តាមទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា ក្រុមហ៊ុន «ឡាស វេហ្គាស សេន» (Las Vegas Sands) ដែលជាក្រុមហ៊ុនវិនិយោគផ្នែកកម្សាន្តសប្បាយនិងសេវាកម្មទេសចរណ៍ដ៏ធំនៅសហរដ្ឋអាមេរិក បានប្រកាសផែនការសាងសង់អគារ «ខុមផ្លេក»ផ្នែកទេសចរណ៍ក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម ដោយចំណាយថវិកា២.០០០លានដុល្លារ ។ អគារខុមផ្លេកខាងលើនឹងមានគ្រោងជារូបនាវា ឬសំពៅចំនួន២គ្រឿង ស្ថិតនៅពីលើផ្កាឈូកដ៏ធំដែលជាទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលប្រជុំ មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ប៉ា រោងភាពយន្ត សារមន្ទីរ និងទីតាំងកម្សាន្ត សប្បាយផ្សេងៗទៀត ។ ក្រៅពីនេះ អគារខាងលើក៏អាចប្រើប្រាស់ជំនួសពាក្យថា «កាស៊ីណូ»ទៅជាពាក្យថា «ទីតាំងលេងហ្គេម» ។
លោកសេលដុន អេឌ័រសុន ប្រធានក្រុម ហ៊ុន «ឡាស វ៉េហ្គាស សេន» បានប្រកាសពីផែនការវិនិយោគទុនខាងលើ ក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោកឡេ ថាញ់ហាយ លេខាធិការបក្សក្រុងហូជីមិញកាលពីថ្ងៃទី៧ ធ្នូ កន្លងទៅ ។នៅពេលសាងសង់រួចរាល់ ទីតាំងដ៏ធំនេះនឹងក្លាយជានិមិត្តរូបមួយរបស់ក្រុងហូជីមិញ និងជាប្រភពទាក់ទាញភ្ញៀវទេសចរចូលទៅកាន់ទីក្រុងដ៏ធំនៅភាគខាងត្បូង ប្រទេសវៀតណាមនេះបានកាន់តែច្រើន ។
ការបង្កើតគម្រោងសាងសង់អគារដ៏ស្កឹមស្កៃខាងលើ ក្នុងក្រុងហូជីមិញនេះចាត់ទុកថា ជាព្រឹត្តិការណ៍ដើរតាមគន្លងនៅប្រទេសសិង្ហបុរីដែលមានអគារខ្ពស់ៗប្រកបដោយកាស៊ីណូ និងរមណីយដ្ឋានគួរឱ្យទាក់ទាញ នៅអាស៊ី ៕
No comments:
Post a Comment