេះ ទោះ​ចិត្ត​ចង់​បាន ក៏​មិន​អាច​បាន​ដូច​ចិត្ត​ដែរ៖
១.គិត​ថា​គ្មាន​អ្នក​សម​ជាមួយ៖ នោះ​ក៏​ព្រោះ​តែ​អ្នក​ស្រលាញ់​ងប់ងុល ឬ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ពេក ដោយ​គិត​ថា​អ្នក​ដទៃ​មិន​អាច​ស្មើ​ខ្លួន​បាន​ឡើយ។
២.ជា​មនុស្ស​គ្មាន​មនោសញ្ចេតនា៖ បើ​អ្នក​ជា​មនុស្ស​ឈាម​ត្រជាក់ និង​ចិត្ត​ដាច់​គ្មាន​មេត្តា នោះ​ប្រាកដ​ណាស់​ថា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ស្រលាញ់​អ្នក​ឡើយ។
៣.ចូល​ចិត្ត​បង្ហោះ​រឿង​ចម្លែក​ៗ​លើ​បណ្ដាញ​សង្គម៖ ទោះ​អ្នក​ឯង​ស្រស់​ស្អាត​ប៉ុណ្ណា បើ​ចូលចិត្ត​បង្ហោះ​រឿង​គ្មាន​ប្រយោជន៍ ស៊ី​អារម្មណ៍ ត្អូញត្អែរ ជេរ​បញ្ចោរ និង​រូបភាព​បែប​អាសអាភាស...។
៤.បដិសេធ​រហូត៖ ទម្លាប់​បដិសេធ​គ្រប់​មនុស្ស​មិន​ថា​ល្អ ឬ​អាក្រក់ ក៏​ធ្វើឲ្យ​អ្នក​មិន​មាន​ស្នេហា​ដូច​គេ​បាន​ដែរ។ ព្រោះ​គេ​មិន​ចង់​បាក់​មុខ ដោយសារ​តែ​ធ្លាប់​ដឹង​ឮ​ពី​ចំណុច​នេះ​របស់​អ្នក​រួម​មក​ហើយ។
៥.គិត​ពី​សេរី​ភាព​ពេក៖ មនុស្ស​ជាច្រើន​តែង​និយាយ​ថា ក្រោយ​រៀបការ​ជីវិត​លែង​សូវ​មាន​សេរីភាព​ដូច​ពេល​មុន​ទៀត​ហើយ។ ដូចនេះ​ហើយ​ពេល​អ្នក​ឮ​គេ​និយាយ​បែបនេះ ក៏​មិន​ហ៊ាន​ប្រថុយ​តែម្ដង។
៦.គិត​ពី​គ្រួសារ​ពេក៖ អ្នក​ខ្លះ​ព្រោះតែ​ស្រលាញ់​គ្រួសារ​ខិតខំ​ធ្វើ​សព្វ​បែប​គ្រប់​យ៉ាង ដើម្បី​មិន​ឲ្យ​អ្នក​ផ្ទះ​​ខ្វះខាត រហូត​ភ្លេច​គិត​ពី​អនាគត​ខ្លួនឯង។
៧.មាន​គំនិត​សួនតួ៖ គ្មាន​នរណា​គេ​ចង់​បាន​មនុស្ស​មាន​គំនិត​សួនតួ មក​ធ្វើ​ជា​ដៃគូ​ឡើយ ព្រោះ​មនុស្ស​បែបនេះ គ្មាន​ទុក​អ្នក​ដទៃ​ក្នុង​ភ្នែក​គេ​ឡើយ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ខ្លួនឯង​បាន​សុខ។
៨.ចង់​គ្រប់គ្រង​អ្នក​ដទៃ៖ គំនិត​បែបនេះ ធ្វើឲ្យ​អ្នក​គ្មាន​សេចក្ដី​ស្នេហា​នឹង​គេ​ឡើយ ព្រោះ​គ្មាន​នរណា​ចង់​នៅ​ក្រោម​បង្គាប់បញ្ជា​គេ​ទេ៕

តើរបបអាហារប្រភេទណាដែលស័ក្តិសមនឹងអាយុរបស់អ្នក?

