នៅក្នុងចំណោមឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅជាច្រើន ឧក្រិដ្ឋកម្មដែលប្រព្រឹត្ដឡើងក្រោម របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាឧក្រិដ្ឋកម្មដ៏ល្បីខ្ទរខ្ទារទាំងក្នុង និងក្រៅប្រទេសកម្ពុជា។
ប្រជាជនកម្ពុជាបានស្គាល់យ៉ាងច្បាស់នូវជនដែលទទួលខុសត្រូវចំពោះអំពើសាហាវឃោរឃៅ ទ្រង់ទ្រាយធំនេះ។នៅក្នុង ចំណោមមេដឹកនាំជាច្រើននៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងនោះមានអតីត មេដឹកនាំមនោគមន៍វិជ្ជា នួន ជា, អតីតប្រមុខរដ្ឋ ខៀវ សំផន, និងអតីតឧបរដ្ឋមន្ដ្រីទទួលបន្ទុក ក្រសួងការបរទេស អៀង សារី ជាបុគ្គលដែលមានអំណាចខ្ពស់នៅក្នុងរបបនោះ។ ស្របពេលដែល អតីតមេដឹកនាំទាំងអស់ នោះត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌតាមផ្លូវច្បាប់ ដោយផ្អែកលើច្បាប់ក្នុងស្រុក និងច្បាប់អន្ដរជាតិ អតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោមបានចាប់ផ្ដើមពិចារណាពីការទទួលខុសត្រូវ ផ្នែកសីលធម៌របស់ខ្លួន ចំពោះជនរងគ្រោះដែលបានទទួលរងគ្រោះដោយសារបទឧក្រិដ្ឋកម្មដែលប្រព្រឹត្ដ ដោយចេតនា និងអចេតនា។
អង្គសវនាការជាប្រវត្ដិសាស្ដ្ររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ប្រឆាំងនឹងអតីតមេ ដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួនបីរូបដែលបានចាប់ផ្ដើមដំណើរ ការនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ បាន បើកទំព័រថ្មីសម្រាប់ជនរងគ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម។ មេដឹកនាំទាំងអស់នោះបាន រស់នៅនិងដើរហើរដោយសេរីភាពអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកហើយ ដែលធ្វើឱ្យប្រជាជន កម្ពុជា និងប្រជាជនតាមបណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោកមានការខឹងសម្បា។ ម្យ៉ាងវិញទៀត ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះ ក្ដីសង្ឃឹមនៃការទន្ទឹងរង់ចាំយុត្ដិធម៌បែរជាកាន់តែស្ដួចស្ដើងទៅៗ ហើយ ប្រហែលជានឹងមិនអាចសម្រេចបាន ដោយមានមនុស្សមួយចំនួនយល់ឃើញថា រដ្ឋាភិបាលកម្ពុជាមិនមាន ឆន្ទៈនយោបាយពិតប្រាកដក្នុងការស្វែងរកយុត្ដធម៌ជូនជនរងគ្រោះ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យនោះ ទេ។ បើទោះបីជាមានការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់ខ្មែរ ក្រហមចំនួនប្រាំនាក់ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នក៏ដោយ ក៏ទស្សនៈអវិជ្ជមានបែបនេះនៅតែកើតមាន ចំពោះជនរងគ្រោះមួយចំនួនដដែល។
