About Me

THIS SITE IS UNDER CONSTRUCTION

Sunday, August 5, 2012

ស្វែងយល់ ពីរូបសំណាក នៅជ្រុងខាង ត្បូងវត្តភ្នំ

 
ភ្នំពេញ៖ បើយើងទៅ កំសាន្តនៅវត្តភ្នំ នៅប៉ែកខាងត្បូង ពេលនោះយើងពិតជាបានឃើញផ្ទាំង ចម្លាក់មួយដ៏ធំ ដែលរូបសំណាក នៅផ្នែកខាងស្តាំ និងខាងឆ្វេង គឺមាន រំលេចដោយពណ៌រស់រវើក និងផ្ទាំងចម្លាក់នៅចំកណ្តាល គឺជារូបចម្លាក់ក្លោងទ្វារប្រាសាទ រួចមានរូបសំណាកមនុស្សអង្គុយ នៅពីមុខ។ តើផ្ទាំងសំណាកដ៏ធំនេះ មានអត្ថន័យដូចម្តេចដែរ?
បណ្ឌិតសភាចារ្យ រស់ ច័ន្ទត្រាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ និងជាអ្នកប្រវត្តិសាស្រ្តដែរនោះ បានរៀបរាប់ឲ្យដឹងថា ផ្ទាំងចម្លាក់នេះ ត្រូវបានកសាងឡើងនៅសម័យអាណាព្យាបាលបារាំង ក្នុងរជ្ជកាលព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ប្រាប់ថា រូបមនុស្សអង្គុយនៅចំកណ្តាល គឺជារូប ចម្លាក់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ។ រូបចម្លាក់ស្រ្តីខ្មែរបីនាក់នៅខាងស្តាំដៃ កាន់ជើងពាន ជាដង្វាយមកថ្វាយព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ គឺតំណាងខេត្តចំនួន៣ ដែលទាមទារបានពីប្រទេសសៀម (ថៃ) មកវិញ។
ចំណែករូបចម្លាក់នៅខាងឆ្វេងដៃ គឺជារូបសំណាកទាហានបារាំង និទង់ជាតិបារាំង តំណាងឲ្យកិច្ចសហប្រតិបត្តិការ ក៏ដូចជាអាណាព្យាបាលបារាំងមកលើកម្ពុជា ហើយក៏ចង់បង្ហាញពីគុណបំណាច់របស់ខ្លួន ដែលបានទាមទារជួយយកទឹកដីកម្ពុជា ពីថៃ មកថ្វាយព្រះបាទ ស៊ីសុវត្ថិ ក៏ដូចព្រះរាជាណាចក្រកម្ពុជាដែរ។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមធ្ងន់ថា ផ្ទាំងចម្លាក់នេះ ទាក់ទងនឹងសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧។
បើប្រិយមិត្តទៅមើលផ្ទាល់ នឹងឃើញផ្ទាំងថ្មខាងត្បូងជាប់នឹងរូបសំណាកទាហានបារាំង គឺមានសិលាចារឹកមួយ ចារជាភាសាបារាំង ដែលបកមកជាភាសាខ្មែរ មានន័យថា សន្ធិសញ្ញា បារាំង-សៀម ១៥ មីនា ១៩០៧ បាត់ដំង សៀមរៀប ស៊ីសុផុន។
ដោយសារស្នាព្រះហស្តរបស់ ព្រះបាទស៊ីសុវត្ថិ ទើបនាំឲ្យមានការស្ថាបនា រូបសំណាកព្រះអង្គនេះឡើងដើម្បីទុក្ខជានិមិត្តរូប តម្កល់នៅត្រង់ចង្កេះវត្តភ្នំដូនពេញ ភាគខាងត្បូងតាំងពីពេលនោះមក។ ប៉ុន្តែរូបសំណាក ដូចដែលបានឃើញសព្វថ្ងៃនេះ ពុំមែនជារូបសំណាកដើមទេ គឺជារូបសំណាកដែលទើបនឹងចម្លងពីរូបដើម តាមសំណូមពររបស់អាជ្ញាធរ រាជធានីភ្នំពេញ នៅពាក់កណ្តាលខែមករា ឆ្នាំ១៩៩៨។ រូបសំណាកចម្លងនេះសាងសង់ឡើងពីស៊ីម៉ងត៍។
ចំណែករូបដើមត្រូវបានយកទៅរក្សាទុកនៅឯ សារមន្ទីរជាតិ ដោយអ្នកគ្រប់គ្រង មន្ទីរអភិរក្សបុរាណវត្ថុ តាំងពីក្រោយព្រឹត្តិការណ៍ថៃ្ង១៨ ខែមីនា ឆ្នាំ១៩៧០ម្ល៉េះ។ រូបសំណាកនោះធ្វើអំពីល្បាយលោហធាតុមានស្ពាន់ភាគច្រើន ក្នុងឆ្នាំ១៩០៩។ បើពិនិត្យលម្អិតទៅលើផ្ទាំងរូបសំណាកនេះ ឃើញថា នៅចុងខាងលើបង្អស់នៃ ផ្នែកខាងឆ្វេង មានសរសេរអក្សរបារាំងពីរតួ RF(Republique Francaise) ប្រែថា សាធារណរដ្ឋបារាំង។
