About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 23, 2011

សំពះ​​ឳពុក​ម្ដាយ ប្រឈម​ការ​ធ្លាក់​ចុះ

មាន​ការ​លើក​ឡើង​ថា ការ​សំពះ​ឳពុក​ម្ដាយ​ អាណា​ព្យាបាល ឬ​អ្នក​មាន​គុណ​ហាក់​ថម​ថយ ខណៈ​ដែល​យុវវ័យ​ភាគ​ច្រើន​ហាក់​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​សំពះ​សួរ​អ្នក​ដទៃ។ រឿង​នេះ អ្នក​ខ្លះ​ថា មក​ពី​សាច់​ញាតិ​ឯង​រស់​នៅ​ជាមួយ​គ្នា​ស៊ាំ​ទៅ​ហើយ។ ដោយ​ឡែក អ្នក​ដទៃ​វិញ​អាច​ថា មិន​បាន​រស់​នៅ​ជាមួយ ឬ​ក្នុងន័យ​បង្កើន​ទំនាក់​ទំនង​ប្រការ​ណា​មួយ។ តើ​ករណី​នេះ យ៉ាង​ម៉េច​ទៅ​វិញ?
ខុម​ សុជាតិ​ និស្សិត​ផ្នែក​គណិតវិទ្យា​ឆ្នាំ​ទី​១​នៃសកលវិទ្យល័យ​ភូមិន្ទ​ភ្នំពេញ​ទទួល​ស្គាល់​ថា ភាគ​រយ​តិច​ណាស់​ដែល​ប្អូន​​សំពះ​ឪពុក​ម្ដាយ​​ ព្រោះ​ភាព​អៀន​ខ្មាស។ ​”កាល​ពី​តូច​ដូច​ជា​ទម្លាប់​ល្អ​ ចេញ​សំពះ​ចូល​សំពះ​ តែ​ដល់​ធំ​ដូច​អៀន​ខ្មាស​ ច្រើន​លើក​ដៃ​មិន​ចង់​រួច​ទេ​បង”​។ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សុជាតិ កំណត់​ក្នុង​ចិត្ត​ថា នឹង​ពង្រឹង​សីលធម៌​ល្អ​នេះ​ឡើង​វិញ​ ​។
ទទួល​ស្គាល់​ថា កូន​ៗ​មិន​មាន​ទំលាប់​សំពះ​ឳពុក​ម្ដាយ​ដែរ​នេះ សុខ​ វ៉ុណ​ អាជីវករ​លក់​ដូរ​ឥ​វ៉ាន់​នៅ​ផ្ទះ​ប្រាប់ថា​ កូន​របស់​អ្នក​ស្រី​ពិត​ជា​មិន​សូវ​សំពះ​គាត់​មែន​ ផ្ទុយ​ស្រឡះ​ កាល​ពី​តូច ​គ្រាន់​តែ​ហៀប​ទៅ​សាលា​ក៏​លើក​ដៃ​សំពះ និង​មក​ពី​សាលា​វិញ​ក៏​សំពះ​ដែរ។​ អ្នក​ម្ដាយ​រូប​នេះ ​​បន្ត​ថា​ “​ក្មេង​ភាគ​ច្រើន​គឺ​ភ្លេច​ការ​សំពះ​មាតា​បិតា​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ​ក្មួយ បើ​និយាយ​ឲ្យ​ចំ​ទៅ​១០០​នាក់​ មាន​មិន​ដល់​២០​នាក់​ផង“។
ស្រដៀង​គ្នា​​នឹង​អ្នក​ទាំង​ពីរ​ខាង​លើ​ កែវ កល្យាណ​ និស្សិត​ទើប​តែ​បញ្ចប់​បរិញ្ញាបត្រ​ ពី​វិទ្យាស្ថាន​ភាសា​បរទេស​បញ្ចេញ​មតិ​ថា​ ក្មេង​ប្រុស​ពិត​ជា​មិន​និយម​លើក​ដៃ​សំពះ​ឪពុក​ម្ដាយ​ពួក​គេ​មែន។ កល្យាណ ពន្យល់​ថា ហេតុផល​មក​ពី​ពួក​គេ​យល់​ថា ការ​​លើក​ដៃ​សំពះ​បែប​នេះ​ហាក់​ចាស់​គំរិល​ពេក។ ម្យ៉ាង​ទៀត នាង​លើក​ឡើង​ថា អាច​មក​ពី​រស់​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ​​ទៅ​ហើយ។ ​”​នាង​ខ្ញុំ​ផ្ទាល់​សំពះ​មាតា​បិតា​ខ្ញុំ​តាំង​ពី​តូច​មក​ម្ល៉េះ ដោយ​ឡែក​ប្អូន​ប្រុស​ខ្ញុំ​មិន​សូវ​ធ្វើ​ដូច​នាង​ខ្ញុំ​ទេ“។
អ្នក​ធ្វើ​ការ​សង្គម​ក៏​ឯកភាព​ដែរ​លើ​រឿង​នេះ។ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​ និង​សីលធម៌​សង្គម​ លោក​ ប៉ូ​ សំណាង គូស​បញ្ជាក់​ថា ការ​សំពះ​អ្នក​មាន​គុណ​ពី​សំណាក់​កូន​ៗ​​ក្នុង​ពេល​បច្ចុប្បន្ន​បាន​ថយ​ចុះ​ប្រមាណ​៨០%​​។ និយាយ​អំពី​មូល​ហេតុ​ធ្លាក់​ចុះ​វិញ លោក​​គូស​បញ្ជាក់​ថា​ អាច​មក​ពី​ខ្វះ​ការ​អប់​រំ​ពី​សំណាក់​ឪពុក​ម្ដាយ​ដែល​ពួក​គេ​រវល់​តែ​ប្រកប​កិច្ចការ​រៀង​ខ្លួន​ៗ។ ម្យ៉ាង​ទៀត ​​ឥស្សរជន​មួយ​ចំនួន​ជា​អ្នក​ឲ្យ​គាត់​យក​តម្រាប់​តាម​បាន​ន័យ​ថា ​”ពួក​គាត់​ជួប​គ្នា​ម្ដង​ៗ​​​កម្រ​លើក​ដៃ​ជម្រាប​សួរ​​គ្នា​​ ច្រើន​តែ​ Bonjure ​ស្វាគមន៍​គ្នា​ទៅវិញ”។ បន្ថែម​ពី​នេះ ​ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​សីលធម៌​នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក​និយាយ​ក្នុង​ឲ្យ​បង្កើត​ទំលាប់​ល្អ​នេះ​ឡើង​វិញ​ថា ការ​លើក​ដៃ​សំពះ​ទៅ​កាន់​អ្នក​មាន​គុណ​គឺ​ជា​ការ​​សំដែង​[ការ​គួរ​សម​ និង​ដឹង​គុណ​]។
ពាក់​ព័ន្ធ​នឹង​បញ្ហា​សំពះ​នេះ ​សកម្មជន​ក្នុង​ព្រះ​ពុទ្ធ​សាសនា​​ ព្រះ​លេខា ​និង​ពិធីការ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ព្រះ​នាម ​សៀរ ភារ៉ា​ ក៏​ទទួល​ស្គាល់​ដែរ​ថា ការ​សំពះ​អ្នក​មាន​គុណ​មាន​ការ​ថម​ថយ។ ការ​ថម​ថយ​ព្រះ​តេជព្រះគុណ​បាន​ដាក់​បន្ទុក​លើ កំហុស​ឆ្គង​របស់​អាណាព្យាបាល​​ គឺ​ខ្វះ​ការ​អប់​រំ​​កូនៗ​តាំង​ពី​តូច​ ដូច​ពាក្យ​ចាស់​​លើក​ឡើង​ថា ​”ដឹង​ឆ្លើយ​ត្បិត​ដង​ កូន​សោត​រែង​ឆ្គង​ត្បិត​មេបា”។ ឯ​កត្តា​បន្ទាប់​បន្សំ​វិញ ​គឺតាមសាលា​​មិន​សូវ​និយាយ​ពី​​ការ​លើក​ដៃ​សំពះ​​នេះ​។ ​មួយ​ទៀត​​កម្មវិធី​សិក្សា​តាំង​ពី​ថ្នាក់​ទី​១​រហូត​ដល់​ថ្នាក់​ទី​១២​​មិន​សូវ​ដាក់​បញ្ចូល​បញ្ហា​សីលធម៌​សំពះ​នោះ​ទេ។
ព្រះ តេជគុណ​បន្ថែម​ពី​លើ​នេះ​ទៀត​ថា ដើម្បី​ឲ្យ​កុល​បុត្រ​កុល​ធីតា​ងាក​មក​ប្រកាន់​ភ្ជាប់​ប្រពៃណី​ដ៏​ថ្លៃ​ថ្លា​នេះ​វិញ មាន​មធ្យោបាយ​​ពីរ​គឺ ទី១​ គឺ​ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល​គួរ​តែ​ឧស្សាហ៍​នាំ​កូន​ៗ​របស់​ខ្លួនទៅ​ស្ដាប់​ធម៌​នៅ​តាម​​វត្ត​ ក្នុង​គោល​បំណង​ឲ្យ​ដឹង​ពី​របៀប​របប​នៃ​ការ​សំពះ​ ​ក្រេប​​ធម៌​ក្នុង​ខ្លួន​ព្រម​ទាំង​បណ្ដុះ​ចិត្ត​ឲ្យ​មាន​ការ​គោរព​។ ជំហាន​ទី២​ គឺ​យុវវ័យ​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​ចេះ​ស្ដាប់​ការ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ចាស់​ព្រឹទ្ធាចារ្យ​។យោង​តាម​ព្រះតេជព្រះ​គុណ​ដដែល ការ​សំពះ​ជា​ទូទៅ​មាន​ប្រាំ​បែប រួម​មាន៖ សំពះ​ត្រឹម​ប្រជុំ​ជើង​សក់​ខាង​មុខ សម្រាប់​គោរព​ដល់​ព្រះ​ពុទ្ធ។ ការ​សំពះ​​ត្រឹម​ប្រជុំ​ចិញ្ចើម គឺ​គោរព​ព្រះមហាក្សត្រ​និង​ព្រះសង្ឃ។ ឯការសំពះ​ត្រឹម​​ចុង​ច្រមុះ សម្រាប់​គោរព​មាតា​បិតា។ បើ​សំពះ​​ត្រឹម​មាត់ វិញ គឺគោរព​ដល់​ចាស់​ព្រឹទ្ធាចារ្យ​ និង​អ្នក​មាន​វ័យ​ច្រើន​ជាង។ ចុង​ក្រោយ​គឺ​ការ​សំពះ​ត្រឹម​ដើម​​ទ្រូង សម្រាប់​អ្នក​មាន​វ័យ​ស្មើ​គ្នា​ឬ​ឋានៈ​ទាប​ជាង៕

No comments:

CASINO





MOBILE MAGAZINE