កាលពីមុន មានមនុស្សមួយចំនួនបានបញ្ចេញទស្សនៈយល់ឃើញថា អង្គជំនុំជម្រះនឹងមិនចាប់ផ្ដើមសវនាការជំនុំជម្រះឡើយ រហូតដល់មេដឹកនាំទាំងអស់នេះបានស្លាប់ដោយ រោគាពាធ។ ប៉ុន្ដែឥឡូវនេះ ពន្លឺនៃក្ដីសង្ឃឹមបានចាប់ផ្ដើមមានឡើងវិញហើយ ខណៈពេលដែលអង្គនីតិវិធី របស់តុលាការបានចាប់ផ្ដើមដំណើរការកិច្ចការជាលក្ខណៈប្រវត្ដិសាស្ដ្ររបស់ខ្លួន។
មេដឹកនាំខ្មែរក្រហមបីនាក់ឡើងផ្ដល់សក្ខីកម្ម
នៅក្នុងអំឡុងអង្គសវនាការរយៈពេលបីថ្ងៃកន្លងមកនេះ លោកស្រី ជា លាង សហព្រះរាជអាជ្ញា ជាតិបានអានសេចក្ដីសន្និដ្ឋានសង្ខេបមួយស្ដីពីលក្ខណៈនៃឧក្រិដ្ឋកម្មដែលជនជាប់ចោទនីមួយៗគួរតែដឹង ឬ មានហេតុផលក្នុងការដឹងឮក្នុងសមាសភាពរបស់ខ្លួនជាមេដឹកនាំ។ ជាខ្លឹមសារសរុប លោកស្រី ជា លាង ដែលជាសហព្រះរាជ អាជ្ញាជាតិ និងលោក អេនឌ្រូ ខេលី ដែលជាសហព្រះរាជអាជ្ញាអន្ដរជាតិ បានសង្កត់ ធ្ងន់ថា ទ្រឹស្ដីសហកម្មឧក្រិដ្ឋកម្មរួមបានដាក់ឱ្យជនជាប់ចោទទាំងបីរូបនេះជាប់ចោទពីបទចោទ ប្រកាន់ព្រហ្មទណ្ឌដែលក្នុងនោះរួមមាន ការជម្លៀសដោយបង្ខំ ការធ្វើជាទាសករ ការធ្វើបន្សុទ្ធកម្មជាប្រព័ន្ធ និងទ្រង់ទ្រាយធំ ការរៀបការទាំងបង្ខំ និងអំពើប្រល័យពូជសាសន៍លើក្រុមជនជាតិ និងក្រុមសាសនា។
យ៉ាងណាមិញ គ្មានមេដឹកនាំណាម្នាក់បានទទួលស្គាល់ពីកំហុសជាលក្ខណៈប្រវត្ដិសាស្ដ្រដែលខ្លួនបាន ប្រព្រឹត្ដនៅក្នុងអំឡុងពេលដឹកនាំរបស់ខ្លួននោះឡើយ។ ផ្ទុយ ទៅវិញ មេដឹកនាំទាំងអស់នេះបានលើកយក មូលហេតុមិនចេះចប់ដើម្បីចោទសួរដេញដោលទៅកាន់សហព្រះរាជអាជ្ញាវិញ។ នួន ជា បានលើក អំណះអំណាងមួយ ចំនួនមកប្រឆាំងនឹងព្រះរាជអាជ្ញាវិញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយ បាននិយាយថា ដំណើរការកាត់ទោសនេះគឺអយុត្ដិធម៌។ នួន ជា បានអានអំណះអំណាងរបស់ខ្លួន ដែលមានខ្លឹមសារថា តុលាការបានត្រឹមតែពិនិត្យមើលរឿងរ៉ាវប្រវត្ដិសាស្ដ្រតែម្ខាងប៉ុណ្ណោះ ដោយមិនបានសិក្សាពីឫសគល់នៃដើមហេតុ និងឥទ្ធិពលនៃបដិវត្ដន៍ខ្មែរក្រហមឡើយ។ ដោយអះអាងបែបនេះ នួន ជា បានប្រៀបធៀបអង្គនីតិវិធីនេះទៅនឹងទស្សនៈមួយដែលថា អង្គជំនុំជម្រះ “មិនបានយកក្បាល និង កន្ទុយក្រពើមកវិភាគនោះទេ តែបែរជាយកតែខ្លួនក្រពើមកវិភាគទៅវិញ។” អំណះអំណាងរបស់ នួន ជា បានផ្ដោតទៅលើកត្ដាខាងក្រៅដូចជា ការឈ្លានពារបស់វៀតណាម និងការទម្លាប់គ្រាប់បែករបស់សហរដ្ឋ អាមេរិកដែលបានកើតឡើងមុនរបបគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ នួន ជា បានបន្ដថា របបកម្ពុជាប្រជាធិបតេយ្យមានការប្ដេជ្ញាចិត្ដយ៉ាងមោះមុត និងរឹងមាំក្នុងការការពារ និងរារាំងមិនឱ្យប្រទេសវៀតណាមឈ្លានពានប្រទេសកម្ពុជា។ ប៉ុន្ដែ នួន ជា បែរជាភ្លេចសួរខ្លួនឯងឱ្យ ច្បាស់ថា “ហេតុអ្វី”បានជារបបគ្រប់គ្រងរបស់ខ្លួនបានសម្លាប់ប្រជាជនកម្ពុជាអស់ជិតពីរលាននាក់ទៅ វិញ។
