ជាពិធីបុណ្យសាសនាធំមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះរាជពិធីទ្វាទសមាស ប្រជារាស្ត្រទូទាំង ព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមក។ វិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើង ដោយមិនដែលមានការអាក់ខានឡើយ។ ចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មានរយៈពេល ១៥ថៃ្ង។ ចំពោះបិណ្ឌ1, បិណ្ឌ2 …រហូតដល់បិណ្ឌ១៤គឺជាថ្ងៃកាន់បិណ្ឌ (ថ្ងៃដាក់បិណ្ឌ)។ ចំណែកនៅថៃ្ងបញ្ចប់គេហៅថាថៃ្ង “ភ្ជុំបិណ្ឌ”។ ថ្ងៃចុងក្រោយ គេហៅថាភ្ជុំបិណ្ឌព្រោះ អ្នកស្រុកតែងមកប្រជុំគ្នាធ្វើបុណ្យក្នុងវត្តគ្រប់ៗគ្នា។ បុណ្យភ្ជុំបិណ្ឌជាបុណ្យបែបព្រះពុទ្ធសាសនា។ នៅពេលពិធីបុណ្យភ្ជុំបិណ្ឌមកដល់ បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
“បិណ្ឌ” មានន័យថាម៉េច?
ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា៖ (ភ្ជុំ) គឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ។ រីបិណ្ឌ (ភាសាបាលី) មានន័យថា “ដុំបាយ ឬ ពំនូតបាយ” ដូចេ្នះ មានន័យរួមថា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ ដែលយើងហៅថា “បាយបិណ្ឌ”)។
ភ្ជុំបិណ្ឌកើតឡើងនៅពេលណា?
បើតាមតម្រាចារ តាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាល ក៏ប៉ុន្តែពុំទាន់មានឯកសារណាបញ្ជាក់ច្បាស់លាស់ ថាកើតនៅសម័យណា ឬឆ្នាំណាឲ្យប្រាកដនោះទេ។ កាលពីបរមបុរាណ គេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានគេបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យភ្ជុំបិណ្ឌនេះឯង។
រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ
អ្នកប្រាជ្ញ បានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
1.គម្ពីរបេតវត្ថុ: បកស្រាយពីរឿងប្រេត គម្ពីរអានិសង្សបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
2.គម្ពីរពិទ្យាធរឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
3.គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជាដើម…។
បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយអង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោកមានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោសន្ធៅក្ដៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពលរបស់លោក ក៏មានផ្កាឈូករត័្នមួយធំ ប៉ុនកងរាជរថផុសចេញមក រួចលោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យព្រះអង្គត្រជាក់ស្រួលមិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំងនោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សម្ដែងធម៌ទេសនាឲ្យពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា៖ “ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្ដៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យបងប្អូនញាតិមិត្ត ម៉ែឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមកដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃបុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យបានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ”។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្ដាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្ត្រទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។
តើហេតុអ្វីបានជាគេនិយមធ្វើបុណ្យភ្ជុំបិណ្ឌក្នុងរនោចខែភទ្របទ?
គម្ពីរនានាក្នុងពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅ តែងទៅកើតក្នុងកំណើតផ្សេងៗ តាមផលនៃកម្ម។ មនុស្សចិត្តអាក្រក់ដែលបានធ្វើអំពើបាបផ្សេងៗ លុះស្លាប់ទៅតែងតែទៅកើតក្នុងកំណើតមួយហៅថា “ប្រេត”។ គម្ពីរមិលិន្ទបញ្ហាសម្ដែងថា ប្រេតមានបួនប្រភេទគឺ៖
ក. ប្រេតចិញ្ចឹមជីវិតដោយខ្ទុះឈាម
ខ. ប្រេតដែលស្រេកឃ្លានអាហារជានិច្ច
គ. ប្រេតដែលភ្លើងឆេះជានិច្ច
ឃ.ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ
គឺប្រេតទីបួននេះហើយ ដែលគេតែងធ្វើបុណ្យភ្ជុំបិណ្ឌឧទ្ទិសផលឬសែនឲ្យ។ គេនិយមរើសចំ ថ្ងៃរនោចខែភទ្របទ ព្រោះវេលានោះ ព្រះចន្ទពុំសូវមានពន្លឺខ្លាំង ហើយចេះតែងងឹតទៅៗ។ ឱកាសនេះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះ ឲ្យមករស់នៅលាយឡំជាមួយមនុស្ស ចំាទទួលភោគផល ដែលបងប្អូនធ្វើបុណ្យឧទ្ទិសឲ្យព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើក្នុងរយៈពេល១៥ថ្ងៃ ពួកប្រេតបានដើររកគ្រប់ ៧វត្ត នៅតែពុំឃើញមានបងប្អូនណាធ្វើបុណ្យបញ្ចូនកុសលទៅឲ្យទេ ពួកប្រេតនោះនឹងអត់បាយ អត់ទឹក ស្រេកឃ្លានរងទុក្ខវេទនាក្រៃលែង ហើយនឹងជេរប្រទេចផ្ដាសាមកញាតិទាំងឡាយឲ្យទេ ពួកប្រេតនោះនឹងអត់បាយអត់ទឹក ស្រេកឃ្លានរងទុក្ខវេទនាក្រៃលែង ហើយនឹងជេរប្រទេសផ្ដាសាមកញាតិទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ប្រាស់ម្ដាយ ឳពុក ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំង៧សណ្តានជាដើម។
ហេតុអ្វីបានជាគេប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ?
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់បេតបុគ្គលជាឪពុកម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយមិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ៖
1.ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)
2.ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
3.ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្ត្រខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរ កាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ
ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។
នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។
ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។
នៅក្នុងវត្ត លោកតាអាចារ្យ ត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។
ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមាន លេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ។
ការបោះបាយបិណ្ឌ
សព្វថ្ងៃ បាយបិណ្ឌ គឺជាពំនូតបាយដំណើបចំអិនជាមួយខ្ទិះដូង ហើយលាយជាមួយគ្រឿងផ្សំផ្សេងៗទៀត ទៅតាមការនិយមរបស់អ្នកស្រុកក្នុងតំបន់នីមួយៗ។ គេដាក់បាយបិណ្ឌក្នុងថាសមួយយកទៅវត្ត។ នៅកណ្ដាលបាយបិណ្ឌ មានបាយបិតបូរ ដែលគេដាក់លើជើងពានតូចមួយ។ បាយបិតបូរ ដូចគ្នានឹងបាយបិណ្ឌដែរ ប៉ុន្តែគេធ្វើរាងស្រួចដូចសាជី ហើយធ្វើគម្របស្លឹកចេកគ្របពីលើដោយចោះកំពូលទុកដោតទៀនធូបនិងផ្កា។ នៅតំបន់ខ្លះ គេធ្វើបាយបិណ្ឌដាក់ក្នុងកន្ទោងចំនួន៨ព័ន្ធជុំវិញបាយបិតបូរ ហើយក្នុងកន្ដោងនីមួយៗមានពំនូតបាយបិណ្ឌពីមួយដុំទៅ១៥ដុំ។
ក្រៅពីដង្វាយផ្សេងៗក្នុងសាលាបុណ្យនៃវត្ត គេនាំគ្នារៀបចំតុបតែងធ្វើផ្កាបិណ្ឌ ដែលមានរាងមូលស្រួចដូចសាជី។ នៅលើកំពូលផ្កាបិណ្ឌ គេធ្វើរូបហង្សទ្រទៀន ដែលគេអុជរាល់យប់នៅពេលកាន់បិណ្ឌ។ គេថាផ្កាបិណ្ឌនេះជាដង្វាយចំពោះព្រះចូឡាមណី។
មុនថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃ គឺនៅថ្ងៃ១៤រោច នៅតាមផ្ទះនីមួយៗគេនិយមធ្វើនំអន្សម នំគម នំធ្មៃ សម្រាប់យកទៅប្រគេនព្រះសង្ឃ ឧទ្ទិសដល់អ្នកស្លាប់ទៅហើយផង ចែកចាយដល់អ្នកជិតខាងឬមិត្តភ័ក្តិផង។ នៅវេលាយប់នៃថ្ងៃនេះ នៅឯវត្តមាន ធ្វើពិធីបង្សុកូលដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់ជីវិតទៅហើយ ដោយមានការសូត្រធម៌ និងសម្ដែងធម៌ទេសនារហូតទល់ភ្លឺ។ លុះស្អែកឡើងថ្ងៃ១៥រោច្រ ខែភទ្របទ ដែលជាថ្ងៃចុងក្រោយ នៃពិធីកាន់បិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាធ្វើដំណើរទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ ខ្លះកាន់អន្សម នំគម នំធ្មៃ និងនំចំណីផ្សេងៗខ្លះទៀតកាន់ចានស្រាក់ដាក់ចង្ហាន់ទោប្រគេនព្រះសង្ឈ។
ក្រៅពីកាន់បិណ្ឌនៅឯវត្ត មានវិធីសែនព្រេននៅតាមផ្ទះនីមួយៗនៅវេលាយប់ថ្ងៃបង្ហើយនេះ។ នៅកណ្ដាលល្វែងផ្ទះ គេក្រាលកណ្ដាលមួយហើយដាក់ខ្នើយមួយនៅលើក្បាលកន្ទេលនោះ រួចយកសំពត់ស មកក្រាលពីលើខ្នើយ និងកន្ទេលមួយជាន់ទៀត។ នៅជុំវិញកន្ទេលគេរៀបថាស ម្ហូប នំ ចំណី បាយបិតបូរ បាយបិណ្ឌ ផ្ដិលទឹក ពានស្លាម្លូ ពានបារី។ រួចហើយគ្រួសារទាំងអស់ត្រូវមកអង្គុយជុំវិញរណ្ដាប់ទាំងនោះ។ លុះជុំគ្នាហើយ មេគ្រួសារអុជទៀន ធូប អញ្ញើញវិញ្ញាណក្ខន្ធដូនតាមកពិសាក្រយានេះឲ្យបរិបូណ៌ ហើយសុំឲ្យជួយថែទាំកូន ចៅដែលនៅរស់ឲ្យបានសេចក្ដីសុខសប្បាយផង។ លុះព្រឹកព្រហាមឡើង គេរៀបចំនំចំណីក្នុងកូនទូកធ្វើអំពីដើមចេក ហើយបណ្ដែតទឹកដើម្បីជូនដំណើរដូនតាទៅវិញ។
អត្ថន័យនៃបុណ្យភ្ជុំបិណ្ឌ
បើទោះបីជាគេមានជំនឿថាមានខ្មោចឬប្រេតក្ដី ឬគ្មានក្ដី ក៏ពិធីបុណ្យនេះមានអត្ថន័យធំធេង ដើម្បីឧទ្ទិសផលានិសង្សដល់ជនដែលធ្វើមរណកាលទៅហើយ និងអញ្ជើញវិញ្ញាណក្ខន្ធរបស់ដូនតា ម៉ែឪ ញ្ញាតិមិត្តជិតឆ្ងាយ ពិសាចំណីអាហារ។ នេះជាវិធីបុណ្យមួយសម្ដែងឲ្យឃើញ កតវេទិតាធម៌នូវកតញ្ញុតាធម៌ចំពោះបុរព្វបុរសដែលលោកបានកសាងទឹកដី បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ បើនិយាយពីផ្នែកអាណាចក្រវិញ វិធីបុណ្យនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាពយ៉ាងទូលំទូលាយ រវាងបព្វជិត និងគ្រហស្ថ រវាងពុទ្ធបរិស័ទ និងពុទ្ធបរិស័ទ រវាងសមាជិកគ្រួសារ និងអ្នកជិតខាង។ គេសង្កេតឃើញថា កូនចៅ ដែលធ្លាប់ទាស់គ្នា អាចអត់អោន យោគយល់គ្នាទៅវិញទៅមក នៅពេលប្រារព្ធវិធីបុណ្យនេះជាមួយគ្នា ដោយសន្យាចំពោះមុខវិញ្ញាណក្ខន្ធឪពុកម្ដាយថានឹងរូបរួមគ្នា ដូចបណ្ដាំរបស់គាត់។ គួរយើងរៀបចំវិធីបុណ្យតាមលទ្ធភាពរបស់យើង ដូចជា ផ្កា ទៀន ធូប បន្តិច ដល់ឪពុកម្ដាយ អាណាព្យាបាល ឬលោកយាយ លោកតា ដែលនៅជិតខាង ដើម្បីជាសេចក្ដីសុខដឹងគុណផង និងដើម្បីជានិមិត្តរូប នៃសាមគ្គីភាពដ៏ទូលំទូលាយ៕
ពាក្យពិបាក៖
ភត្ត៖ បាយ ឬអាហារ។
ទ្វាទសមាស៖ ខែទាំង១២នៃឆ្នាំ។
ពិទ្យាធរ៖ អ្នកទ្រទ្រង់វិជ្ជា (ឈ្មោះគម្ពី)។
អាហារភោជន៖ អាហារ។
ចុតហ្មាយ៖ សំបុត្រ។
បច្ច័យបួន (ចតុប្បច្ច័យ)៖ គិលានភេសជ្ជបច្ច័យ (ថ្នាំសង្កូវ), សេនាសនប្បច្ច័យ (កន្លែងស្នាក់នៅ), ចីវរបច្ច័យ (សំលៀកបំពាក់) និងបិណ្ឌបាតបច្ច័យ (អាហារ)។
រាជរថ៖ (រាជ=ស្ដេច, រថ=រទេះ) រទេះសម្រាប់ស្ដេច។
ឧបដ្ឋានសាលា៖ សាលាសម្រាប់ប្រើប្រាស់ និងសាលាសម្រាប់ប្រជុំគ្នាធ្វើទាន ឬសាលាសម្រាប់វត្ត។
សាធុការ៖ សម្រេចផល សម្រេចប្រយោជន៍។
ផលានិសង្ស៖ អានិសង្សនៃផល ឬសេចក្ដីសុខ សេចក្ដីចម្រើនដែលកើតចេញពីផលនៃអំពើល្អ។
ព្រះឧបគុត្តសេ្ថរ៖ ព្រះនាមរបស់ព្រះសម្មាសម្ពុទ្ធ។
ក្រយា៖ ភោជនាហារ។
សង្ឃភត្ត៖ បាយ ឬអាហារដែលគេប្រគេនដល់ព្រះសង្ឃ។
បេតជនញាតិ៖ ញាតិសណ្ដានដែលបានស្លាប់ទៅហើយកើតជាប្រេត។
គោចរ៖ ដំណើរយាត្រាស្វែងរកចំណីអាហារ។
បរិស័ទ៖ ពួកជនដែលមកប្រជុំគ្នា។
ធម៌បរាភវសូត្រ៖ ធម៌សូត្រនៅពេលព្រឹកដើម្បីពួកប្រេតស្ដាប់ និងអប់រំដល់មនុស្សកុំឲ្យធ្វើអំពើអបាយមុខផ្សេងៗ។
បាយបិត្តបូរ៖ បាយសម្រាប់បំពេញបាត ឬបាយដែលទុកសម្រាប់បម្រុងនឹងថែមក្រែងព្រះភិក្ខុឆាន់មិនគ្រាន់ ឬអាចហៅម្យ៉ាងទៀតថាបាយសម្រេចបំពេញផលឲ្យប្រេត។
សង្ឃគតា (សង្ឃគត)៖ បង្អោនឬប្រគេនចំពោះព្រះសង្ឃ
ទក្ខិណាទាន៖ អំណោយដែលទាយកជឿកម្មជឿផលច្បាស់ហើយគេឲ្យ, ឬអំណោយដែលគេឲ្យដល់ទក្ខិណេយ្យបុគ្គល។
ចូឡាមណី៖ ឈ្មោះព្រះចេតិយ មួយនៅឋានត្រៃត្រិង្ស ជាទីបញ្ចុះព្រះកេសាព្រមទាំងស្នៀតព្រះកេស (ពិន) នៃព្រះសក្យមុនីសម្មាសម្ពុទ្ធ; ហៅឲ្យពេញថា ព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment