About Me

THIS SITE IS UNDER CONSTRUCTION

Sunday, December 11, 2011

យុត្ដិធម៌​ដែល​អាច​ឈោង​យកបាន

នៅក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ដ៏​សាហាវឃោរឃៅ​ជាច្រើន ឧក្រិដ្ឋកម្ម​ដែល​ប្រ​ព្រឹ​ត្ដ​ឡើង​ក្រោម របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជា​ឧក្រិដ្ឋកម្ម​ដ៏​ល្បី​ខ្ទរខ្ទារ​ទាំង​ក្នុង និង​ក្រៅប្រទេស​កម្ពុជា​។​

​     ប្រជាជន​កម្ពុជា​បាន​ស្គាល់​យ៉ាងច្បាស់​នូវ​ជន​ដែល​ទទួលខុសត្រូវ​ចំពោះ​អំពើ​សាហាវឃោរឃៅ ទ្រង់ទ្រាយ​ធំ​នេះ​។​នៅក្នុង ចំណោម​មេដឹកនាំ​ជាច្រើន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុងនោះ​មាន​អតីត មេដឹកនាំ​មនោគមន៍វិជ្ជា នួន ជា​, អតីត​ប្រមុខរដ្ឋ ខៀវ សំផន​, និង​អតីត​ឧ​ប​រដ្ឋមន្ដ្រី​ទទួលបន្ទុក ក្រសួងការបរទេស អៀង សារី ជា​បុគ្គល​ដែលមាន​អំណាច​ខ្ពស់​នៅក្នុង​របប​នោះ​។ ស្រប​ពេលដែល អតីត​មេដឹកនាំ​ទាំងអស់ នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​តាមផ្លូវ​ច្បាប់ ដោយ​ផ្អែកលើ​ច្បាប់​ក្នុងស្រុក និង​ច្បាប់​អន្ដរជាតិ អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​បានចាប់ផ្ដើម​ពិចារណា​ពី​ការទទួលខុសត្រូវ ផ្នែក​សីលធម៌​របស់ខ្លួន ចំពោះ​ជនរងគ្រោះ​ដែល​បានទទួល​រងគ្រោះ​ដោយសារ​បទឧក្រិដ្ឋ​កម្ម​ដែល​ប្រ​ព្រឹ​ត្ដ ដោយ​ចេតនា និង​អ​ចេតនា​។

​    ​អង្គ​សវនាការ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ប្រឆាំងនឹង​អតីត​មេ ដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ចំនួន​បី​រូប​ដែល​បានចាប់ផ្ដើម​ដំណើរ ការ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ បាន បើក​ទំព័រ​ថ្មី​សម្រាប់​ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​។ មេដឹកនាំ​ទាំងអស់​នោះបាន រស់នៅ​និង​ដើរហើរ​ដោយ​សេរីភាព​អស់​រយៈពេល​ជាង​សាមសិប​ឆ្នាំ​កន្លងមកហើយ ដែល​ធ្វើឱ្យ​ប្រជាជន កម្ពុជា និង​ប្រជាជន​តាម​បណ្ដា​ប្រទេស​ផ្សេងទៀត​ជុំវិញ​ពិភពលោក​មានការ​ខឹង​សម្បា​។ ម្យ៉ាងវិញទៀត ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ក្ដីសង្ឃឹម​នៃ​ការទន្ទឹងរង់ចាំ​យុត្ដិធម៌​បែរជា​កាន់តែ​ស្ដួចស្ដើង​ទៅៗ ហើយ ប្រហែលជា​នឹងមិន​អាច​សម្រេចបាន ដោយមាន​មនុស្ស​មួយចំនួន​យល់ឃើញថា រដ្ឋាភិបាល​កម្ពុជា​មិនមាន ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ក្នុងការ​ស្វែងរក​យុត្ដធ​ម៌​ជូន​ជនរងគ្រោះ ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ទេ​។ បើទោះបីជា​មានការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហើយ​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ ក្រហម​ចំនួន​ប្រាំ​នាក់​ត្រូវបាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ក៏ដោយ ក៏​ទស្សនៈ​អវិជ្ជមាន​បែបនេះ​នៅតែ​កើតមាន ចំពោះ​ជនរងគ្រោះ​មួយចំនួន​ដដែល​។

កាលពីមុន មាន​មនុស្ស​មួយចំនួន​បាន​បញ្ចេញ​ទស្សនៈ​យល់ឃើញថា អង្គជំនុំជម្រះ​នឹងមិន​ចាប់ផ្ដើម​សវនាការ​ជំនុំជម្រះ​ឡើយ រហូតដល់​មេដឹកនាំ​ទាំងអស់នេះ​បាន​ស្លាប់​ដោយ រោគាពាធ​។ ប៉ុន្ដែ​ឥឡូវនេះ ពន្លឺ​នៃ​ក្ដីសង្ឃឹម​បានចាប់ផ្ដើម​មាន​ឡើងវិញ​ហើយ ខណៈពេលដែល​អង្គ​នីតិវិធី របស់​តុលាការ​បានចាប់ផ្ដើម​ដំណើរការ​កិច្ចការ​ជា​លក្ខណៈ​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់ខ្លួន​។
​មេដឹកនាំ​ខ្មែរក្រហម​បីនាក់​ឡើង​ផ្ដល់​សក្ខីកម្ម​