ដោយមិនបានធ្វើការឆ្លើយតបទៅនឹងបទចោទប្រកាន់នីមួយៗរបស់សហព្រះរាជ អាជ្ញា អៀង សារី បានអានអំណះអំណាងរបស់ខ្លួននាពេលព្រឹកថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០១១ ដោយនិយាយថា ខ្លួនមិន សមនឹងត្រូវបាននាំមកកាត់ទោសនោះឡើយ។ អំណះអំណាងរបស់ អៀង សារី ដែលមានចំនួន ជិតពីរទំព័របានសង្កត់ធ្ងន់ថា “...នៅឆ្នាំ១៩៩៦ ខ្ញុំបានទទួលព្រះរាជក្រឹត្យលើកលែងទោស និងអភ័យ ទោសពីអតីត ព្រះមហាក្សត្រ នរោត្ដម សីហនុ”។ ប៉ុន្ដែ វាគួរឱ្យកត់សម្គាល់ដែរថា ទឹកមុខរបស់ អៀង សារី នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងបានបង្ហាញនូវការគោរពដ៏ខ្ពង់ខ្ពស់ដល់អង្គសវនាការទាំងមូល។
ចំណែកឯ ខៀវ សំផន គឺជាជនទីបីដែលបានអានអំណះអំណាងរបស់ខ្លួននៅថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០១១ ហើយបានចោទសួរសហព្រះរាជអាជ្ញាវិញដោយបានលើកឡើងថា “...កាលពីពីរថ្ងៃមុន ខ្ញុំមានអារម្មណ៍ខុសពីអ្វីដែលខ្ញុំបានរំពឹងទុកជាមុន... សហព្រះរាជអាជ្ញាបានត្រឹមតែធ្វើការចោទប្រកាន់់ស្មាន តែប៉ុណ្ណោះ ដោយគ្មានភ័ស្ដុតាងជាសម្អាង ហើយលើកយកបញ្ហានេះបន្ដិច នោះបន្ដិច”។ ខៀវ សំផន បានស្នើសុំឱ្យសហព្រះរាជអាជ្ញាលុបបទចោទប្រកាន់ទាំងនោះចេញ ពីព្រោះគ្មានឯកសារណាមួយបាន អះអាងថា ខៀវ សំផន គឺជាសមាជិកគណៈមជ្ឈិមជាផ្លូវការនោះទេ។ ខៀវ សំផន ថែមទាំង និយាយទៀតថា មុខតំណែងជា “ប្រមុខរដ្ឋ” គឺគ្រាន់តែជាមុខតំណែងក្លែងក្លាយតែប៉ុណ្ណោះ។
ការលើកឡើងទាំងអស់របស់មេដឹកនាំខ្មែរក្រហមទាំងនោះ បានក្លាយជាការអនុវត្ដសាមញ្ញទៅ ហើយសម្រាប់មេដឹកនាំទាំងអស់នោះ ក្នុងការព្យាយាមគេចវេះពីការ ទទួលខុសត្រូវរបស់ខ្លួន។ អ្វីដែល មេដឹកនាំទាំងនោះគួរតែដឹងខ្លួនគឺថា ភាពផ្ដាច់ការ និងភាពជ្រុលនិយមនៃរបបគ្រប់គ្រងរបស់ខ្លួនដែល បានបណ្ដាលឱ្យមានការធ្វើបន្សុទ្ធកម្មជាប្រព័ន្ធ និងជាទ្រង់ទ្រាយធំ អាចជាហេតុផលមួយក្នុងចំណោម ហេតុផលរាប់មិនអស់ផ្សេងទៀតដែលបានដឹកនាំឱ្យរបបកម្ពុជាប្រជាធិបតេយ្យនេះបំផ្លិចបំផ្លាញគ្រប់វិស័យ ទាំងអស់របស់ប្រទេសជាតិខ្លួន ហើយថែមទាំងបានសម្លាប់ប្រជាជនកម្ពុជាប្រមាណជិតពីរលាននាក់ ទៀតផង។