នៅពីលើតួអក្សរនេះមានចុងដងទង់ជាតិមួយតូចធ្លាក់ជារាងផ្កាម្លិះ (ដើមរុក្ខជាតិតូចមានផ្កាសនិងក្លិនក្រអូប ដើមវាជានិមិត្តរូបនៃភាពបរិសុទ្ធ និងផ្កាវាជានិមិត្តរូបនៃ រាជាធិបតេយ្យនៅប្រទេសបារាំង) ពណ៌‌បៃតង។ ភ្ជាប់នឹងដងនេះ គឺជាទង់ជាតិប្រទេសបារាំងមានពណ៌‌ខៀវ ស ក្រហម ដែលត្រូវបានពលថ្មើរជើងម្នាក់ កំពុងឈរវន្ទនាការដោយដៃស្តាំ កាន់កាំភ្លើងបឈ្ឈរស្របនឹងជើង ហើយដៃធ្វេងទាញទង់ជាតិនោះឲ្យលាតសន្ធឹងពីលើ។ នៅពីលើទង់នេះ ជារូបនាគពណ៌‌បៃតង និងខាងក្រោមមានផ្ទាំងថ្មរាងចតុកោណ ចំនួន៣ ត្រួតពីលើគ្នាលំអរដោយក្បាច់បុរាណខ្មែរ។ នៅពីលើផ្ទាំងថ្មមានឆ្លាក់អក្សរបារាំងថា " Traite Franco-Siamois du 15 Mars 1907 Battambang, Siemreap, Sisophon " ប្រែជាអក្សរខ្មែរថា សន្ធិសញ្ញា-បារាំងសៀម ចុះថ្ងៃទី១៥ មីនា ១៩០៧ ខេត្តបាត់ដំបង, សៀមរាប, ស៊ីសុផុន ខាងក្រោមអក្សរចារឹកនេះ មានរូបសំណាកជនជាតិបារាំងដូរូសូ ដឺ គុលសង់ ដែលជាកុងស៊ុលប្រចាំនៅ ខេត្តបាត់ដំបង នាឆ្នាំ១៩០៣ (តាមឯកសារលោក តូច ឈួង)។ ចុងក្រោយបង្អស់ នៃផ្នែកខាងឆ្វេង គឺជារូបក្បាលដំរីលេចចេញពីក្របសិលាចារឹកផ្នែកកណ្តាលនៃរូបសំណាក ជារាជបល្ល័ង្កលំអដោយក្បាច់នាគក្បាលបី។
ព្រះបាទស៊ីសុវត្តិ ទ្រង់ប្រថាប់ក្រោមព្រះស្វេតច្ឆត្រ និងទ្រង់គ្រឿងអម្ពរពស្ដ្រាជាស្ដេចកំពុងគ្រងរាជ្យ។ ចំណែកនៅផ្នែកខាងស្តាំវិញ ជារូបនារីបីនាក់មានសម្លៀក បំពាក់ខុសៗគ្នា និងមានកាន់ពានមួយម្នាក់។ នារីទីមួយសម្លៀកបំពាក់របៀបរូបចម្លាក់អប្សរានៅ ប្រាសាទអង្គរវត្ត មានកាន់ពានមួយតម្កល់រូបសំណាកមួយ ប្រហែលជារូប ប្រាសាទព្រះវិហារ។ តាមរយៈនេះអ្នកជំនាញខាងបុរាណវិទ្យា បានសន្និដ្ឋានថារូបនារីទី១នេះជាតំណាងឲ្យខេត្តសៀមរាប រីឯនារីទាំងពីរខាងក្រោយ តំណាងឲ្យ ខេត្តបាត់ដំបង និងស៊ីសុផុន ពីព្រោះខេត្តទាំងពីរនេះ នៅជាប់នឹងប្រទេសសៀម ហើយសម្លៀកបំពាក់ របស់នារីទាំងពីរ ក៏មានលក្ខណៈប្រហាក់ប្រហែល គ្នាទៅនឹងស្រីបម្រើក្នុង ព្រះរាជវាំងប្រទេសទាំងពីរ (កម្ពុជា-សៀម) នាសម័យនោះដែរ។ នារីទីពីរមានកាន់ពានតម្កល់ថង់ត្រាពណ៌‌បៃតង និងត្រាពណ៌‌លឿង។
នារីទីបីកាន់ពានតម្កល់ក្លង (បំពង់មានគ្របខ្លីជាងក្លាក់ធ្វើដោយក្រឡឹងដោយសិតក្លង ស្ពាន់ក្លងភ្លុក) ពណ៌‌បៃតង សម្រាប់ដាក់ឯកសារជាលាយលក្ខណ៍អក្សរ។ នារីទាំងបីនាក់ ធ្វើកាយវិការនាំដង្វាយទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទស៊ីសុវត្ថិ។ ខាងលើនៃផ្ទាំងសិលាចារឹកនេះ មានរូបនាគពណ៌‌បៃតង និងខាងក្រោមក្បាលនាគ មានរូបក្បាលដំរីលេចចេញពីផ្ទាំងសិលានោះ។
សិលាចារឹក និងរូបសំណាក
គេឃើញមានសិលាចារឹកពីរផ្ទាំង និងរូបសំណាក ដែលបានកសាងនៅសតវត្សទី២០។ បើគេពិនិត្យឲ្យបានច្បាស់ និងសិក្សាបានស៊ីជម្រៅ គេនឹងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅ នៃសិលាចារឹក និងរូបសំណាកទាំងនោះ។
សិលាចារឹកទាំងនោះមានពីរ ខាងស្តាំចារជាអក្សរខ្មែរ និងខាងឆ្វេងចារជាអក្សរបារាំង ដែលមានផ្នែកខ្លះ ត្រូវរលុបមើលមិនសូវច្បាស់ឡើយ។

