About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 7, 2012

ការចេះដឹងគុណ


យុវជនម្នាក់ បានទៅដាក់ពាក្យសុំការងារ ជាតំណែងអ្នកគ្រប់គ្រង នៅក្នុងក្រុមហ៊ុនមួយ។ បន្ទាប់ពីបានឆ្លងផុតការសម្ភាសន៍លើកទីមួយ, គាត់ត្រូវឆ្លងកាត់ ការសម្ភាសន៍ផ្តាច់ព្រ័ត ជាមួយនឹងនាយកក្រុមហ៊ុន។ លោកនាយកបានមើលជីវប្រវត្តិ របស់យុវជននោះ ឃើញថាមានស្នាដៃល្អគ្រប់យ៉ាង, ចាប់តាំងពី សាលាមធ្យមសិក្សា រហូតដល់ឧត្តមសិក្សា ឃើញថាទទួលបានពិន្ទុល្អរហូត។

លោកនាយកសួរ៖ "កាលនៅរៀន, លោកបានទទួលអាហារូបករណ៍ទេ?"
យុវជនឆ្លើយ៖ "អត់ទេ"។
លោកនាយកសួរ៖ "ឳពុកលោកជាអ្នកចេញថ្លៃសាលាឬ?"
យុវជនឆ្លើយ៖ "ឳពុករបស់ខ្ញុំ បានស្លាប់តាំងពីខ្ញុំទើបតែមានអាយុ១ ឆ្នាំ។ ម្តាយរបស់ខ្ញុំ គាត់ជាអ្នកបង់ចំណាយលើថ្លៃការសិក្សារបស់ ខ្ញុំទាំងអស់"។
លោកនាយកសួរ៖ "ចុះម្តាយលោក គាត់ធ្វើការងារអីដែរ?"
យុវជនឆ្លើយ៖ "ម្តាយរបស់ខ្ញុំ ស៊ីឈ្នួលបោកគក់ខោអាវឲ្យគេ"។


លោកនាយកក្រុមហ៊ុន បានសុំមើលដៃរបស់យុវជន, ឃើញដៃទាំងគូរលោងស្អាត។
លោកនាយកសួរ៖ "ចុះលោកមានដែលធ្លាប់បានជួយម្តាយរបស់លោក បោកខោអាវពីមុនទេ?"
យុវជនឆ្លើយ៖ "អត់ដែលទេ។ ម្តាយខ្ញុំ គាត់តែងតែចង់ឲ្យខ្ញុំសិក្សា និងអានសៀវភៅឲ្យបានច្រើនប៉ុណ្ណោះ។ ម្យ៉ាងទៀត, គាត់អាចបោកខោអាវ បានលឿន ជាងខ្ញុំ"។

លោកនាយកនិយាយ៖ "ខ្ញុំមានសំណូមពរមួយ។ ថ្ងៃនេះ, ពេលលោកត្រឡប់ទៅផ្ទះវិញ, ខ្ញុំចង់ឲ្យលោកលាងដៃរបស់ម្តាយលោក, ហើយស្អែកព្រឹក សឹមត្រឡប់មកជួបខ្ញុំវិញ"។

យុវជនទទួលអារម្មណ៍ថា ខ្លួនមានឱកាសខ្ពស់សម្រាប់មុខតំណែង។ នៅពេលគាត់ត្រឡប់ទៅដល់ផ្ទះវិញ, គាត់សុំលាងដៃរបស់ម្តាយ គាត់ដោយក្តីរីករាយ។ ម្តាយរបស់គាត់ មានអារម្មណ៍ចម្លែកនឹងអាកប្បកិរិយារបស់កូន, ប៉ុន្តែគាត់យល់ព្រមទាំងសប្បាយចិត្ត ជាមួយនឹងអារម្មណ៍ច្របូកច្របល់។