ជាក់ស្ដែង របបនេះបានសាបព្រោះគ្រាប់ពូជនៃភាពជាសត្រូវ ដោយរបបនេះបាន ធ្វើឱ្យទំនាក់ទំនង រវាងជនរងគ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមប្រឈមមុខនឹងបញ្ហា។ ដោយបានឆ្លងកាត់នូវកិច្ចខំ ប្រឹងប្រែងជាច្រើនបែបដើម្បីផ្សះផ្សារវាងជន រងគ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមចាប់តាំងពីការ ដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៩មក ទាំងជនរងគ្រោះ និងអតីតកម្មាភិបាលខ្មែរ ក្រហមថ្នាក់ក្រោមបានចូលរួមជាមួយគ្នាដើម្បីតាមដានដំណើរការកាត់ទោសតាមផ្លូវច្បាប់ ប្រឆាំងនឹង មេដឹកនាំទាំងអស់នោះ។ នេះគឺជាដំណើរការដ៏សំខាន់មួយ ដើម្បីបង្ហាញ ឱ្យឃើញថា ភាគីទាំងពីរនេះ ទាំងជនរងគ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ ក្រោមកំពុងតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងអំពើ ប្រល័យពូជសាសន៍។
ការរួមបញ្ចូលគ្នានូវភាពខុសគ្នា
ពាក្យ “ប្រល័យពូជសាសន៍” បើប្រែសម្រួលតាមផ្លូវច្បាប់គឺសំដៅទៅលើឧក្រិដ្ឋកម្មដែលបានកើត ឡើងនៅក្នុងប្រវត្ដិសាស្ដ្រពិភពលោក។ មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យក៏ត្រូវបាននាំខ្លួន មកកាត់ទោសដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអន្ដរជាតិ ដោយក្នុងនោះរួមមាន អំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិវៀតណាម (រួមបញ្ចូលទាំងជនជាតិខ្មែរកម្ពុជាក្រោម) និងជនជានចាម ដែលជនជាតិចាម មានចំនួនច្រើនស្ថិតក្នុងលំដាប់ទីពីរនៃចំនួនប្រជាជនកម្ពុជាសរុប។ ការលំបាកវេទនាដែលបង្កឡើងដោយ ភាពសាហាវឃោរឃៅនៃឧក្រិដ្ឋកម្មដែលបានកើតឡើងនៅរបបនោះមិនត្រូវបាននិយាយចេញឡើង ហើយ ការលាក់ទុកនូវការឈឺចាប់ទាំង អស់នោះ បានបង្កឱ្យជនរងគ្រោះជួបប្រទះនូវការក្រៀមក្រំចិត្ដ និងការពិបាកក្នុងចិត្ដ។ ការពិបាកក្នុងចិត្ដដែលអ្នកដែលរស់រានមានជីវិតបានញំនាំមកជាមួយបានបង្កឡើង ជាបញ្ហាដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ។ មិន ថាតិចឬក៏ច្រើន វាបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ជាពិសេសទំនាក់ទំនងរវាងជនរង គ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម។ អំពើប្រល័យពូជសាសន៍បានកាត់ផ្ដាច់នូវការទំនាក់ ទំនងរបស់ពួកគាត់ ទាំងផ្នែកស្មារតី ក៏ដូចជាការចូលរួមនៅក្នុងសង្គម។ ទោះបីជាយ៉ាងនេះក៏ដោយ នៅ ពេលដែលពេលវេលាបានកន្លងផុតយូរទៅ ការប្រែប្រួលនឹងអាចកើតមាន។ ការ ប្រែប្រួលនោះ គឺអាច មើលឃើញជាក់ស្ដែងថា វាប្រែប្រួលពីការរើសអើងរវាង “ពួកយើង” និង “ពួកគាត់” ត្រួវបានកាត់ បន្ថយ។