សិលាចារឹកជាអក្សរខ្មែរ៖ តេជះព្រះគុណប្រតីកតូរ៉ា របស់ក្រុងបារាំងសែស ដែលជួយទំនុកបំរ៉ុងក្រុងកម្ពុជាធិប្ឌី ព្រះបាទសំម្ដេច ព្រះស៊ីសុវត្ថ៍ ចមច័ក្រពង្ស ព្រះចៅក្រុងកម្ពុជាធិប្ឌី ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ ១២រោជ ខែស្រាព្ធ ឆ្នាំជូត ទោស័ក្ស ចុលស័ករ៉ាជ១២០២ តីខែអ៊ូតសីបតម គ្រីស័ករាជ១៨៤០។ ទ្រង់សោ្យរាជសំម្ប័ត្ត នៅថ្ងៃអាទិត្យ ១០ កើតខែពីសាខ ឆ្នាំរោង ឆស័ក្ស ចុលស័ករាជ១២៦៦ តី ២៤ ខែ អាវចិល គ្រីសរាជ ១៩០៤។ ទ្រង់ទទួលខែត្រដែនបាត់ដំបង សៀមរាប និងសិរីសោភ័ណ ជារបស់នគរខ្មែរពីដើម ហើ្យក្រុងសៀម ឃាត់យក[…] ក្រុងកម្ពុជាធិប្ឌីវិញ [...] ពីថ្ងៃ ២កើត ខែ ផល្គុន ឆ្នាំមមី អដ្ឋស័ក្ស ចុលស័ករាជ ១២៦៨ តី ១៥ ខែ មារ្ស គ្រីស័ករាជ ១៩០៧។ [...]

សិលាចារឹកជាអក្សរបារាំង [...]Percevant les anciennes provinces de Battambang ; Siém-Réap et Sisophon desanues par le Siamet remeedées á la Couronne du Cambodge en vertu du Praûe franco-siamois du 9 jour de la luné croissante du mois de Pholkun de IAnnie Momi Athassak de IÈre Chollassakrach 1268 (15 Mars 1907)[…]

 

No comments:

CASINO





MOBILE MAGAZINE