យុវជនលាងដៃរបស់ម្តាយគាត់យឺតៗ ថ្នមៗ។ ទឹកភ្នែករបស់គាត់ចាប់ផ្តើមហូរស្រក់។ គឺជាលើកទីមួយហើយ ដែលគាត់សង្កេតឃើញដៃរបស់ម្តាយគាត់ ជ្រីវជ្រួញខ្លាំង ព្រមទាំងមានស្នាមជាំច្រើនកន្លែង។ ស្នាមជាំខ្លះ ទើបតែកើតឡើងថ្មីៗ ដែលបណ្តាលឲ្យដៃគាត់ញ័រដោយការឈឺចាប់ នៅពេលដែល យុវជនលាងជាមួយទឹក។

នេះគឺជាលើកទីមួយហើយ ដែលយុវជនបានដឹងខ្លួនថា គឺដៃទាំងគូនេះហើយ ដែលបោកគក់រាល់ថ្ងៃ ដើម្បីរកប្រាក់ឲ្យគាត់បង់ចំណាយលើថ្លៃសិក្សា។ ស្នាមជាំនៅលើដៃរបស់ម្តាយគាត់ គឺជាតម្លៃដែលម្តាយរបស់គាត់ត្រូវបង់ចំណាយដើម្បីការរៀនចប់បានយ៉ាងល្អប្រសើររបស់គាត់។

បន្ទាប់ពីបានលាងដៃទាំងគូរបស់ម្តាយគាត់រួច, យុវជនក៏សម្ងំបោកគក់ ខោអាវដែលនៅសល់យ៉ាងស្ងៀមស្ងាត់។

នៅយប់នោះ, ម្តាយនិងកូន សាសងគ្នាដល់យប់ជ្រៅ។

នៅព្រឹកថ្ងៃបន្ទាប់, យុវជនត្រឡប់ទៅកាន់ការិយាល័យរបស់នាយកក្រុមហ៊ុន។

លោកនាយកបានសង្កេតឃើញ ភ្នែកហើម និងរាងពណ៌ក្រហមព្រឿង របស់យុវជន ហើយសួរថា៖ "តើលោកអាចប្រាប់ខ្ញុំបានទេថា ម្សិលមិញបានធ្វើអ្វី និង រៀនបានអ្វីខ្លះនៅឯផ្ទះរបស់លោក?"
យុវជនឆ្លើយ៖ "ខ្ញុំបានលាងដៃរបស់ម្តាយខ្ញុំ ហើយខ្ញុំបង្ហើយបោកគក់ខោអាវដែលនៅសល់"។

លោកនាយក៖ "សូមប្រាប់ខ្ញុំអំពីអារម្មណ៍របស់លោក"។

យុវជន និយាយ៖
១. ឥឡូវនេះ ខ្ញុំដឹងហើយថា អ្វីជាអំណរគុណ។ បើគ្មានម្តាយខ្ញុំទេ, ខ្ញុំក៏មិនបានជោគជ័យដូចថ្ងៃនេះដែរ។
២. ដោយសារការធ្វើការជាមួយគាត់ និងជួយគាត់, ឥឡូវនេះខ្ញុំដឹងថាវាលំបាកយ៉ាងណាហើយ ដើម្បីកិច្ចការអ្វីមួយ។
៣. ខ្ញុំដឹង និងមានអំណរគុណចំពោះសារសំខាន់ និងតម្លៃនៃចំណងមេត្រីភាពរបស់គ្រួសារ។

លោនាយកនិយាយថា៖ "នេះគឺលក្ខណៈដែលខ្ញុំចង់បាន សម្រាប់អ្នកគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំចង់រកបុគ្គលិកថ្មី ដែលចេះផ្តល់តម្លៃដល់ការជួយរបស់អ្នកដទៃ... មនុស្សដែលយល់អំពីការរងទុក្ខ របស់អ្នកដទៃ ក្នុងការបំពេញការងារ... និងមនុស្សដែលមិនចាត់ទុកប្រាក់ ជាគោលបំណងធំ តែមួយគត់ នៅក្នុងជីវិត។ លោកជាប់ហើយ, សូមអបអរ!!!"។