តើ​អ្នក​មាន​ដែល​ចាប់​អារម្មណ៍​ចំពោះ​របប​អា​ហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែរ​ឬ​ទេ?​ ជា​ការ​ពិត របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ទ្រ​ទ្រង់​សុខ​ភាព។ ហេតុ​ដូច​នេះ នៅ​ក្នុង​អត្ថបទ​នេះ អ្នក​នឹង​បាន​ដឹង​ពី​របប​អាហារ​ដែល​គួរ​ទទួល​ទាន​ឲ្យ​ត្រូវ​ទៅ​តាម​វ័យ​របស់​អ្នក។ របប​អាហារ​ដែល​អ្នក​គួរ​តែ​បរិភោគ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​គឺ៖


១​. វ័យ​ជំទង់
ស្ថិត​នៅ​ក្នុង​វ័យ​នេះ រាងកាយ​របស់​អ្នក​កំពុង​តែ​លូត​លាស់​និង​អភិវឌ្ឍ​ជា​ហេតុ​ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ប្រ​តេ​អីុន​ឲ្យ​បាន​គ្រប់​គ្រាន់។ ហេតុ​ដូច​នេះ អ្នក​មិន​គួរ​រំលង​អាហារ​ពេល​ព្រឹក​ឡើយ ពិ​សេស​ចំណី​ដែល​អ្នក​ចូល​ចិត្ត​ខ្លាំង តែ​គួរ​តែ​គិត​ពី​បរិមាណ​ឲ្យ​បាន​សម​រម្យ។ លើស​ពី​នេះ ត្រូវ​បន្ថែម​កាល់​ស្យូ​ម ជាតិ​ដែក ប្រូ​តេ​អុី​ន​ចូល​ទៅ​ក្នុង​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​របស់​អ្នក​ឲ្យ​បាន​ច្រើន។
២. វ័យ​២០ជាង
ស្ថិត​នៅ​ក្នុង​វ័យ​នេះវិញ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ពី​របប​អា​ហាររ​ប​ស់​អ្នកឲ្យ​បាន​ល្អ​បន្តិច។ ប្តូរ​ពី​ដំឡូង​បំពង​ទៅ​ជាពោត​លីង ឬ​ក៏​ដំ​ឡូង​ជ្វា​ដុត ប្តូរ​ពី​សូ​កូ​ឡា​ទឹក​ដោះ​គោ​ទៅ​ជា​សូកូឡា​ខ្មៅ​វិញ ទឹកដោះ​គោ​ជំ​នួ​ស​ឲ្យ​កា​រ៉េម និង​មាន់​ដែល​ចម្អិន​ដោយ​ការ​ដុត។ លើស​ពី​នេះ អ្នក​គួរ​បន្ថែម​អា​ហារ​ណា​ដែល​សំបូរ​ទៅ​ដោយ​អូ​មេ​ហ្គា ៣ និង អាស៊ីត​ហ្វូ​លិក​ដូចជា បន្លែ​បៃ​តង នំ​ប័ុង ប៉ា​ស្តា ត្រី​សា​ម៉ុន​និង​គ្រាប់ chia។
៣. វ័យ​៣០ជាង
ដើម្បី​ជួយ​រក្សា​រាង​កាយ​និង​ឆ្អឹង​លូត​លាស់​បាន​ល្អ​ក្នុង​វ័យ​នេះ អ្នក​គប្បី​ទទួល​ទាន​អាហារ​ណា​ដែល​សំបូរ​ទៅ​ដោយ​ប្រូ​តេ​អុីន​ដូច​ជា ស៊ុត គ្រាប់​ធញ្ញជាតិ ផលិត​ផល​ស​ណ្តែ​ក ទ្រូង​មាន់ និង ពពួក quinoa ។ រីឯ​ទឹកដោះ​គោ​និង​យ៉ា​អួរ​ក៏​សំខាន់​សម្រាប់​ឆ្អឹង​របស់​អ្នក​ដែរ តែ​ប្រសិន​បើ​អ្នក​ចង់​ទទួល​ទាន​ផលិត​ផល​ប៉ូវ​កាន់​តែ​ល្អ​ដែល​ផ្ទុក​កាល់​ស្យូម​និង​ប្រូ​តេ​អុីន។
៤. វ័យ​៤០​ជាង
ដើម្បី​ជួយ​សម្រួល​ដល់​កម្រិត​សម្ពាធ​ឈាម​និង​ការ​រំលាយ​អាហារ​បាន​ល្អ វ័យ​នេះ​គួរ​តែ​ទទួល​ទាន​អាហារ​ជាតិ​សរ​សៃ​ឲ្យ​បាន​ច្រើន។ អ្នក​គប្បី​ជៀស​វាង​អាហារ​ដែល​ធ្វើ​ទុក​យូរ គួរ​តែ​ទទួល​ទាន​អាហារ​ណា​ដែល​ផ្តល់​គុណ​ប្រយោជន៍​ដូច​ជា ពពួក​គ្រាប់​ធញ្ញ​ជាតិ ផ្កា​ខាត់​ណា ដំឡូង​បារាំង បន្លែ​ផ្លែ​ឈើ។ ត្រូវ​ចង​ចាំ​ថា រាល់​អាហារ​ត្រូវ​តែ​ផ្ទុក​ប្រូ​តេ​អុីន។