​    ​នៅក្នុង​អំឡុង​អង្គ​សវនាការ​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា ជាតិ​បាន​អាន​សេចក្ដីសន្និដ្ឋាន​សង្ខេប​មួយ​ស្ដីពី​លក្ខណៈ​នៃ​ឧក្រិដ្ឋកម្ម​ដែល​ជនជាប់ចោទ​នីមួយៗ​គួរតែ​ដឹង ឬ មាន​ហេតុផល​ក្នុង​ការដឹងឮ​ក្នុង​សមាសភាព​របស់ខ្លួន​ជា​មេដឹកនាំ​។ ជា​ខ្លឹមសារ​សរុប លោកស្រី ជា លាង ដែលជា​សហ​ព្រះរាជ អាជ្ញា​ជាតិ និង​លោក អេ​ន​ឌ្រូ ខេ​លី ដែលជា​សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ បាន​សង្កត់ ធ្ងន់ថា ទ្រឹស្ដី​សហកម្ម​ឧក្រិដ្ឋកម្ម​រួម​បាន​ដាក់ឱ្យ​ជនជាប់ចោទ​ទាំងបី​រូបនេះ​ជាប់ចោទ​ពីបទ​ចោទ ប្រកាន់​ព្រហ្មទណ្ឌ​ដែល​ក្នុងនោះ​រួមមាន ការជម្លៀស​ដោយ​បង្ខំ ការធ្វើជា​ទាសករ ការធ្វើ​បន្សុទ្ធកម្ម​ជា​ប្រព័ន្ធ និង​ទ្រង់ទ្រាយ​ធំ ការរៀប​ការ​ទាំង​បង្ខំ និង​អំពើ​ប្រល័យពូជសាសន៍​លើ​ក្រុម​ជនជាតិ និង​ក្រុម​សាសនា​។
​    ​យ៉ាងណាមិញ គ្មាន​មេដឹកនាំ​ណា​ម្នាក់​បានទទួល​ស្គា​ល់ពី​កំហុស​ជា​លក្ខណៈ​ប្រ​វ​ត្ដិ​សាស្ដ្រ​ដែល​ខ្លួន​បាន ប្រ​ព្រឹ​ត្ដ​នៅក្នុង​អំឡុងពេល​ដឹកនាំ​របស់ខ្លួន​នោះឡើយ​។ ផ្ទុយ ទៅវិញ មេដឹកនាំ​ទាំងអស់នេះ​បាន​លើកយក មូលហេតុ​មិនចេះចប់​ដើម្បី​ចោទសួរ​ដេញដោល​ទៅកាន់​សហ​ព្រះរាជអាជ្ញា​វិញ​។ នួន ជា បាន​លើក អំណះអំណាង​មួយ ចំនួន​មក​ប្រឆាំងនឹង​ព្រះរាជអាជ្ញា​វិញ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១១ ដោយ បាន​និយាយថា ដំណើរការ​កាត់ទោស​នេះ​គឺ​អ​យុត្ដិធម៌​។ នួន ជា បាន​អាន​អំណះអំណាង​របស់ខ្លួន ដែលមាន​ខ្លឹមសារ​ថា តុលាការ​បានត្រឹមតែ​ពិនិត្យ​មើល​រឿងរ៉ាវ​ប្រ​វ​ត្ដិ​សាស្ដ្រ​តែ​ម្ខាង​ប៉ុណ្ណោះ ដោយ​មិនបាន​សិក្សា​ពី​ឫសគល់​នៃ​ដើមហេតុ និង​ឥទ្ធិពល​នៃបដិ​វត្ដ​ន៍​ខ្មែរក្រហម​ឡើយ​។ ដោយ​អះអាង​បែបនេះ នួន ជា បាន​ប្រៀបធៀប​អង្គ​នីតិវិធី​នេះ​ទៅនឹង​ទស្សនៈ​មួយ​ដែលថា អង្គជំនុំជម្រះ “​មិនបាន​យក​ក្បាល និង កន្ទុយក្រពើ​មក​វិភាគ​នោះទេ តែ​បែរជា​យកតែ​ខ្លួន​ក្រពើ​មក​វិភាគ​ទៅវិញ​។​” អំណះអំណាង​របស់ នួន ជា បាន​ផ្ដោតទៅលើ​កត្ដា​ខាងក្រៅ​ដូចជា ការ​ឈ្លា​ន​ពា​របស់​វៀតណាម និង​ការ​ទម្លាប់​គ្រាប់បែក​របស់​សហរដ្ឋ អាមេរិក​ដែល​បានកើត​ឡើង​មុន​របប​គ្រប់គ្រង​របស់​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។ នួន ជា បាន​បន្ដថា របប​កម្ពុជា​ប្រជាធិបតេយ្យ​មានការ​ប្ដេជ្ញា​ចិ​ត្ដ​យ៉ាង​មោះមុត និង​រឹងមាំ​ក្នុងការ​ការពារ និង​រារាំង​មិនឱ្យ​ប្រទេស​វៀតណាម​ឈ្លានពាន​ប្រទេស​កម្ពុជា​។ ប៉ុន្ដែ នួន ជា បែរជា​ភ្លេច​សួរ​ខ្លួនឯង​ឱ្យ ច្បាស់​ថា “​ហេតុអ្វី​”​បានជា​របប​គ្រប់គ្រង​របស់ខ្លួន​បានសម្លាប់​ប្រជាជន​កម្ពុជា​អស់​ជិត​ពីរលាន​នាក់​ទៅ វិញ​។
​    ​ដោយ​មិនបាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​បទចោទប្រកាន់​នីមួយៗ​របស់​សហ​ព្រះរាជ អាជ្ញា អៀង សារី បាន​អាន​អំណះអំណាង​របស់ខ្លួន​នាពេល​ព្រឹក​ថ្ងៃទី​២៣ ខែ​វិច្ចិកា ឆ្នាំ​២០១១ ដោយ​និយាយថា ខ្លួន​មិន សម​នឹង​ត្រូវបាន​នាំមក​កាត់ទោស​នោះឡើយ​។ អំណះអំណាង​របស់ អៀង សារី ដែលមាន​ចំនួន ជិត​ពីរ​ទំព័រ​បាន​សង្កត់ធ្ងន់ថា “...​នៅ​ឆ្នាំ​១៩៩៦ ខ្ញុំ​បានទទួល​ព្រះរាជក្រឹត្យ​លើកលែងទោស និង​អភ័យ ទោស​ពី​អតីត ព្រះមហាក្សត្រ ន​រោ​ត្ដម សីហនុ​”​។ ប៉ុន្ដែ វា​គួរឱ្យកត់សម្គាល់​ដែរ​ថា ទឹកមុខ​របស់ អៀង សារី នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​បានបង្ហាញ​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ដល់​អង្គ​សវនាការ​ទាំងមូល​។
​    ​ចំណែកឯ ខៀវ សំផន គឺជា​ជន​ទី​បី​ដែល​បាន​អាន​អំណះអំណាង​របស់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​វិច្ចិកា ឆ្នាំ​២០១១ ហើយ​បាន​ចោទសួរ​សហ​ព្រះរាជអាជ្ញា​វិញ​ដោយបាន​លើកឡើងថា “...​កាលពី​ពីរ​ថ្ងៃមុន ខ្ញុំ​មាន​អារម្មណ៍​ខុសពី​អ្វីដែល​ខ្ញុំ​បាន​រំពឹងទុក​ជាមុន​... សហ​ព្រះរាជអាជ្ញា​បានត្រឹមតែ​ធ្វើការ​ចោទប្រកាន់់​ស្មាន តែប៉ុណ្ណោះ ដោយ​គ្មាន​ភ័ស្ដុតាង​ជា​សម្អាង ហើយ​លើកយក​បញ្ហា​នេះ​បន្ដិច នោះ​បន្ដិច​”​។ ខៀវ សំផន បានស្នើ​សុំឱ្យ​សហ​ព្រះរាជអាជ្ញា​លុប​បទចោទប្រកាន់​ទាំងនោះ​ចេញ ពីព្រោះ​គ្មាន​ឯកសារ​ណាមួយ​បាន អះអាងថា ខៀវ សំផន គឺជា​សមាជិក​គណៈ​មជ្ឈិម​ជា​ផ្លូវការ​នោះទេ​។ ខៀវ សំផន ថែមទាំង និយាយទៀតថា មុខតំណែង​ជា “​ប្រមុខរដ្ឋ​” គឺ​គ្រាន់តែ​ជា​មុខតំណែង​ក្លែងក្លាយ​តែប៉ុណ្ណោះ​។
​    ​ការលើកឡើង​ទាំងអស់​របស់​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ បានក្លាយ​ជាការ​អនុវត្ដ​សាមញ្ញ​ទៅ ហើយ​សម្រាប់​មេដឹកនាំ​ទាំងអស់នោះ ក្នុងការ​ព្យាយាម​គេចវេះ​ពី​ការ ទទួលខុសត្រូវ​រប​ស់​ខ្លួន​។ អ្វីដែល មេដឹកនាំ​ទាំងនោះ​គួរតែ​ដឹងខ្លួន​គឺថា ភាព​ផ្ដាច់ការ និង​ភាពជ្រុលនិយម​នៃ​របប​គ្រប់គ្រង​របស់ខ្លួន​ដែល បាន​បណ្ដាលឱ្យ​មានការ​ធ្វើ​បន្សុទ្ធកម្ម​ជា​ប្រព័ន្ធ និង​ជា​ទ្រង់ទ្រាយ​ធំ អាចជា​ហេតុផល​មួយ​ក្នុងចំណោម ហេតុផល​រាប់មិនអស់​ផ្សេងទៀត​ដែល​បាន​ដឹកនាំ​ឱ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ​បំផ្លិចបំផ្លាញ​គ្រប់​វិស័យ ទាំងអស់​របស់​ប្រទេសជាតិ​ខ្លួន ហើយ​ថែមទាំង​បានសម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​ពីរលាន​នាក់ ទៀតផង​។