ក្រោយមក យុវជនបានខំប្រឹងប្រែងបំពេញមុខនាទីរបស់ខ្លួន ហើយទទួលបាននូវការគោរព រាប់អានពីអ្នកក្រោមបង្គាប់របស់គាត់។ បុគ្គលិកម្នាក់ៗ រួមដៃគ្នា ធ្វើការជាក្រុម ដោយយកចិត្តទុកដាក់។ ផលិតផលនៃការងារបានរីកចម្រើនយ៉ាងសម្បើម។

គំនិតពិចារណា៖
កូនប្រុសស្រី ដែលទទួលការការពារ ហើយធ្លាប់តែទទួលអ្វីៗ បានគ្រប់យ៉ាងតាមចិត្តចង់ នឹងក្លាយទៅជាក្មេងទំនើង ហើយគិតតែ អំពីខ្លួនឯង មុនជានិច្ច។ មនុស្សបែបនេះ តែងមើលរំលងការប្រឹងប្រែងរបស់ឳពុកម្តាយ។ នៅពេលណា គេចាប់ផ្តើមធ្វើការ, គេតែងសន្និដ្ឋានថា មនុស្ស ម្នាក់ៗ ត្រូវតែស្តាប់តាមបញ្ជាខ្លួន, ហើយ បើកាលណាគេក្លាយទៅជាអ្នកគ្រប់គ្រង, គេមិនដែលស្គាល់ការរងទុក្ខរបស់អ្នកធ្វើការ ក្រោមបង្គាប់ ឡើយ, ហើយតែងតែទម្លាក់កំហុស បន្ទោសអ្នកដទៃឥតឈប់ឈរ។

ចំពោះមនុស្សបែបនេះ គេអាចមានសិក្សាខ្ពស់ ឬ មានជោគជ័យមួយរយៈពេលខ្លី, ប៉ុន្តែគេចៀសមិនផុត ពីការបាត់បង់ញាណ នៃការសម្រេច ជោគជ័យ។ គេនឹងរអ៊ូរទាំច្រើន ហើយក្នុងចិត្តពោរពេញទៅដោយការស្អប់ និង បង្កបញ្ហាច្រើន។ បើយើងជា ឳពុកម្តាយ ដែលការពារថ្នាក់ថ្នម កូនបែបនេះ, តើយើងកំពុងតែបង្ហាញការស្រឡាញ់ដល់កូន ឬ មួយក៏កំពុងតែបំផ្លាញកូនទៅវិញ?

អ្នកអាចឲ្យកូនរស់នៅក្នុងផ្ទះធំ, បរិភោគម្ហូបឆ្ងាញ់ៗ, លែងហ្គេម, មើលទូរទស្សន៍ធំៗចុះ, ប៉ុន្តែបើអ្នកកាត់ស្មៅ ចូរឲ្យកូនដកការពិសោធន៍ផង។

ក្រោយពេលបាយរួច, ឲ្យកូនៗ លាងចាន លាងឆ្នាំង, ក្រោកពីដេក ឲ្យបត់ភួយ, រៀបចំបន្ទប់ ឲ្យបានស្អាតបាត។ មិនមែន ដោយសារអ្នកគ្មាន លុយជួលឈ្នួលនោះទេ, គោលបំណង គឺអ្នកចង់ឲ្យកូន យល់ដឹងថា, ទោះជា ឳពុកម្តាយរបស់ខ្លួន មានប្រាក់ប៉ុនណាក៏ដោយ, ថ្ងៃណាមួយ សក់ក្បាល ក៏នឹងក្លាយទៅជាស្កូវ, ស្បែកជ្រីវជ្រួញដូចម្តាយរបស់យុវជនខាងលើដូច្នោះដែរ។

រឿងដ៏សំខាន់បំផុត គឺកូនរបស់អ្នក រៀនផ្តល់តម្លៃដល់ការប្រឹងប្រែង និងពិសោធក្តីលំបាក ព្រមទាំងរៀនសហការណ៍គ្នា ដើម្បីសម្រេចការងារបាន។

No comments:

CASINO





MOBILE MAGAZINE