រាជរដ្ឋាភិបាល កម្ពុជា បានប្រកាស ឲ្យគ្រប់ស្ថាប័ន ក្រសួងមន្ទីរ ទូទាំងប្រទេស ចូលរួមប្រារព្ធ ព្រះរាជពិធីរំលឹក ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ឲ្យបានឧត្តុងឧត្តម ដែល នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែតុលាខាងមុខនេះ។
នៅក្នុងព្រះរាជពិធីគម្រប់មួយឆ្នាំនេះ រដ្ឋាភិបាលបានណែនាំឲ្យគ្រប់ក្រសួងនិងស្ថាប័នទាំងអស់ត្រូវតែចាត់តាំង ប្រតិភូចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនៅស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋនៅឯខាងកើតវិមានឯករាជ្យ។ បន្ថែមពីនេះ សារាចរ ក៏បានណែនាំឲ្យមានការរៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ ព្រះបរមរតនកោដ្ឋនៅតាមគ្រប់ស្ថាប័ន ក្រសួង និងនៅតាមបណ្តាស្ថានទូតនិងស្ថានកុងស៊ុល របស់កម្ពុជា ប្រចាំនៅបរទេសផងដែរ។
សារាចរក៏បានណែនាំឲ្យគ្រប់វត្តអារាម បូជនីយដ្ឋាន និងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវតែរៀបចំប្រារព្ធព្រះរាជពិធីនេះឲ្យបានវិសេសវិសាល។ ចំណែកក្រសួងព័ត៌មាន ត្រូវតែមានកម្មវិធីចាក់ផ្សាយតាមវិទ្យុទូរទស្សន៍ជាតិ និងឯកជនស្តីពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ឲ្យប្រជានុរាស្ត្របានដឹងឮឲ្យបានទូលំទូលាយ។
ព្រះអង្គម្ចាស់ស៊ី សុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្របានមានបន្ទូលថាព្រះអង្គ ថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលនឹងប្រារព្ធព្រះរាជពិធីរំឭកព្រះវិញ្ញាណក្ខន្ធព្រះមហា វីរក្សត្រ។
លោក កែម ឡី អ្នកវិភាគឯករាជ្យបានថ្លែងថា ព្រះរាជពិធីកាន់តែអធិកអធម ប៉ុណ្ណា នោះប្រជាពលរដ្ឋនឹងកាន់តែកោតសរសើរប៉ុណ្ណោះ។ សម្រាប់លោកផ្ទាល់ លោកចង់ឲ្យមានពិធីដែលធំដុំបំផុតសម្រាប់រំឭកដល់ព្រះគុណូបការៈ គុណព្រះមហាវីរក្សត្រ។ ក៏ប៉ុន្តែលោក កែម ឡី រំពឹងថាការរៀបចំពិធីនេះ នឹងធ្វើឡើងដោយស្មោះត្រង់ និងមិនមានគោលបំណងកេងចំណេញឬធ្វើប្រជាភិថុតនយោបាយនោះទេ។ ម្យ៉ាងវិញទៀតលោកក៏សង្ឃឹមថានឹងមិនមានការដាក់គំនាបឬសម្ពាធលើ ស្ថាប័នព្រះមហាក្សត្រ៕
No comments:
Post a Comment