ក្នុងន័យនេះ អំពើប្រល័យពូជសាសន៍ ហាក់ដូចជាបានជួយផ្សះផ្សា ដោយបានរួម បញ្ចូលនូវភាពខុសគ្នា ដែលធ្លាប់កើតមានកាលពីមុន។ លោកស្រី ប៊ុត គីមុន្នី ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកពីខេត្ដបាត់ដំបង បានបង្ហាញពីការអត់ឱនរបស់គាត់ចំពោះអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម ដោយនិយាយថា ពួកគាត់គ្រាន់តែអនុវត្ដន៍តាមបង្គាប់របស់គេនោះទេ។ គាត់បានធ្វើការសម្ដែងមតិនេះ ចេញមក ដោយមិនបានដឹងថា លោក ឈឹម ផន ដែលកំពុងអង្គុយនៅក្បែរគាត់នោះ គឺជាអតីតកម្មាភិ- បាលខ្មែរក្រហមនោះទេ។ ជាញឹកញាប់ លោក ឈឹម ផន បានសម្លឹងទៅមើលពិដានខាងលើ ហើយទឹកមុខរបស់គាត់ហាកដូចជាសប្បាយរីករាយ នៅពេលដែលគាត់បានស្ដាប់ឮមតិរបស់អ្នកចូលរួម ផ្សេងទៀតបានលើកឡើង។ ទោះបីជាលោក ឈឹម ផន មិនបាននិយាយអ្វីក៏ដោយ ក៏ប្រពន្ធរបស់គាត់ ដែលបានមកជាមួយគាត់ បានងក់ក្បាលយល់ព្រមទៅនឹងមតិដែលអ្នកចូលរួមផ្សេងទៀតបានលើកឡើង ហើយគាត់បានខ្សឹបតិចៗថា “វាត្រឹមត្រូវហើយ”។
ក៏ប៉ុន្ដែ សំណួរដែលប្រឈមមុខសម្រាប់គាត់នោះត្រូវបានលើកឡើងថាតើ កម្មាភិបាលខ្មែរក្រហម ថ្នាក់ក្រោមអាចធ្វើលើសពីបញ្ជាមេរបស់គេដែរឬទេ ពីព្រោះថាអ្នកទាំងនេះអាចត្រូវបានជំរុញឱ្យប្រព្រឹត្ដ ទង្វើទាំងអស់នោះដោយការលោភលន់ ការច្រណែន ឬ ការសងសឹក។ អ្នកចូលរួមទាំង៣០នាក់ ស្ថិតនៅក្នុងសភាពស្ងប់ស្ងៀមមួយរយៈ នៅមុនពេលដែល លោកស្រី មុន្នី បន្ដទៀតថា ប្រសីនបើដូច្នេះ មែននោះ អ្នកដែលរស់រានមានជីវិតមានសិទ្ធិខឹងអតីតកម្មាភិបាលថ្នាក់ក្រោមទាំងនោះ។ ក៏ប៉ុន្ដែលោក សួន សុខខេន ដែលបច្ចុប្បន្នជាចៅសង្វាត់រងទី១ របស់សង្កាត់ស្វាយប៉ោ ខេត្ដបាត់ដំបង និង លោក គង់ វត្ថា ជាអនុប្រធានមន្ទីរសង្គមកិច្ចខេត្ដបាត់ដំបង បានលើក ឡើងថា យ៉ាងហោចណាស់ក៏មានអតីត កម្មាភិបាលថ្នាក់ក្រោមមួយចំនួនបានប្រព្រឹត្ដអំពើរព្រៃផ្សៃតាមចិត្ដរបស់ខ្លួនដែរ។ ប៉ុន្ដែកម្មាភិបាលជា ច្រើន ដែលរួមមានទាំង លោក ឈឹម ផន ផងនោះ ត្រូវតែទទួលស្គាល់រឿងនេះ និងបង្ហាញពីការ សោកស្ដាយចំពោះរឿងអាក្រក់ដែលខ្លួនបានប្រព្រឹត្ដ។ យោងតាមបទសម្ភាសន៍ជាមួយនឹងអតីត កម្មាភិបាលខ្មែរក្រហម ចំនួន៣នាក់ និងអ្នករស់រានមានជីវិត៨នាក់ ពួកគាត់បាន លើក ឡើងនូវឃ្លាមួយថា ពៀររំងាប់ដោយការមិនចងពៀរ។ ឃ្លានេះបង្ហាញថា គាត់មិនចង់ ឃើញមេដឹកនាំខ្មែរក្រហមថ្នាក់ក្រោម លើកលែងតែជនជាប់ចោទនៅតុលាការខ្មែរ ក្រហមសព្វថ្ងៃ ទទួលការកាត់ទោសនោះទេ។ គាត់បាន បង្ហាញពីការរៀបចំខ្លួនអត់ទោសឱ្យកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម ដែលការទទួលខុសត្រូវខាង ផ្នែកសីលធម៌ របស់ពួកគាត់អាចទទួលយកបាន។
ការទទួលខុសត្រូវផ្នែកសីលធម៌របស់អតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម
រហូតមកដល់ពេលនេះ មានមេដឹកនាំខ្មែរក្រហម៣នាក់ នួន ជា, អៀង សារី, ខៀវ សំផន មិនដែល ទទួលស្គាល់ការស្លាប់របស់ប្រជាពលរដ្ឋជាងពីរលាននាក់ និងរឿងរ៉ាងឈឺចាប់យ៉ាងច្រើនរបស់ជនរងគ្រោះ ដែលជាលទ្ធផលនៃរបបនេះនោះទេ។ ហេតុដូច្នេះហើយ កិច្ចដំណើរការផ្លូវច្បាប់របស់សាលាក្ដីខ្មែរក្រហម បានក្លាយទៅជាមធ្យោបាយចុងក្រោយមួយ ក្នុងការជំរុញឱ្យមេដឹកនាំខ្មែរក្រហមទទួលទោសកំហុសរបស់ខ្លួន តាមរយៈភ័ស្ដុតាងដាក់បន្ទុកដ៏ច្រើនលើសលប់។ តែទោះជាយ៉ាងណា ក៏ ដោយ មិនមែនមនុស្សទាំងអស់គ្នា សុទ្ធតែមានការចាប់អារម្មណ៍ចំពោះសវនាការនេះឡើយ។
ក្នុងចំណោមប្រជាជន៣០នាក់ ដែលត្រូវ បានអញ្ជើញឱ្យចូលរួមសវនាការតាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ភី ភួន ឈ្មោះបដិវត្ដន៍ ចៀម អតីតនិរសាររបស់ អៀង សារី បានប្រាប់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាថា គាត់ ពិតជាមិនពេញចិត្ដចំពោះការចោទប្រកាន់របស់តុលាការទៅលើអតីតចៅវាយនាយរបស់គាត់ឡើយ។ ផួន ដែលជាជនជាតិភាគតិចចារាយ បានសម្រេចចិត្ដមិនចូលរួមស្ដាប់សវនាការនៅថ្ងៃទី២ ហើយ ក៏ត្រឡប់ទៅផ្ទះនៅក្នុងស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យវិញ។ គាត់បានប្រាប់បុគ្គលិកមជ្ឈមណ្ឌល ឯកសារកម្ពុជាថា គាត់មានធុរៈបន្ទាន់នៅឯផ្ទះ។
តែទោះជាយ៉ាងណាក៏ដោយ ក៏មានការលើកឡើងថា មនោគមន៍វិជ្ជា គោលនយោបាយ អំពើផ្ដាច់ការ និងជ្រុលនិយមបានជំរុញឱ្យកម្មាភិបាលថ្នាក់ក្រោម របស់របបកម្ពុជាប្រជាធិបតេយ្យសម្លាប់គ្នាឯងទៅវិញ ទៅមក និងប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ កេរដំណែលរបស់របបកម្ពុជាប្រជាធិបតេយ្យបានធ្វើឱ្យអតីត កម្មាភិបាលខ្មែរក្រហមភាគច្រើនមានការសោកស្ដាយ និងវិប្បដិសារីចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ដ។ ឈឹម ផន ដែលអញ្ជើញមកពីស្រុកម៉ាឡៃបានលើកឡើងនៅក្នុងបទសម្ភាសន៍ថា ដោយសារតែមានបញ្ជាពី មេរបស់គាត់ ទើបធ្វើឱ្យគាត់សម្លាប់គូស្នេហ៍មួយគូនៅ មុខវត្ដព្រះនេត្រព្រះ។ ឈឹម ផន បាននិយាយថា ៖ “សំអាត ជាអ្នកបញ្ជាឱ្យខ្ញុំសម្លាប់គូស្រករនោះ។ នៅក្នុងកិច្ចប្រជុំនៅពេលដែលព្រឹត្ដការណ៍នោះបាន កើតឡើង ប្រជា ជនរាប់ពាន់នាក់នៅក្នុងឃុំព្រះនេត្រព្រះទាំងមូលត្រូវបានកោះហៅឱ្យមកធ្វើជាសាក្សីក្នុង ការសម្លាប់គូស្នេហ៍មួយគូនេះ។ ការដាក់ទោស (ដែលខ្មែរក្រហម ចាត់ទុកថាជាតុលាការប្រជាជន) ត្រូវ ធ្វើឡើងដើម្បីព្រមានដល់អ្នកដទៃទៀត ដើម្បីកុំឱ្យប្រព្រឹត្ដខុសដូចគូស្នេហ៍មួយគូនេះ បើមិនដូចច្នោះទេ នឹងមានវាសនាដូចជាគូស្នេហ៍មួយគូនោះអ៊ីចឹងដែរ។