៥. វ័យ​៥០​ជាង
ស្ថិត​នៅ​ក្នុង​វ័យ​នេះ​ជា​វ័យ​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​មាន​ការ​ធ្លាក់​ចុះ។ ដូច្នេះ អ្នក​គប្បី​ទទួល​ទាន​អាហារ​ណា​ដែល​ងាយ​នឹង​រំលាយ។ អ្នក​គួរតែ​ប្តូរ​ពី​ទឹក​ដោះ​គោ​មក​ជា​ទឹក​ដោះ​គោ​បែប​ផ្លែ​អាល់​ម៉ុន និង​ពពួក cereal គ្មាន​ជាតិ​ស្ករ​និង​រស​ជាតិ​វិញ។ មួយ​វិញ​ទៀត ប្រ​សិន​បើ​ចង់​កាត់​ប​ន្ថយ​ភាព​ចាស់ អ្នក​គប្បីទ​ទួល​ទាន​ផ្លែ​ប៊ឺរ ផ្កា​ខាត់​ណា ប្លូ​ប៊ឺ​រី ស​ណ្តែក​ដី និង​ស្ពៃ​ចង្កឹះ។
៦. វ័យ​៦០ឡើង
ស្ថិត​នៅ​ក្នុង​វ័យ​នេះ អ្នក​កុំ​ភ្លេច​បន្ថែម​បន្លែ​ជា ៥ ចំ​ណែក និង ផ្លែ​ឈើ​ជា ២ ចំ​ណែក នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក។ បរិភោគ​អាហារ​ណា​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ដែក​ដូច​ជា ស្ពៃ​ចង្កឹះ សណ្តែក ទឹក​សណ្តែក និង បន្លែ​ស្លឹក​សុទ្ធ​តែ​ជួយ​រក្សា​រាង​បាន​ល្អ។ អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើ​អំបិល​ច្រើន​នៅ​ក្នុង​អាហារ តែ​គួរ​តែ​បរិភោគ​ទឹក ជៀស​វាង​អាហារ​ដែល​ធ្វើ​ទុក​យូរ និង​អាហារ​ដែល​មាន​ជាតិ​ផ្អែម​តាម​ដែល​អាច​ធ្វើ​បាន។

នៅពេលលេចចេញសញ្ញាហត់នឿយទាំងផ្លូវចិត្តនិងកាយ ៧ យ៉ាងនេះ គួរប្រុងប្រយ័ត្ននិងចេះកែខៃឲ្យទាន់ពេលវេលា



រស់​នៅ​ក្នុង​ជីវិត​មួយ ដែល​តែង​តែ​ធ្វើឲ្យ​អ្នក​​មាន​អារម្មណ៍​ថា​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ ម្តង​ឡើង​ម្តង​ចុះ ហាក់​បី​ដូច​ជា​គួរ​ឲ្យ​ធុញ​ខ្លាំង​ណាស់​។ ចង់​សប្បាយ​ដូច​គេ​ដែរ ប៉ុន្តែ​បែរ​ជា​សើច​មិន​សម​ ព្រោះ​បញ្ហា​វា​ច្រើន​លើស​លប់​ពេក​ រហូត​ប៉ះពាល់​ដល់​រាង​កាយ​និង​ចិត្ត​គំនិត រក​តែ​ស្រស់​ស្រាយ​មិន​កើត។
​អ្នក​អាច​នឹង​ពិបាក​ក្នុង​ការ​បែង​ចែក​រវាង ភាព​ហត់​នឿយ​ទាំង​ពីរ​ប្រភេទ​នេះ​។ យ៉ាង​ណា​វា​ជា​រឿង​ទូ​ទៅ​នៃ​ជីវិត​ទៅ​ហើយ។ ទោះ​មាន​ដុំ​ថ្ម​ធ្លាក់​មក​សង្កត់​​ ក៏​កុំ​ទាន់​អាល​ឆាប់​ចុះ​ចាញ់​អី។
ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា​ ខ្លួន​ឯង​ឆ្លង​កាត់​​នូវ​សញ្ញា​ ៨ យ៉ាង​នេះ គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ និង​រក​វិធី​កែខៃ​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ការពារ​មិន​ឲ្យ​កាន់​តែ​ធ្លាក់​ក្នុង​ស្ថានភាព​ដុន​ដាប​ជាង​នេះ។
សញ្ញា​ទី ១៖ អ្នក​ឆាប់​ខឹង ធុញថប់ និង​អន់ចិត្ត
​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​តែង​ដក់​ជាប់​ជាមួយ​នឹង​អារម្មណ៍​អស់​សង្ឃឹម ជា​ហេតុ​បណ្តាល​ឲ្យ អ្នក​ឆាប់​ខឹង ធុញ​ថប់ និង​​បាន​បង្អាក់​សមត្ថភាព​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​។ អ្នក​គិត​ចង់​ធ្វើ​អ្វី​ឲ្យ​ជោគជ័យ​ល្អ​ប្រសើរ​ដែរ ប៉ុន្តែ​អ្នក​គ្មាន​​កម្លាំង​ចិត្ត​នឹង​ប្រលូក​ជាមួយ​សង្គម​ខាង​ក្រៅ​។
ដំណោះ​ស្រាយ៖ ដឹង​ថា​វា​មិន​មែន​ងាយ​ស្រួល​ដូច​ជា​ពាក្យ​និយាយ ប៉ុន្តែ​ដាច់​ខាត​កុំ​ផ្តាច់​ខ្លួន​​ចេញ​ពី​អ្នក​ដទៃ ហើយ​ចង់​សំងំ​នៅ​តែ​ម្នាក់​ឯង មិន​ចង់​ធ្វើ​អ្វី​ទាល់​តែ​សោះ​។ ជំនួស​ឲ្យ​ការ​ខ្ជះខ្ជាយ​ពេល​វេលា គួរ​ងាក​មក​ពង្រឹង​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​ឡើង​វិញ និង​ជ្រើស​រើស​វិធី​ណា​មួយ ដែល​អាច​ត្រាយ​ផ្លូវ​ទៅ​កាន់​ភាព​ល្អ​ប្រសើរ​។
សញ្ញា​ទី ២៖ កម្លាំង​ចិត្ត​របស់​អ្នក​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់
អ្នក​មាន​អារម្មណ៍​ថា មិន​អាច​ធ្វើ​កិច្ចការ​អ្វី​មួយ ឲ្យ​ចប់​សព្វ​គ្រប់​ល្អ និង​ពិបាក​ក្នុង​ការ​ស្វែង​រក​កម្លាំង​ចិត្ត​សម្រាប់​ខ្លួន​ឯង។ សូម្បី​តែ​​កម្លាំង​កាយ​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​ ក៏​មិន​គ្រប់​គ្រាន់​ទៅ​ទៀត។
​ដំណោះ​ស្រាយ៖ ក្នុង​ករណី​នេះ អ្នក​ត្រូវ​ការ​សម្រាក​បន្តិច​សិន​ហើយ។ កុំ​បង្ខំ​ខ្លួន​ឯង​ហួស​កម្រិត​​ពេក​អី។ តាម​ពិត​កម្លាំង​ចិត្ត​មាន​គ្រប់​ទី​កន្លែង​ គ្រាន់​តែ​អ្នក​មិន​ទាន់​មាន​​ឱកាស​បាន​​មើល​ឃើញ​ ព្រោះ​ទុក្ខ​ព្រួយ​បាន​​ជិត​អស់​ទៅ​ហើយ។ ហេតុ​ត្រូវ​រៀន​រស់​ដោយ​ក្តី​សប្បាយ​រីករាយ ទើប​រឿង​ល្អៗ​ហ៊ាន​ចូល​មក​ជិត​។

សញ្ញា​ទី ៣៖ អ្នក​មាន​ភាព​ភ័យ​ខ្លាច​ច្រើន​ជាង​មុន
ដោយ​សារ​តែ​គ្មាន​​កម្លាំង​កំហែង​ក្នុង​ខ្លួន​ទាល់​តែ​សោះ ទើប​អ្នក​មាន​អារម្មណ៍កាន់​តែ​ស្រេ្តស​ តាន​តឹង​ទៅ​ៗ ហើយ​ភាព​ភ័យ​ខ្លាច ឆាប់​រន្ធត់​ ក៏​បាន​វាយ​ប្រហារ​អ្នក​ស្ទើរ​តែ​រាល់​ថ្ងៃ​។
ដំណោះ​ស្រាយ៖ កុំ​ខ្លាច កុំ​ធ្វើ​ដូច​ជា​មនុស្ស​ទន់​ខ្សោយ។ ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​លំនឹង ចំណាយ​ពេល​គិត​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ពិត​ប្រាកដ​ នៅ​ក្នុង​ជីវិត ប៉ុន្តែ​មិន​មែន​រវើរវាយ​ឥត​ព្រំដែន​នោះ​ឡើយ​។

សញ្ញា​ទី ៤៖ អ្នក​ពិបាក​គេង
សំងំ​យ៉ាង​ណា​ក៏​គេង​​មិន​លក់ ដូច​ជា​មាន​អ្វី​នៅ​ក្នុង​ខួរ​ក្បាល​​មក​ចាក់​ដោត ឲ្យ​គិត​វិល​វល់​។ ជួន​កាល​ទោះ​គេង​លក់​មួយ​ស្រឡេត ក៏​អាច​ភ្ញាក់​ឡើង​វិញ​​សឹង​តែ​រាល់​យប់។
ដំណោះ​ស្រាយ៖ អាច​អនុវត្ត​វិធី​ដែល​ជួយ​ឲ្យ​អ្នក​គេង​លក់​តាម​រយៈ​លីង​មួយ​នេះ តិចនិកខ្លីៗ ជួយឱ្យអ្នកឆាប់គេងលក់ស្កប់ស្កល់
សញ្ញា​ទី ៥៖ អ្នក​ពិបាក​​​ចិត្ត​​លើ​រឿង​ឥត​ប្រយោជន៍
ព្រោះ​តែ​ភាព​ឆេវឆាវ​បាន​កើន​ឡើង ទើប​អ្នក​មាន​អារម្មណ៍​កាន់​តែ​តាន​តឹង​ជាង​ពី​មុន​។ សូម្បី​តែ​រឿង​ឥត​ប្រយោជន៍​មួយ​ចំនួន ក៏​អ្នក​លះ​បង់​ទឹក​ភ្នែក ឬ​កម្លាំង​កាយ​ចិត្ត ទៅ​គិត​ឈឺក្បាល​ជាមួយ​ដែរ។
ដំណោះ​ស្រាយ៖ មិន​ត្រូវ​បណ្តោយ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់​ដុន​ដាប​ជាមួយ​អ្វី​ដែល​គ្មាន​តម្លៃ​ដាច់​ខាត។ មិន​ថា​ពិបាក​យ៉ាង​ណា ត្រូវ​បន្ត​គំនិត​វិជ្ជមាន​ជានិច្ច ទើប​មិន​ខាត​បង់​។ ​
សញ្ញា​ទី​ ៦៖ អ្នក​មាន​អារម្មណ៍​វិល​មុខ​និង​ចង់​ក្អួត
វា​ជា​សញ្ញា​គ្រោះ​ថ្នាក់ ដែល​អ្នក​មិន​គួរ​មើល​រំលង។ ជាទូទៅ​ អាការៈ​វិល​មុខ​ក្អួត​ចង្អោរ អាច​កើត​មាន​នៅ​ពេល​ដែល​អ្នក​នឿយ​ហត់​ឬ​មិន​ស្រួល​ខ្លួន​ជា​ដើម​។ ហើយ​វា​ក៏​អាច​កើតឡើង​​​ដែរ ប្រសិន​បើ​អ្នក​ខ្សោយ​ផ្នែក​ផ្លូវ​ចិត្ត។
ដំណោះស្រាយ៖ គួរ​រក​វិធី​ជួយ​សង្គ្រោះ​ខ្លួន​ឯង​ឲ្យ​ទាន់​ពេល​វេលា។ មើល​ថែរក្សា​ ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើនៗ ដោយ​មិន​ចាំ​បាច់​រំពឹង​លើ​អ្នក​ដទៃ​នោះ​ទេ​។​
សញ្ញា​ទី ៧៖ អ្នក​ចង់​យំ​ដោយ​គ្មាន​មូលហេតុ
នៅ​សុខ​ៗ​ស្រាប់​តែ​​រលីង​រលោង មិន​ដឹង​មូលហេតុ​អ្វី​ពិត​ប្រាកដ ចង់​​តែ​បង្ហូរ​ទឹក​ភ្នែក​ ទើប​បាន​ធូរ​ទ្រូង។

ដំណោះស្រាយ៖ យក​កន្សែង​ជូត​ទឹក​ភ្នែក​ចេញ​ឲ្យ​ស្អាត ហើយ​​កុំ​​នៅ​អង្គុយ​​​សញ្ជឹង​គិត​តែ​ម្នាក់​​ឯង​។ គួរ​រក​ដៃគូ​ ឬ​មិត្តភ័ក្តិ​ជជែក​ពិភាក្សា ចេញ​ទៅ​ខាង​ក្រៅ​ស្រូប​យក​ខ្យល់​អាកាស ឬ​ធ្វើ​រឿង​ផ្សេង​ៗ ដើម្បី​បន្លប់​ការពារ​មិន​ឲ្យ​ចូល​តួ​កម្សត់​ដូច​ក្នុង​រឿង​ភាគ​កុន​ត​ទៅ​ទៀត​៕​

CASINO





MOBILE MAGAZINE