​    ​ជាក់ស្ដែង របប​នេះ​បាន​សាបព្រោះ​គ្រាប់ពូជ​នៃ​ភាពជា​សត្រូវ ដោយ​របប​នេះ​បាន ធ្វើឱ្យ​ទំនាក់ទំនង រវាង​ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ប្រឈមមុខ​នឹង​បញ្ហា​។ ដោយបាន​ឆ្លងកាត់​នូវ​កិច្ច​ខំ ប្រឹងប្រែង​ជាច្រើន​បែប​ដើម្បី​ផ្សះផ្សា​រវាង​ជន រងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ចាប់តាំងពី​ការ ដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៧៩​មក ទាំង​ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរ ក្រហម​ថ្នាក់ក្រោម​បាន​ចូលរួម​ជាមួយគ្នា​ដើម្បី​តាមដាន​ដំណើរការ​កាត់ទោស​តាមផ្លូវ​ច្បាប់ ប្រឆាំងនឹង មេដឹកនាំ​ទាំងអស់នោះ​។ នេះ​គឺជា​ដំណើរការ​ដ៏​សំខាន់​មួយ ដើម្បី​បង្ហាញ ឱ្យឃើញថា ភាគី​ទាំងពីរ​នេះ ទាំង​ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ ក្រោម​កំពុងតែ​រួបរួមគ្នា ដើម្បី​ប្រឆាំងនឹង​អំពើ ប្រល័យពូជសាសន៍​។

​ការរួមបញ្ចូល​គ្នា​នូវ​ភាពខុសគ្នា​

​ពាក្យ “​ប្រល័យពូជសាសន៍​” បើ​ប្រែ​សម្រួល​តាមផ្លូវ​ច្បាប់​គឺ​សំដៅ​ទៅលើ​ឧក្រិដ្ឋកម្ម​ដែល​បានកើត ឡើង​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ពិភពលោក​។ មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​ត្រូវបាន​នាំខ្លួន មក​កាត់ទោស​ដោយ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ ដោយ​ក្នុងនោះ​រួមមាន អំពើ​ប្រល័យពូជសាសន៍ ប្រឆាំង​ជនជាតិ​វៀតណាម (​រួមបញ្ចូល​ទាំង​ជនជាតិខ្មែរ​កម្ពុជា​ក្រោម​) និង​ជន​ជាន​ចាម ដែល​ជនជាតិ​ចាម មាន​ចំនួន​ច្រើន​ស្ថិតក្នុង​លំដាប់​ទី​ពីរ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។ ការលំបាក​វេទនា​ដែល​បង្កឡើង​ដោយ ភាព​សាហាវឃោរឃៅ​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នៅ​របប​នោះ​មិនត្រូវ​បាន​និយាយ​ចេញ​ឡើង ហើយ ការ​លាក់ទុក​នូវ​ការឈឺចាប់​ទាំង អស់នោះ បាន​បង្ក​ឱ្យ​ជនរងគ្រោះ​ជួបប្រទះ​នូវ​ការ​ក្រៀម​ក្រំចិត្ដ និង​ការពិបាក​ក្នុង​ចិ​ត្ដ​។ ការពិបាក​ក្នុង​ចិ​ត្ដ​ដែល​អ្នក​ដែល​រស់រានមានជីវិត​បាន​ញំនាំ​មកជា​មួយ​បាន​បង្កឡើង ជា​បញ្ហា​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ បន្ទាប់ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ​។ មិន ថា​តិច​ឬក៏​ច្រើន វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល ជាពិសេស​ទំនាក់ទំនង​រវាង​ជន​រង គ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​។ អំពើ​ប្រល័យពូជសាសន៍​បាន​កាត់ផ្ដាច់​នូវ​ការ​ទំនាក់ ទំនង​របស់​ពួកគាត់ ទាំង​ផ្នែក​ស្មារតី ក៏ដូចជា​ការចូលរួម​នៅក្នុង​សង្គម​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ នៅ ពេលដែល​ពេលវេលា​បាន​កន្លងផុត​យូរ​ទៅ ការប្រែប្រួល​នឹង​អាច​កើតមាន​។ ការ ប្រែប្រួល​នោះ គឺអាច មើលឃើញ​ជាក់ស្ដែង​ថា វា​ប្រែប្រួល​ពី​ការរើសអើង​រវាង “​ពួកយើង​” និង “​ពួកគាត់​” ត្រួវបាន​កាត់ បន្ថយ​។​

​ក្នុងន័យនេះ អំពើ​ប្រល័យពូជសាសន៍ ហាក់ដូចជា​បាន​ជួយ​ផ្សះផ្សា ដោយបាន​រួម បញ្ចូល​នូវ​ភាពខុសគ្នា ដែល​ធ្លាប់​កើតមាន​កាលពីមុន​។ លោកស្រី ប៊ុត គី​មុន្នី ដែលជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម មកពី​ខេត្ដ​បាត់ដំបង បានបង្ហាញ​ពី​ការអត់ឱន​របស់គាត់​ចំពោះ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម ដោយ​និយាយថា ពួកគាត់​គ្រាន់តែ​អនុវត្ដ​ន៍​តាម​បង្គាប់​របស់គេ​នោះទេ​។ គាត់​បានធ្វើ​ការសម្ដែង​មតិ​នេះ ចេញមក ដោយ​មិនបាន​ដឹងថា លោក ឈឹម ផន ដែល​កំពុង​អង្គុយ​នៅក្បែរ​គាត់​នោះ គឺជា​អតីត​ក​ម្មា​ភិ​- បាល​ខ្មែរក្រហម​នោះទេ​។ ជា​ញឹកញាប់ លោក ឈឹម ផន បាន​សម្លឹង​ទៅ​មើល​ពិ​ដាន​ខាងលើ ហើយ​ទឹកមុខ​របស់គាត់​ហាកដូចជា​សប្បាយរីករាយ នៅពេលដែល​គាត់​បាន​ស្ដាប់ឮ​មតិ​របស់​អ្នកចូលរួម ផ្សេងទៀត​បានលើកឡើង​។ ទោះបីជា​លោក ឈឹម ផន មិនបាន​និយាយ​អ្វី​ក៏ដោយ ក៏​ប្រពន្ធ​របស់គាត់ ដែល​បានមក​ជាមួយ​គាត់ បាន​ងក់ក្បាល​យល់ព្រម​ទៅនឹង​មតិ​ដែល​អ្នកចូលរួម​ផ្សេងទៀត​បានលើកឡើង ហើយ​គាត់​បាន​ខ្សឹប​តិចៗ​ថា “​វា​ត្រឹមត្រូវ​ហើយ​”​។​

​ក៏ប៉ុន្ដែ សំណួរ​ដែល​ប្រឈមមុខ​សម្រាប់​គាត់​នោះ​ត្រូវបាន​លើកឡើងថា​តើ កម្មាភិបាល​ខ្មែរក្រហម ថ្នាក់ក្រោម​អាចធ្វើ​លើសពី​បញ្ជា​មេ​របស់គេ​ដែរឬទេ ពីព្រោះថា​អ្នក​ទាំងនេះ​អាច​ត្រូវបាន​ជំរុញ​ឱ្យ​ប្រ​ព្រឹ​ត្ដ ទង្វើ​ទាំងអស់នោះ​ដោយ​ការ​លោភលន់ ការ​ច្រណែន ឬ ការសង​សឹក​។ អ្នកចូលរួម​ទាំង​៣០​នាក់ ស្ថិតនៅក្នុង​សភាព​ស្ងប់ស្ងៀម​មួយរយៈ នៅមុន​ពេលដែល លោកស្រី មុន្នី បន្ដទៀតថា ប្រ​សី​ន​បើ​ដូច្នេះ មែន​នោះ អ្នក​ដែល​រស់រានមានជីវិត​មាន​សិទ្ធិ​ខឹង​អតីត​កម្មាភិបាល​ថ្នាក់ក្រោម​ទាំងនោះ​។ ក៏ប៉ុន្ដែ​លោក សួន សុខ​ខេន ដែល​បច្ចុប្បន្ន​ជា​ចៅ​សង្វា​ត់រង​ទី​១ របស់​សង្កាត់​ស្វាយប៉ោ  ខេត្ដ​បាត់ដំបង និង លោក គង់ វត្ថា ជា​អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ដ​បាត់ដំបង បាន​លើក ឡើងថា យ៉ាងហោចណាស់​ក៏មាន​អតីត កម្មាភិបាល​ថ្នាក់ក្រោម​មួយចំនួន​បាន​ប្រ​ព្រឹ​ត្ដ​អំពើរ​ព្រៃផ្សៃ​តាម​ចិ​ត្ដរបស់​ខ្លួន​ដែរ​។ ប៉ុន្ដែ​កម្មាភិបាល​ជា ច្រើន ដែល​រួមមាន​ទាំង លោក ឈឹម ផន ផង​នោះ ត្រូវតែទទួលស្គាល់​រឿងនេះ និង​បង្ហាញ​ពី​ការ សោកស្ដាយ​ចំពោះ​រឿង​អាក្រក់​ដែល​ខ្លួន​បាន​ប្រ​ព្រឹ​ត្ដ​។ យោងតាម​បទសម្ភាសន៍​ជាមួយនឹង​អតីត កម្មាភិបាល​ខ្មែរក្រហម ចំនួន​៣​នាក់ និង​អ្នក​រស់រានមានជីវិត​៨​នាក់ ពួកគាត់​បាន លើក ឡើង​នូវ​ឃ្លា​មួយ​ថា ពៀរ​រំងាប់​ដោយ​ការមិន​ចងពៀរ​។ ឃ្លា​នេះ​បង្ហាញថា គាត់​មិន​ចង់ ឃើញ​មេដឹកនាំ​ខ្មែរក្រហម​ថ្នាក់ក្រោម លើកលែងតែ​ជនជាប់ចោទ​នៅ​តុលាការ​ខ្មែរ ក្រហម​សព្វថ្ងៃ ទទួល​ការកាត់ទោស​នោះទេ​។ គាត់​បាន បង្ហាញ​ពី​ការរៀបចំ​ខ្លួន​អត់​ទោស​ឱ្យ​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម ដែល​ការទទួលខុសត្រូវ​ខាង ផ្នែក​សីលធម៌ របស់​ពួកគាត់​អាច​ទទួលយកបាន​។ 

​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​

​រហូតមកដល់​ពេលនេះ មាន​មេដឹកនាំ​ខ្មែរក្រហម​៣​នាក់ នួន ជា​, អៀង សារី​, ខៀវ សំផន មិនដែល ទទួលស្គាល់​ការស្លាប់​របស់​ប្រជាពលរដ្ឋ​ជាង​ពីរលាន​នាក់ និង​រឿង​រ៉ាង​ឈឺចាប់​យ៉ាងច្រើន​របស់​ជនរងគ្រោះ ដែលជា​លទ្ធផល​នៃ​របប​នេះ​នោះទេ​។ ហេតុ​ដូច្នេះហើយ កិច្ចដំណើរការ​ផ្លូវច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម បាន​ក្លាយទៅជា​មធ្យោបាយ​ចុងក្រោយ​មួយ ក្នុង​ការជំរុញឱ្យ​មេដឹកនាំ​ខ្មែរក្រហម​ទទួលទោស​កំហុស​របស់​ខ្លួន តាមរយៈ​ភ័ស្ដុតាង​ដាក់បន្ទុក​ដ៏​ច្រើន​លើសលប់​។ តែ​ទោះជា​យ៉ាងណា ក៏ ដោយ មិនមែន​មនុស្ស​ទាំងអស់គ្នា សុទ្ធតែ​មានការ​ចាប់អារម្មណ៍​ចំពោះ​សវនាការ​នេះឡើយ​។
 ក្នុងចំណោម​ប្រជាជន​៣០​នាក់ ដែល​ត្រូវ បាន​អញ្ជើញ​ឱ្យ​ចូលរួម​សវនាការ​តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ភី ភួ​ន ឈ្មោះ​ប​ដិ​វត្ដ​ន៍ ចៀម អតីត​និ​រ​សារ​របស់ អៀង សារី បាន​ប្រាប់​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថា គាត់ ពិតជា​មិន​ពេញចិត្ដ​ចំពោះ​ការចោទប្រកាន់​របស់​តុលាការ​ទៅលើ​អតីត​ចៅ​វាយ​នាយ​របស់គាត់​ឡើយ​។ ផួន ដែលជា​ជនជាតិភាគតិច​ចា​រាយ បានសម្រេច​ចិ​ត្ដ​មិន​ចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃទី​២ ហើយ ក៏​ត្រឡប់ទៅផ្ទះ​នៅក្នុង​ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ​វិញ​។ គាត់​បាន​ប្រាប់​បុគ្គលិក​មជ្ឈមណ្ឌល ឯកសារ​កម្ពុជា​ថា គាត់​មានធុរៈ​បន្ទាន់​នៅឯ​ផ្ទះ​។

​តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​មានការ​លើកឡើងថា មនោគមន៍វិជ្ជា គោលនយោបាយ អំពើ​ផ្ដាច់ការ និង​ជ្រុលនិយម​បាន​ជំរុញ​ឱ្យ​កម្មាភិបាល​ថ្នាក់ក្រោម របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​សម្លាប់​គ្នាឯង​ទៅវិញ ទៅមក និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។ កេរដំណែល​របស់រប​ប​កម្ពុជា​ប្រជាធិបតេយ្យ​បានធ្វើឱ្យ​អតីត កម្មាភិបាល​ខ្មែរក្រហម​ភាគច្រើន​មានការ​សោកស្ដាយ និង​វិប្បដិសារី​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រ​ព្រឹ​ត្ដ​។ ឈឹម ផន ដែល​អញ្ជើញ​មកពី​ស្រុក​ម៉ាឡៃ​បានលើកឡើង​នៅក្នុង​បទសម្ភាសន៍​ថា ដោយសារ​តែមាន​បញ្ជា​ពី មេ​របស់គាត់ ទើប​ធ្វើឱ្យ​គាត់​សម្លាប់​គូស្នេហ៍​មួ​យ​គូ​នៅ មុខ​វត្ដ​ព្រះនេត្រព្រះ​។ ឈឹម ផន បាន​និយាយថា ៖ “​សំអាត ជា​អ្នកបញ្ជា​ឱ្យ​ខ្ញុំ​សម្លាប់​គូស្រករ​នោះ​។ នៅក្នុង​កិច្ចប្រជុំ​នៅពេលដែល​ព្រឹ​ត្ដ​ការណ៍​នោះបាន កើតឡើង ប្រជា ជន​រាប់ពាន់នាក់​នៅក្នុង​ឃុំ​ព្រះនេត្រព្រះ​ទាំងមូល​ត្រូវបាន​កោះហៅ​ឱ្យមក​ធ្វើជា​សាក្សី​ក្នុង ការសម្លាប់​គូស្នេហ៍​មួយគូ​នេះ​។ ការដាក់ទោស (​ដែល​ខ្មែរក្រហម ចាត់ទុកថា​ជា​តុលាការ​ប្រជាជន​) ត្រូវ ធ្វើឡើង​ដើម្បី​ព្រមាន​ដល់​អ្នក​ដទៃទៀត ដើម្បី​កុំឱ្យ​ប្រ​ព្រឹ​ត្ដ​ខុស​ដូច​គូស្នេហ៍​មួ​​យ​គូ​នេះ បើ​មិន​ដូច​ច្នោះ​ទេ នឹងមាន​វាសនា​ដូចជា​គូស្នេហ៍​មួ​យ​គូ​នោះ​អ៊‌ីចឹង​ដែរ​។
លោក ឆាំង យុ ដែល​កាលនោះ​មាន​អាយុ​១៤​ឆ្នាំ ហើយ​ស្នាក់នៅ​ត្រឹមតែ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​កន្លែង​សម្លាប់​នៅក្នុង​ភូមិ​ត្រញំង​វែង ក៏ត្រូវ​បាន​ហៅ​ឱ្យ ទៅ​ចូលរួម​កិច្ចប្រជុំ​នោះដែរ ហើយ​លោក​បានឃើញ​ការសម្លាប់​នោះ​ដោយផ្ទាល់​ភ្នែក​ផងដែរ​”​។ ក្រោយ មក ឈឹម ផន បាន​លើកឡើងថា បន្ទាប់ពី​ធ្វើតាម​បញ្ជា​ហើយ គាត់​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​នៅពេល ដែល​រំឭក​ដល់​ព្រឹ​ត្ដ​ការណ៍​ដ៏​គួរឱ្យ​រន្ធត់​នោះ​។ ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួលរលំ គាត់​រស់នៅ ដោយមាន​ការភ័យខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់គាត់​។ គាត់​បាន​រត់ចេញ​ជាមួយ​កងកម្លាំង​រត់ចោល ជួរ​របស់​ខ្មែរក្រហម ហើយ​មិនបាន​ត្រឡប់មក​ស្រុក​ព្រះនេត្រព្រះ​វិញ​ទេ រហូតដល់​សព្វថ្ងៃនេះ​។