លោក ឆាំង យុ ដែលកាលនោះមានអាយុ១៤ឆ្នាំ ហើយស្នាក់នៅត្រឹមតែជាង១០០ម៉ែត្រប៉ុណ្ណោះពីកន្លែងសម្លាប់នៅក្នុងភូមិត្រញំងវែង ក៏ត្រូវបានហៅឱ្យ ទៅចូលរួមកិច្ចប្រជុំនោះដែរ ហើយលោកបានឃើញការសម្លាប់នោះដោយផ្ទាល់ភ្នែកផងដែរ”។ ក្រោយ មក ឈឹម ផន បានលើកឡើងថា បន្ទាប់ពីធ្វើតាមបញ្ជាហើយ គាត់មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេល ដែលរំឭកដល់ព្រឹត្ដការណ៍ដ៏គួរឱ្យរន្ធត់នោះ។ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ គាត់រស់នៅ ដោយមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់។ គាត់បានរត់ចេញជាមួយកងកម្លាំងរត់ចោល ជួររបស់ខ្មែរក្រហម ហើយមិនបានត្រឡប់មកស្រុកព្រះនេត្រព្រះវិញទេ រហូតដល់សព្វថ្ងៃនេះ។
បើទោះបីជាតុលាការប្រជាជនបដិវត្ដន៍បានកាត់ទោសកំបាំងមុខ ប៉ុល ពត ដែលជានាយករដ្ឋមន្ដ្រីរបស់ របបកម្ពុជាប្រជាធិបតេយ្យ និង អៀង សារី នៅខែសីហា ឆ្នាំ១៩៧៩ ក៏ដោយ ក៏មិនដែលមាន វិធានការផ្លូវច្បាប់ជាក់លាក់ណាមួយត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងកម្មាភិបាលថ្នាក់ក្រោមនោះទេ។ បើទោះជាកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោមជាច្រើន ដែលរួមមានទាំង ឈឹម ផន ផងបានយល់ឃើញថា ពួកគេគួរតែ មានការទទួលខុសត្រូវផ្នែកសីលធម៌ចំពោះទង្វើដែលពួកគេបានប្រព្រឹត្ដ។ ឈឹម បាននិយាយ ថា ៖ “...បើទោះបីជាអ្នកដែលទទួលរងគ្រោះដោយព្រឹត្ដការណ៍នោះស្ដី បន្ទោស និងវាយប្រហារ មកលើខ្ញុំ ខ្ញុំនឹងមិនខឹងឡើយ។ នៅក្នុងចិត្ដរបស់ខ្ញុំ ខ្ញុំមិនបានប្រព្រឹត្ដបទល្មើសដោយចេតនាផ្ទាល់របស់ខ្ញុំឡើយ... បើទោះបីជាមានមនុស្សម្នាក់ដែលដុតរោលដោយកំហឹង វ៉ៃ និងទាត់ធាក់ខ្ញុំ។ ខ្ញុំនឹងមិនតដៃឡើយ”។ ឈឹម ផន បាននិយាយថា ការធ្វើបែបនេះគឺជាការទទួលខុសត្រូវខាងផ្នែកសីលធម៌ចំពោះទង្វើដែលគាត់ បានប្រព្រឹត្ដ។
បញ្ហាដែលថា “វាជាការបញ្ជារបស់ថ្នាក់លើ” គឺជាប្រយោគដ៏សាមញ្ញមួយ ដែលកម្មាភិបាលខ្មែរក្រហម ថ្នាក់ក្រោមបានយកមកប្រើប្រាស់ដើម្បីបន្ធូរបន្ធយទោស កំហុសរបស់ខ្លួនឯង។ លោក សេង ចុន មកពីខេត្ដកំពង់ឆ្នាំង និង លោកស្រី មុត គីមុន្នី មកពីខេត្ដបាត់ដំបង ទទួលស្គាល់ការលើកឡើងនេះ ប៉ុន្ដែ នៅតែមិនអាចអត់ឱនឱ្យបាន ប្រសិនបើអតីតកម្មាភិបាលខ្មែរក្រហមប្រព្រឹត្ដឡើងដោយកំហឹងផ្ទាល់ របស់ ខ្លួន និងដោយចេតនាផ្ទាល់ខ្លួន។ ទាក់ទងនឹងបទឧក្រិដ្ឋរបស់កម្មាភិបាលថ្នាក់ក្រោមនៅតែមាន ភាពមិនច្បាស់លាស់ក្នុងទម្រង់រូបភាពជាច្រើន។ ជាការតបស្នងវិញ ឈឹម ផន បានជ្រើសរើស មធ្យោបាយខាងសាសនា ដើម្បីបនស្រន់ទៅដល់គូស្នេហ៍ទាំងពីរនោះ។ ជាច្រើនលើកមកហើយ ឈឹម ផន បានលើកឡើងថា ការចូលរួមសវនាការនេះមានប្រយោជន៍ ហើយបានធ្វើឱ្យគាត់មានអារម្មណ៍ធូរស្បើយ ដោយសារតែគាត់បាន បង្ហាញប្រាប់សាធារណជនពីទោសកំហុសរបស់គាត់ ដែលពីមុនមកគាត់មិនដែល បាននិយាយជាសាធារណៈនោះទេ ចាប់តាំងពីពេលដែលគាត់បានប្រព្រឹត្ដបទល្មើសនោះមក។
