ស្ត្រីដែលទើប សម្រាលកូនរួច ត្រូវការនូវទឹកដោះជាសំខាន់ ព្រោះវាជាអាហារសម្រាប់ទ្រទ្រង់ដល់ជិវិតទារក។ ស្ដ្រីភាគច្រើនបំបៅកូនដោយទឹកដោះរបស់ខ្លួនផ្ទាល់ដោយមិនត្រូវការ ជំនួយ ពីម្សៅទឹកដោះគោឡើយ។ ប៉ុន្ដែស្ដ្រីមួយចំនួនជួបប្រទះបញ្ហាទឹកដោះមិនគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមកូន ឬមិនមានទឹកដោះតែម្ដង។ ទឹកដោះម្ដាយជាអាហារដ៏ពិសេស ដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមគ្រប់បែបយ៉ាងសម្រាប់តម្រូវការរបស់ទារក ក្នុងរយៈពេល៤ទៅ៦ខែដំបូង។ ទឹកដោះម្ដាយផ្ទុកទៅដោយសារធាតុចិញ្ចឹម ជាច្រើនសម្រាប់ទ្រទ្រង់ការធំលូតលាស់របស់ទារក។ ជាតិប្រូតេអ៊ីន និងជាតិខ្លាញ់យ៉ាងច្រើនសម្រាប់ទារកក្នុងចំនួនសមស្រប និងត្រឹមត្រូវ ជាតិឡាក់តូស(ជាតិស្ករក្នុងទឹកដោះ) ច្រើនជាងទឹកដោះដទៃទៀត ដែលជាតម្រូវការរបស់ទារកមានជីវជាតិគ្រប់គ្រាន់សម្រាប់ទារក ដោយមិនចាំបាច់ត្រូវបន្ថែមជីវជាតិដទៃទៀតទេ។ សូម្បីតែជាតិដែកក៏គ្រប់គ្រាន់សម្រាប់ទារកដែរ ដោយអ្នកគ្រាន់តែព្យាយាមបំបៅទារកឱ្យបានគ្រប់គ្រាន់ទៅបានហើយ។
ជាតិដែកនៅក្នុងទឹកដោះម្ដាយមិនមានចំនួនច្រើនលើសលប់ទេ តែអាចសមល្មមសម្រាប់ទារក ដែលមិនបណ្ដាលឱ្យជួបភាពស្លេកស្លាំងដែលបណ្ដាលមកពីកង្វះសារ ជាតិដែកនោះឡើយ។ ជាងនេះទៅទៀត ទឹកដោះម្តាយក៏មានសារជាតិទឹកគ្រប់គ្រាន់ដែរ បើទោះបីជាអាកាសធាតុក្ដៅស្ងួតយ៉ាងណាក៏ដោយ។ មានស្ដ្រីមិនតិចនាក់ទេដែលក្រោយពេលសម្រាលតែងតែពោលថា នាងខ្ញុំមិនសូវសម្បូរទឹកដោះ ឬមានទឹកដោះមិនគ្រប់គ្រាន់។ នេះជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឱ្យម្ដាយចង់បំបៅ កូនដោយដបទឹកដោះគោ ឬទឹកបបរឆាប់ពេក។ បញ្ហាដែលមានទឹកដោះមិនគ្រប់គ្រាន់នោះ គឺជាការយល់ឃើញ និងការគិតរបស់អ្នកម្ដាយតែប៉ុណ្ណោះ។ តាមពិតទៅម្ដាយទាំងអស់អាចមានទឹកដោះគ្រប់គ្រាន់សម្រាប់ទារក របស់គាត់ ទោះបីជាទារកភ្លោះក៏ដោយ។ ម្ដាយមិនមានទឹកដោះនៅពេលដែលទារកកើតមកភ្លាមដោះមានសភាព ទន់ជាងពេលមុន ឈប់ស្រក់ទឹកដោះអាចកើតឡើងដោយសារកត្ដាចិត្ដសាស្ដ្រ និងកង្វះបទពិសោធន៍ច្រើនជាង។ សូមអ្នកម្ដាយទាំងឡាយរកជំនួយពីអ្នកមានបទពិសោធន៍ ឬគ្រូពេទ្យដើម្បីបំបៅដោះកូន។ ការសង្កេតថាទារកបៅគ្រប់គ្រាន់ ឬក៏អត់ជារឿងងាយស្រួលទេ អ្នកម្ដាយត្រូវតាមដានការនោមរបស់ទារក។ បើទារកនោមលើសពី៦ដងក្នុងរយៈពេល២៤ម៉ោង ហើយទឹកនោមរបស់ទារកមានពណ៌លឿងស្រាលនោះមានន័យថាទារកបៅដោះគ្រប់ គ្រាន់ហើយ។ គ្រប់ម្ដាយទាំងអស់ដែលបំបៅកូនដោយទឹកដោះ ចាំបាច់ត្រូវយល់ដឹងពីកក្ដាមួយចំនួនដែលអាចឱ្យលោកស្រីមានទឹកដោះ គ្រប់គ្រាន់ក្នុងការចិញ្ចឹមកូនតូច។ សរុបមកវិញការបំបៅដោះកូនកាន់តែញឹកញាប់ ការផលិតទឹកដោះកាន់តែច្រើន ជាពិសេសការបំបៅដោះកូននៅពេលយប់ ព្រោះក្រពេញភីទីអ៊ីតូរីបញ្ចេញប្រូឡាក់ទីននៅពេលយប់ច្រើនជាងនៅពេលថ្ងៃ៕
No comments:
Post a Comment