តាមប្រភពពីទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី៥ វិច្ឆិកា ផ្សាយឱ្យដឹងដោយយោងទៅលើទិន្នន័យពីកាសែត «រ៉ូស៊ីសកាយ៉ា កាសេតា» របស់រុស្ស៊ីថា សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួនបុរសរុស្ស៊ីអាយុ៤៥ឆ្នាំម្នាក់ពីបទជាប់សង្ស័យក្នុងរឿងក្តីលួចជីកផ្នូរសព ដោយសារប៉ូលិសរកឃើញសពស្ត្រីយ៉ាងតិច២៧នាក់នៅក្នុងផ្ទះរបស់គេនៅទីក្រុងនីស្នីណូវ ហ្គ័ររ៉ុត ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ី ។
សមត្ថកិច្ចប៉ូលិសបង្ហើបឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ថា បុរសខាងលើឈ្មោះអាណាតូលី ម៉ូសគ្វីន ត្រូវទទួលរងការចោទប្រកាន់ថា ជាអ្នកលួចជីកផ្នូរយកសពស្ត្រីអាយុក្នុងរវាងពី១៥ទៅ២៥ឆ្នាំឡើង រួចរក សម្លៀកបំពាក់មកតុបតែងដល់សពស្ត្រីទាំងនោះ។
ហេតុការណ៍ខាងលើធ្វើឱ្យប៉ូលិសមានជំនឿថា គេជាអ្នកលួចជីកផ្នូរយកសពជាច្រើនកន្លែងមកដាក់ស្បោងប្លាស្ទិក យកទៅលំនៅឋានរបស់ខ្លួន ប៉ុន្តែរឿងរ៉ាវខាងលើត្រូវបានបង្ហើបឱ្យដឹងនៅពេលឪពុក-ម្តាយរបស់លោកម៉ូសគ្វីន ធ្វើដំណើរទៅសួរសុខទុក្ខគេ និងឃើញសពនៅក្នុងផ្ទះ ទើបប្តឹងប៉ូលិស ។
សមត្ថកិច្ចជំនាញបានបន្តទៀតថា ជនសង្ស័យគឺជាអ្នកនិពន្ធពីជីវប្រវត្តិ ហើយបណ្តាអ្នកស្រុករមែងហៅគាត់ថា ជាមនុស្សអច្ឆរិយៈព្រោះគាត់និយាយបាន១៣ភាសា មានចំណាប់អារម្មណ៍លើការស្រាវជ្រាវផ្នូរសព ឬទីប៉ាឆាយ៉ាងខ្លាំង និងកំពុងបោះពុម្ពសៀវភៅណែនាំពីទីតាំងទេសចរណ៍ផងដែរ ។
គួរបញ្ជាក់ថា កាសែតរ៉ូស៊ីសកាយ៉ា កាសេតា ផ្សាយបន្តទៀតថា បុរសខាងលើអាចទទួលរងការចោទប្រកាន់ថា ជាអ្នកជាន់ឈ្លី និងមើលងាយលើសពមនុស្សដែលបានស្លាប់បាត់ទៅហើយ តែគេមិនទាន់ដឹងថា គាត់ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគារ ឬយ៉ាងណាទេ ៕
No comments:
Post a Comment