សេចក្ដីបញ្ចប់
អ្នកចូលរួមភាគច្រើនយល់ឃើញថា ទស្សនកិច្ចចូលរួមអង្កេតមើលសវនាការលើកនេះមិនត្រឹមតែមាន សារសំខាន់នោះទេ តែថែមទាំងជំរុញឱ្យមានការទទួលខុសត្រូវទៀតផង។ ជាងនេះទៅទៀត គាត់ មានការពេញចិត្ដក្នុងការស្វែងយល់ពីខាងផ្នែកសីលធម៌គ្នាទៀតផង។ នៅពេលដែលសួរពីការចូលរួម តាមដានសវនាការជាមួយនឹងអតីតកម្មាភិបាលខ្មែរក្រហម អ្នករស់រានមានជីវិត៦នាក់ មកពីខេត្ដបាត់ដំបង បាននិយាយថា ការធ្វើបែបនេះគឺជារឿងល្អមួយ ហើយគាត់ទាំងអស់គ្នាមិនមានអារម្មណ៍រើសអើងចំពោះ អតីតកម្មាភិបាលខ្មែរក្រហមទាំងនោះទេ។ គាត់ទាំងអស់ស្នាក់នៅ ធ្វើដំណើរ និង តាមដានសវនាការ រយៈពេលបីថ្ងៃទាំងអស់គ្នា។ ដំណើរទស្សនកិច្ចតាមដានសវនាការលើកនេះ គឺជាដំណើរទស្សនកិច្ច ដ៏មានប្រយោជន៍មួយក្នុងការស្ដារឡើងវិញនូវទំនាកទំនងដ៏លំបាក ដែលជាកេរដំណែលរបស់របបកម្ពុជា ប្រជាធិបតេយ្យ។ លើសពីនេះទៅទៀត អ្នកចូលរួមបានទទួលព័ត៌មានពីសវនាការកាត់ទោស “មេដឹកនាំ ជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត”។ ដំណើរទស្សនកិច្ចនេះនឹងផ្ដល់សារដល់ប្រជាជនទាំងអស់ក្នុង ការថែរក្សាទំនាក់ទំនង ជាពិសេសរវាងជនរងគ្រោះ និង អតីតកម្មាភិបាលខ្មែរក្រហមនៅក្នុងសង្គម របស់យើង។ បណ្ដាញសារព័ត៌មាន ប៊ីប៊ីស៊ី (ពពជ) បានដកស្រងសម្ដីរបស់លោក ហុង ហ៊ុយ ថា ៖ “....កុំមានអារម្មណ៍គុំកួនជាមួយនឹងមនុស្សដូច ឈឹម ផន។ អ្នកដែលត្រូវស្ដីបន្ទោសនោះ គឺមេដឹក នាំខ្មែរក្រហមដែលកំពុងត្រូវបានកាត់ទោស”។
នៅក្នុងដំណើរទសន្សកិច្ចនេះ មានរឿងមួយកើតឡើងចំពោះអ្នកចូលរួមម្នាក់។ លោក ស្រី ជួន រិន ប្រពន្ធរបស់ ឈឹម ផន បានដួលនៅពេលដែលគាត់ឡើងកាំជណ្ដើរថ្ម។ នៅពេលដែលគាត់ក្រោក ឈរវិញ ក្បាលជង្គង់របស់គាត់ហូរឈាមរហាចនៅទ្វារចូលរបស់សាលាក្ដីខ្មែរក្រហម។ ដោយឃើញ សភាពបែបនេះ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជូនគាត់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យដែល មានគុណភាព និងមានវិជ្ជាជីវៈមួយនៅទីក្រុងភ្នំពេញ។ ហេតុការណ៍នេះបានធ្វើឱ្យផ្អាកកិច្ចប្រជុំនៅក្រោយ ពេលស្ដាប់សវនាការនៅមជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១១។ ឈឹម ផន បាននិយាយថា ការសារភាពរបស់គាត់ចំពេលដែលប្រពន្ធរបស់គាត់ត្រូវរបួសជើង។ ពេលដែលមាន អារម្មណ៍សោកស្ដាយចំពោះរឿងហេតុដែលកើតឡើងលើប្រពន្ធគាត់ គាត់និយាយថា បើសិនជាគាត់មិន បានសារភាពពីទោសកំហុសរបស់គាត់ទេ នោះប្រហែលជាស្ថានភាពរបស់ប្រពន្ធគាត់អាចនឹងអាក្រក់ ជាងនេះទៅទៀត។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment