កាលពីប៉ុន្មានទសវត្សមុន ទោសប្រហារជីវិតត្រូវបានគេអនុវត្តស្ទើរតែគ្រប់ប្រទេស ក្នុងពិភពលោក ប៉ុន្តែពីរបីទសវត្សចុងក្រោយនេះ មានប្រទេសជាច្រើនបានលុបចោល ហើយមានប្រទេសមួយចំនួនទៀតបានផ្អាក តែក៏នៅមានប្រទេសមួយចំនួនទៀតបន្តអនុវត្តទោសនេះដែរ។
បច្ចុប្បន្ន គេបានបែងចែកប្រទេសលុបចោល និងប្រទេសកំពុងអនុវត្តទោសប្រហារជីវិតជាបួនផ្នែកធំៗគឺ៖
- ប្រទេស ៤១ (២១%) នៅអនុវត្តទោសនេះសម្រាប់ទោសឧក្រិដ្ឋ
- ប្រទេស ៩៥ (៤៩%) បានលុបចោលទាំងស្រុង
- ៨ ប្រទេស (៤%) បានរក្សាទោសនេះសម្រាប់បទឧក្រិដ្ឋមួយចំនួន (មានករណីលើកលែងច្រើន)
- ៤៩ ប្រទេស (២៥%) បានពន្យារពេលអនុវត្តទោស។
យោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បង្ហាញថា កាលពីឆ្នាំ២០១០ គេសង្កេតឃើញមានប្រទេស២៣នៅអនុវត្តទោសប្រហារជីវិតច្រើនជាងគេ មានជាអាទិ បារ៉ែន បង់ក្លាដេស បេឡារូស បុតស្វាន់ណា ចិន អេហ្សីប ហ្គីណេអេក្វាទ័រ អ៊ីរ៉ង់ អ៊ីរ៉ាក់ ជប៉ុន លីប៊ី ម៉ាឡេស៊ី កូរ៉េខាងជើង ប៉ាឡេស្ទីន អារ៉ាប៊ីសាអ៊ូឌីត សិង្ហបុរី សូម៉ាលី ស៊ូដង់ ស៊ីរី តៃវ៉ាន់ អាមេរិក វៀតណាម និងយេមែន។ ប៉ុន្តែសម្រាប់២០១១ គិតត្រឹមខែមីនា គេឃើញមានតែប្រទេស៩ប៉ុណ្ណោះ នៅអនុវត្តទោសប្រហារជីវិតច្រើនជាងគេ មានដូចជា បង់ក្លាដេស ចិន អ៊ីរ៉ង់ កូរ៉េខាងជើង ប៉ាឡេស្ទីន អារ៉ាប៊ីសាអ៊ូឌីត សូម៉ាលី អារ៉ាប់រួម និងអាមេរិក។
របាយការណ៍នេះ ក៏បានវាយតម្លៃប្រទេសដែលប្រើប្រាស់ទោសប្រហារច្រើនជាងគេតាមទ្វីបវិញមាន៖
- អាហ្វ្រិក : លីប៊ី
- អាមេរិក : សហរដ្ឋអាមេរិក (នៅអនុវត្តទោសប្រហារជីវិតច្រើនជាងគេបំផុតក្នុងចំណោមប្រទេសប្រជាធិបតេយ្យធំៗក្នុងពិភពលោក)
- អាស៊ី : ចិន អ៊ីរ៉ង់ កូរ៉េខាងជើង និងយេមែន
- អឺរ៉ុប : បេឡារូស (មានតែប្រទេសមួយនេះគត់នៅអនុវត្តទោសនេះ)។
គិតត្រឹមចុងឆ្នាំ២០១០ នេះ មានករណីប្រហារជីវិតថ្មីចំនួន២០២៤ ត្រូវបានកាត់ទោសនៅក្នុងប្រទេសចំនួន៦៧ ហើយគិតត្រឹមឆ្នាំដដែល បើបូកសរុបទូទាំងពិភពលោកមានចំនួន១៧ ៨៣៣ករណី៕
No comments:
Post a Comment