បើអ្នកធ្វើដំណើរឆ្ពោះ ទៅចុងខាងត្បូងប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណ ២៣០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ លេខ ៤ នោះអ្នកនឹងបានទៅដល់កន្លែងសម្រាកលំហែកាយ និងកម្សាន្តដ៏មានប្រជាប្រិយភាពរបស់កម្ពុជា ដែលមានទេសភាពខៀវ ស្រងាត់ អមដោយកោះតូចធំជាច្រើន នៅជាប់នឹងផ្ទៃសមុទ្រពណ៌ខៀវដ៏ធំល្វឹងល្វើយ គឺខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ត្រូវបានប្ដូរ ពីឈ្មោះដើមក្រុងព្រះសីហនុ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ និងត្រូវបានប្រជាជនទូទៅស្គាល់ថាជាក្រុងកំពង់សោម (ឈ្មោះដើម របស់ក្រុងព្រះសីហនុមុនឆ្នាំ១៩៦៤)។ ខេត្តនេះ ត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤ (នៅជាក្រុង)។ ក្រុងព្រះសីហនុត្រូវបានបង្កើតឡើង ដើម្បីរំលឹក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។
ប្រវត្តិ
នៅឆ្នាំ១៩៥៥ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែល បច្ចុប្បន្ននេះ មានឈ្មោះថា ឆ្នេរហាវៃ ហើយធ្វើការសាងសង់រួចនៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថម្ភពីប្រទេសបារាំង ហើយគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថម្ភពី សហរដ្ឋអាមេរិក។ នៅពេលកំពុងផែបានសាងសង់ រូចហើយ គេបានហៅទីក្រុងនោះថា ក្រុងព្រះសីហនុ សម្រាប់គោរពនិងរំលឹកដល់ស្នាដៃរបស់ព្រះបិតាជាតិ នរោត្តម សីហនុ។ នៅឆ្នាំ១៩៦៣ គេចាប់ផ្តើមធ្វើសណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើន បានមកដើរលេង កម្សាន្តនៅទីនេះ។ នៅក្នុងឆ្នាំដដែល គេចាប់ផ្តើមធ្វើពង្រីកកំពង់ផែ ប៉ុន្តែត្រូវតែផ្អាកវិញនៅ ឆ្នាំ១៩៧០ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុ ពីសំណាក់សេនាប្រមុខ លន់ ណុល ។ នៅឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែក្រុងនេះ សម្រាប់ដាក់អាវុធធ្វើសង្រ្គាម។
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ ទីក្រុងព្រះសីហនុ ហើយក្រុមខ្មែរក្រហម បានចាប់យក កប៉ាល់របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ដែលក្នុងកប៉ាល់នោះមានកម្មករអាមេរិកផងដែរ។ នៅពេលនោះ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក ធ្វើឲ្យក្រុងព្រះសីហនុ មានការខូចខាតយ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់ កប៉ាល់ និងមនុស្ស ទៅឲ្យសហរដ្ឋអាមេរិកវិញ។បន្ទាប់ពីសង្គ្រាមបានបញ្ចប់រួចនៅឆ្នាំ១៩៨០ គេបានចាប់ផ្តើមសាងសង់ទីក្រុងសាជាថ្មី។
សម្រស់និងមុខងារខេត្តព្រះសីហនុ
ក្រៅពីមានសោភ័ណភាពដ៏ស្រស់ត្រកាលនៅប្របនឹងមាត់សមុទ្រ ខេត្តព្រះសីហនុក៏ជាទីក្រុងកំពង់ផែធំជាងគេរបស់កម្ពុជាដែលធានានូវការនាំចេញនាំចូល ដែលប្រៀបដូចជាសរសៃឈាមដែលមិនអាចកាត់បាន។ជាកិច្ចឆ្លើយតបនឹងការវិវឌ្ឍឥតឈប់ឈរ និងជាឆ្នេរដ៏មានប្រជាប្រិយភាពរបស់កម្ពុជាផងនោះ ខេត្តព្រះសីហនុត្រូវបានចាត់បញ្ចូលជាសមាជិកឆ្នេរសមុទ្រស្រស់ស្អាតជាងគេក្នុងលោក នៅពេលថ្មីៗនេះផងដែរ។
បានអានការពិពណ៌នាខាងលើហើយ ជឿជាក់ថាប្រិយមិត្តអន្ទះសាចង់ដឹងថា តើមានសកម្មភាពអ្វីខ្លះដែលអ្នកអាចធ្វើបាននៅទីនោះ?
អំឡុងពេលថ្ងៃ អ្នកអាចធ្វើដំណើរទៅកាន់រមណីយដ្ឋាននានាជុំវិញខេត្តដូចជាភូមិនេសាទនៅស្ទឹងហាវ ទឹកធ្លាក់ក្បាលឆាយ ឧទ្យានជាតិរាម និងការជិះទូកកម្សាន្តទៅតាមបណ្ដាកោះនានាជាដើម។ លើសពីនេះ ទៅទៀតអ្នកក៏អាចធ្វើដំណើរទៅតំបន់រមណីយដ្ឋានក្បែរៗនោះដូចជាខេត្តកែប កំពត និងភ្នំបូកគោជាដើមដែលចំណាយពេលធ្វើដំណើរប្រហែលពីរម៉ោងប៉ុណ្ណោះ។
អ្នកទេសចរជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុកតែងសម្រាកលំហែកាយនាវិស្សមកាល របស់ខ្លួននៅទីនោះ ដូចជាទៅហែលទឹកលេង ដេកអាំងថ្ងៃ ជិះពោងកម្សាន្ត មុជក្រោមបាតសមុទ្រ ជិះនាវាកម្សាន្ត ជិះទូកក្ដោង និងទៅលេងនៅតាមទីកោះនានាជាដើម។ អ្នកក៏អាចធ្វើដំណើរដោយថ្មើរជើង ម៉ូតូឌុប ឬម៉ូតូកង់បីដើម្បីទស្សនាទីប្រជុំជនក្រុងផងដែរ។
បើអ្នកពុំចង់ចំណាយច្រើនអ្នកគ្រាន់តែជួលកង់មួយគ្រឿងជិះកម្សាន្តឡើងទៅលើភ្នំ ឬឆ្លងកាត់ភក់ជាដើមក៏អាចផ្ដល់ភាពរីករាយដល់អ្នកបានមួយកម្រិតដែរ។ បើបានជាទៅដល់ទីនោះទៅហើយ ម៉េចក៏មិនស្វែងរកវត្ថុអនុស្សាវរីយ៍ ដើម្បីទុកជូន ឬបង្ហាញដល់មិត្តភក្តិបងប្អូន ឬរំលឹកអនុស្សាវរីយ៍ខ្លួនឯង ដែលមានលក់នៅតាមហាងអនុស្សាវរីយ៍ ក៏ដូចជាតាមរយៈក្មេងៗដើរលក់នៅតាមឆ្នេរសមុទ្រទៅ។
ភោជនីយដ្ឋានដែលមានមុខម្ហូបច្រើនប្រភេទ បានបើកបម្រើដល់ភ្ញៀវទេសចរគ្រប់រូបដែលចូលចិត្តភ្លក់មុខម្ហូបប្លែកៗជុំវិញពិភពលោក។ ចំណែកកន្លែងសំណាក់វិញមានច្រើនហូរហែរាប់តាំងពី ផ្ទះសំណាក់ដែលមានតម្លៃទាបៗ រហូតដល់សណ្ឋាគារដែលមានតម្លៃកប់ពពក។
អ្នកប្រាកដជាឆ្ងល់ទៀតហើយថា ចុះពេលយប់វិញ មានអ្វីធ្វើខ្លះដែរទៅ? សកម្មភាពពេលថ្ងៃនៅមាត់សមុទ្របញ្ចប់ប្រហែលម៉ោង ៦ល្ងាច ប៉ុន្តែអ្វីៗមិនបញ្ចប់ត្រឹមនេះទេ។ ភោជនីយដ្ឋាននានាបើកបម្រើដល់ភ្ញៀវទេសចរ រហូតដល់យប់ជ្រៅ។ រង្គសាល និងក្លឹបរាត្រី និងកាស៊ីណូមួយចំនួន បើកចំហទ្វារ២៤ម៉ោងស្វាគមន៍អតិថិជនរបស់ខ្លួន។ ចុះនៅឆ្នេរវិញមានអ្វីធ្វើទៅ? មាន! ប្រាកដជាមាន ដូចជាការដើរចាប់ក្ដាម រើសសំបកខ្ចៅខ្យង បង្កាត់ភ្នក់ភ្លើង ឬ ផឹកកម្សាន្តជាមួយមិត្តភក្តិជាដើម។បានសរសេររៀបរាប់ដូចជា បានទៅលេងផ្ទាល់អីចឹង! ខ្ញុំនឹងទៅលេងទីនោះ នៅវិស្សមកាលខាងមុខ ចុះប្រិយមិត្តមានគិតថា ចង់ទៅលេងមាត់សមុទ្ររបស់យើងដែរឬទេ?
No comments:
Post a Comment