About Me

THIS SITE IS UNDER CONSTRUCTION

Saturday, September 8, 2012

សំពត់ចងក្បិន៖ ប្រភពដើម និងបម្រែបម្រួលនៅក្នុងសង្គមខ្មែរ

សំពត់ចងក្បិន៖ ប្រភពដើម និងបម្រែបម្រួលនៅក្នុងសង្គមខ្មែរ
ប្រជាជនស្លៀកសំព​ត់​ចងក្បិន​ នាសម័យមុន

ភ្នំពេញ: ហេតុដូចម្តេច​បានជា​ខ្មែរ​យើងស្លៀកសំព​ត់​ចងក្បិន​? តើ​សំពត់​ចងក្បិន​នេះ​មាន​ដើមកំណើត​ពី​ណា​មក​?
​ តាម​ចាស់ៗ​តំណាល​រឿងព្រេង ដែល​ទាក់ទង​នឹង​សំពត់​ចងក្បិន​ថា ខ្មែរ​យើង​ស្លៀកសំពត់​ចងក្បិន​តាម​សាសន៍​ក្លិង្គ​។ ដូចម្តេច​បានជា​ក្លិង្គ​ស្លៀកសំពត់​ចងក្បិន​?

​ក្លិង្គ​កាន់សាសនា​ ច្រើនបែប​ណាស់ តែ​សាសនា​ដែល​ធំជាងគេ គឺ​ព្រហ្មញ្ញសាសនា​ដែរ​។ កាលសម័យ​បុរាណ​ យើង​និយម​រាប់អាន​រឿង​រាម​កេ​រិ៍្ត​ណាស់ ដោយមាន​ទាំង​ចម្លាក់​រឿង​រាមកេរ្តិ៍​នៅ​នឹង​កំពែង​ប្រាសាទ​អង្គ​រវត្ត​ជា​ គោល​ចារឹក​ផង​។

​លោក​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ នៃ​សាកល​វ​ទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​(​វប្បធម៌​-​អរិយធម៌​ខ្មែរ​) ពន់ ឆាយ បាន​មានប្រសាសន៍ថា “​យើង​តែងតែ​ឮ​ចាស់ទុំ​តំណាល​តៗ​គ្នា​មក​ថា ហេតុដែល​សាសន៍​ក្លិង្គ​ស្លៀកសំពត់ចងក្បិន ពីព្រោះ​ក្លិង្គ​គោរព​ចំពោះ​ហនុមាន​ដែលជា​ទេវបុត្រ​របស់គេ រួច​ហនុមាន​ជា​សេនា​ឯករបស់​ព្រះ​រាមាយណៈ ដែល​យើង​ហៅថា​ព្រះរាម ក្នុង​រឿង​រាមកេរ្តិ៍​”​។​

​លោក​សាស្ត្រាចារ្យ ពន់ ឆាយ បាន​បន្តថា “​ហនុមាន ​បានធ្វើ​គុណបំណាច់​ថ្វាយ​ព្រះរាម​ជាច្រើន​ដូច​យើង​បានដឹង​ស្រាប់​មកហើយ ដូច្នេះ​ដើម្បី​នឹង​រម្លឹក​គុណ​ហនុមាន​នោះ គេ​ត្រូវ​ស្លៀកពាក់​ស ពីព្រោះ​ហនុមាន មាន​សម្បុរ​ស ​ហើយ​គេ​ស្លៀកសំពត់​ឲ្យ​មាន​កន្ទុយ ដោយហេតុថា ​ហនុមាន មាន​ជាតិ​ជា​សត្វ​ស្វា​មាន​កន្ទុយ​។ ខ្លះ​ទៀតថា​ក្លិង្គ​ទាំងនោះ​ជា​ពល​នៅក្រោម​អធិបតេយ្យភាព​ហនុមាន បានជា​គេ​តែងខ្លួន​ស្លៀកពាក់​ស​ហើយបណ្តុះ​កន្ទុយ​យ៉ាង​ដូច្នេះ​”​។​

​ សរុបទៅ​ឃើញថា​ សំពត់​ចងក្បិន​ដែល​ខ្មែរ​យើង​ស្លៀក​នេះ គឺ​យកតាម​សាសន៍​ក្លិង្គ ហើយ​ដែល​មានបំណង​ធ្វើតាម​ហនុមាន ដែលជា​សត្វ​ស្វា​មាន​មហិទ្ធិឫទ្ធិ​ដ៏​ល្បីល្បាញ ដែលជា​សេនា​ឯក​របស់​ព្រះរាម​។ មិន​ត្រឹមតែ​ប្រុស​ទេ​ដែល​ស្លៀកសំពត់​ចងក្បិន ស្ត្រី​ក៏​ស្លៀក​ដែរ​។​

​ក្នុង​រជ្ជកាល​ព្រះករុណា ​នរោត្តម (​គ​.​ស​១៨៣៥ ដល់​១៩១៤) គេ​ស្លៀក​ចងក្បិន ស្លុយ​ចុះទៅ​ក្រោម រួចមក​នៅត្រឹម​ពាក់កណ្តាល​កំភួនជើង ដល់​ចុង​រជ្ជកាល​ព្រះករុណា​ស៊ីសុវត្ថិ (​គ​.​ស​១៨៤០ ដល់​១៩២៦) នៅក្នុង​រជ្ជកាល​ព្រះករុណា​ ស៊ីសុវត្ថិ​ មុនី​វង្ស (​គ​.​ស​១៨៧៥ ដល់​១៩៤១) គេ​ចងក្បិន​ខើច​នៅក្រោម​ជង្គង់​បន្តិច គេ​ថា​ធ្វើតាម​សៀម រួចហើយ​សៀមនិង​ខ្មែរ​ជា​ប្រទេស​នៅ​ជិតគ្នា រីឯ​សៀម​យកបែប​សំពត់​ចងក្បិន​ពី​ខ្មែរ​ទៅ​ស្លៀក​។​ ការ​ស្លៀកសំពត់​ចងក្បិន​នេះ​ មិន​ត្រឹមតែ​ប្រុស ថែមទាំង​ស្ត្រី​ផង លុះ​ខ្មែរ​យើង​ឃើញថា​ស្ត្រី​ស្លៀក​ល្អ​ដែរ​ ក៏​នាំគ្នា​ស្លៀក​តាម​សៀម​។

​ លោក​សាស្ត្រាចារ្យ ពន់ ឆាយ បាន​បន្តទៀតថា “​អ្នកស្រុក​បាត់ដំបង និង​សៀមរាប ដែល​នៅ​ជិត​សៀម ក៏​ធ្វើតាម​សៀម​ស្លៀកសំពត់​ចងក្បិន​ខើច​នៅត្រឹម​ជង្គង់ គឺ​ខើច​ជាង​ខ្មែរ​ដែល​នៅ​ភូមិភាគ​ឯទៀត តែ​ឥឡូវនេះ​គេ​មិនសូវ​និយម​ស្លៀកសំពត់​ចងក្បិន​ទេ គេ​ស្លៀក​នៅក្នុង​ពិធី​បុណ្យ​ធំៗ​តែប៉ុណ្ណោះ​”​៕ 

No comments:

CASINO





MOBILE MAGAZINE