​បើទោះបីជា​តុលាការ​ប្រជាជន​ប​ដិ​វត្ដ​ន៍​បាន​កាត់ទោស​កំបាំងមុខ ប៉ុល ពត ដែលជា​នាយករដ្ឋមន្ដ្រី​របស់ របប​កម្ពុជា​ប្រជាធិបតេយ្យ និង អៀង សារី នៅ​ខែសីហា ឆ្នាំ​១៩៧៩ ក៏ដោយ ក៏​មិន​ដែលមាន វិធានការ​ផ្លូវច្បាប់​ជាក់លាក់​ណាមួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​កម្មាភិបាល​ថ្នាក់ក្រោម​នោះទេ​។ បើទោះជា​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​ជាច្រើន ដែល​រួមមាន​ទាំង ឈឹម ផន ផង​បាន​យល់ឃើញថា ពួកគេ​គួរតែ មាន​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​ចំពោះ​ទង្វើ​ដែល​ពួកគេ​បាន​ប្រ​ព្រឹ​ត្ដ​។ ឈឹម បាន​និយាយ ថា ៖ “...​បើទោះបីជា​អ្នក​ដែល​ទទួលរង​គ្រោះ​ដោយ​ព្រឹ​ត្ដ​ការណ៍​នោះ​ស្ដី បន្ទោស និង​វាយប្រហារ មកលើ​ខ្ញុំ ខ្ញុំ​នឹងមិន​ខឹង​ឡើយ​។ នៅក្នុង​ចិ​ត្ដរបស់​ខ្ញុំ ខ្ញុំ​មិនបាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​ដោយ​ចេតនា​ផ្ទាល់​របស់ខ្ញុំ​ឡើយ​... បើទោះបី​ជាមាន​មនុស្ស​ម្នាក់​ដែល​ដុត​រោល​ដោយ​កំហឹង វ៉ៃ និង​ទាត់​ធាក់​ខ្ញុំ​។ ខ្ញុំ​នឹងមិន​តដៃ​ឡើយ​”​។  ឈឹម ផន បាន​និយាយថា ការធ្វើ​បែបនេះ​គឺជា​ការទទួលខុសត្រូវ​ខាង​ផ្នែក​សីលធម៌​ចំពោះ​ទង្វើ​ដែល​គាត់ បាន​ប្រ​ព្រឹ​ត្ដ​។

​បញ្ហា​ដែលថា “​វា​ជាការ​បញ្ជា​របស់​ថ្នាក់លើ​” គឺជា​ប្រយោគ​ដ៏​សាមញ្ញ​មួ​យ ដែល​កម្មាភិបាល​ខ្មែរក្រហម ថ្នាក់ក្រោម​បាន​យកមកប្រើ​ប្រាស់​ដើម្បី​បន្ធូរ​ប​ន្ធ​យ​ទោស កំហុស​របស់​ខ្លួនឯង​។ លោក សេង ចុន មកពី​ខេត្ដ​កំពង់ឆ្នាំង និង លោកស្រី មុត គី​មុន្នី មកពី​ខេត្ដ​បាត់ដំបង ទទួលស្គាល់​ការលើកឡើង​នេះ ប៉ុន្ដែ នៅតែ​មិនអាច​អត់ឱន​ឱ្យបាន ប្រសិនបើ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ប្រ​ព្រឹ​ត្ដ​ឡើង​ដោយ​កំហឹង​ផ្ទាល់ របស់ ខ្លួន និ​ង​ដោយ​ចេតនា​ផ្ទាល់ខ្លួន​។ ទាក់ទង​នឹង​បទឧក្រិដ្ឋ​របស់​កម្មាភិបាល​ថ្នាក់ក្រោម​នៅតែមាន ភាពមិនច្បាស់លាស់​ក្នុង​ទម្រង់​រូបភាព​ជាច្រើន​។ ជាការ​តបស្នង​វិញ ឈឹម ផន បានជ្រើសរើស មធ្យោបាយ​ខាង​សាសនា ដើម្បី​បនស្រន់​ទៅដល់​គូស្នេហ៍​ទាំងពីរ​នោះ​។ ជាច្រើនលើក​មកហើយ ឈឹម ផន បាន​លើកឡើងថា ការចូលរួម​សវនាការ​នេះ​មាន​ប្រយោជន៍ ហើយ​បានធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ធូរស្បើយ ដោយសារតែ​គាត់​បាន បង្ហាញ​ប្រាប់​សាធារណជន​ពី​ទោសកំហុស​របស់គាត់ ដែល​ពីមុនមក​គាត់​មិនដែល បាន​និយាយ​ជា​សាធារណៈ​នោះទេ ចាប់តាំងពី​ពេលដែល​គាត់​បាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​នោះមក​។
​សេចក្ដី​បញ្ចប់

​អ្នកចូលរួម​ភាគច្រើន​យល់ឃើញថា ទស្សនកិច្ច​ចូលរួម​អង្កេត​មើល​សវនាការ​លើក​នេះ​មិន​ត្រឹម​តែមាន សារសំខាន់​នោះទេ តែ​ថែមទាំង​ជំរុញឱ្យមាន​ការទទួល​ខុសត្រូវ​ទៀតផង​។ ជាងនេះទៅទៀត គាត់ មានការ​ពេញចិត្ដ​ក្នុងការ​ស្វែងយល់​ពី​ខាង​ផ្នែក​សីលធម៌​គ្នា​ទៀតផង​។ នៅពេលដែល​សួរ​ពី​ការចូលរួម តាមដាន​សវនាការ​ជាមួយនឹង​អតីត​កម្មាភិបាល​ខ្មែរក្រហម អ្នក​រស់រានមានជីវិត​៦​នាក់ មកពី​ខេត្ដ​បាត់ដំបង បាន​និយាយថា ការធ្វើ​បែបនេះ​គឺជា​រឿង​ល្អ​មួយ ហើយ​គាត់​ទាំងអស់គ្នា​មិនមាន​អារម្មណ៍​រើសអើង​ចំពោះ អតីត​កម្មាភិបាល​ខ្មែរក្រហម​ទាំង​នោះទេ​។ គាត់​ទាំងអស់​ស្នាក់នៅ ធ្វើដំណើរ និង តាមដាន​សវនាការ រយៈពេល​បី​ថ្ងៃ​ទាំងអស់គ្នា​។ ដំណើរ​ទស្សនកិច្ច​តាមដាន​សវនាការ​លើក​នេះ គឺជា​ដំណើរ​ទស្សនកិច្ច ដ៏​មាន​ប្រយោជន៍​មួយ​ក្នុងការ​ស្ដារឡើងវិញ​នូវ​ទំនាកទំនង​ដ៏​លំបាក ដែលជា​កេរដំណែល​របស់​របប​កម្ពុជា ប្រជាធិបតេយ្យ​។ លើសពីនេះទៅទៀត អ្នកចូលរួម​បានទទួល​ព័ត៌មាន​ពី​សវនាការ​កាត់ទោស “​មេដឹកនាំ ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​”​។ ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្ដល់​សារ​ដល់​ប្រជាជន​ទាំងអស់​ក្នុង ការថែរក្សា​ទំនាក់ទំនង ជាពិសេស​រវាង​ជនរងគ្រោះ និង អតីត​កម្មាភិបាល​ខ្មែរក្រហម​នៅក្នុង​សង្គម របស់​យើង​។ បណ្ដាញសារព័ត៌មាន ប៊ី​ប៊ី​ស៊ី (​ព​ព​ជ​) បាន​ដកស្រង​សម្ដី​របស់លោក ហុង ហ៊ុយ ថា ៖ “....​កុំ​មាន​អារម្មណ៍​គុំកួន​ជាមួយនឹង​មនុស្ស​ដូច ឈឹម ផន​។ អ្នក​ដែល​ត្រូវ​ស្ដីបន្ទោស​នោះ គឺ​មេ​ដឹក នាំ​ខ្មែរក្រហម​ដែល​កំពុង​ត្រូវបាន​កាត់ទោស​”​។​

​នៅក្នុង​ដំណើរ​ទស​ន្ស​កិច្ច​នេះ មានរឿង​មួយ​កើតឡើង​ចំពោះ​អ្នកចូលរួម​ម្នាក់​។ លោក ស្រី ជួន រិ​ន ប្រពន្ធ​របស់ ឈឹម ផន បាន​ដួល​នៅពេលដែល​គាត់​ឡើង​កាំ​ជណ្ដើរថ្ម​។ នៅពេលដែល​គាត់​ក្រោក ឈរ​វិញ ក្បាលជង្គង់​របស់គាត់​ហូរឈាម​រហាច​នៅ​ទ្វារ​ចូល​របស់​សាលាក្ដី​ខ្មែរក្រហម​។ ដោយ​ឃើញ សភាព​បែបនេះ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បញ្ជូន​គាត់​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល មានគុណ​ភាព និង​មាន​វិជ្ជាជីវៈ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។ ហេតុការណ៍​នេះ​បានធ្វើឱ្យ​ផ្អាក​កិច្ចប្រជុំ​នៅក្រោយ ពេល​ស្ដាប់​សវនាការ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១១​។ ឈឹម ផន បាន​និយាយថា ការសារភាព​របស់គាត់​ចំពេល​ដែល​ប្រពន្ធ​របស់គាត់​ត្រូវរបួស​ជើង​។ ពេលដែល​មាន អារម្មណ៍​សោកស្ដាយ​ចំពោះ​រឿងហេតុ​ដែល​កើត​ឡើងលើ​ប្រពន្ធ​គាត់ គាត់​និយាយថា បើសិនជា​គាត់​មិន បាន​សារភាព​ពី​ទោសកំហុស​របស់គាត់​ទេ នោះ​ប្រហែលជា​ស្ថានភាព​របស់​ប្រពន្ធ​គាត់​អាច​នឹង​អាក្រក់   ជាងនេះទៅទៀត​។​

No comments:

CASINO





MOBILE MAGAZINE