នៅ​ពេល​ដែល​ លោក​មាន​អាយុ​១៨​ឆ្នាំ​ លោក​បាន​ឈ្នះ​ការ​តស៊ូ​មតិ​មួយ​ ដែល​អាច​ឲ្យ​លោក​មាន​ឱកាស​ធ្វើ​ទស្សនកិច្ច​​ទៅ​ជួប​ជាមួយ​​​ព្រឹទ្ធសមាជិក​អាមេរិក​ លោក​ ចន​ ខេនណេឌី​​ ហើយ​​ទស្សនកិច្ច​​នេះ​បាន​​បំផុស​ចិត្ត​លោក ​ឲ្យ​បម្រើ​ការងារ​សាធារណៈ​តាំង​ពី​ពេល​នោះ​មក​។ ​លោក​បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​ជាតិ​ក្រុង​សេអ៊ូល នៅ​ឆ្នាំ​១៩៧០ និង​អនុ​បណ្ឌិត ពី​ John F. Kennedy School of Government នៃ​សាកល​វិទ្យាល័យ​ ហាវដ (Harvard) ក្នុង​ឆ្នាំ​១៩៨៥។
បន្ទាប់​ពី​បាន​ចូល​បម្រើ​សេវា​ ការ​បរទេស​របស់​កូរ៉េ​ខាង​ត្បូង លោក​ក៏​បាន​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្ថាន​ទូត​កូរ៉េ​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ (១៩៨៧-១៩៩០) ប្រធាន​ការបរទេស​អាមេរិក នៅ​ក្រសួង​ការ​បរទេស (១៩៩០-១៩៩២) អនុរដ្ឋមន្ត្រី​ការបរទេស​ (១៩៩៥​-១៩៩៦) និង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី (១៩៩៦-១៩៩៨)។ បន្ទាប់​ ពី​កាន់​តំណែង​ ជា​​អគ្គរដ្ឋទូត ប្រចាំ​ប្រទេស​អូទ្រីស (១៩៩៨-២០០០) លោក​បាន​ត្រឡប់​មក​កាន់​ទីក្រុង​សេអ៊ូល​វិញ​ ហើយ​កាន់​​តំណែង​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស (២០០០-២០០១)។ ក្នុង​ឆ្នាំ​២០០៣ លោក​បាន​ក្លាយ​ជា​ទីប្រឹក្សា​គោល​នយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​ថ្មី​កូរ៉េ​ខាង​ត្បូង លោក រ៉ូ មូយុន។
ពី​ឆ្នាំ​២០០៤​ ដល់​ ២០០៦ ​លោក​​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ការបរទេស​ និង​ពាណិជ្ជកម្ម។ នៅ​ពេល​នោះ​លោក​បាន​ដើរ​តួនាទី ​យ៉ាង​សំខាន់​ក្នុង​ការ​ចរចា​៦​ភាគី​​ក្នុង​វិបត្តិ​​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង។ លោក​បាន​ គី​មូន​ មាន​បទ​ពិសោធន៍​ពាក់​ព័ន្ធ​ នឹង​អង្គការ​សហប្រជាជាតិ​​តាំង​ពី​ឆ្នាំ​១៩៧៥​មក​ម្ល៉េះ គឺ​នៅ​ពេល​ដែល​លោក​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​​​របស់​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​សេអ៊ូល ដែល​​ធ្វើ​ការងារ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​​​​របស់​អង្គការ​សហ​ប្រជាជាតិ​។
នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ ពេល​ដែល​កូរ៉េ​ខាង​ត្បូង​មាន​តួនាទី​ត្រឹម​ជា​អ្នក​អង្កេត​ការ​នោះ​ លោក​បាន​ដាក់​សំណើ​បេសកកម្ម​របស់​កូរ៉េ​ខាង​ត្បូង​ដល់​​អង្គការ​សហប្រជាជាតិ​។ ក្នុង​ឆ្នាំ​១៩៩៩ លោក​បាន​ក្លាយ​​ជា​ប្រធាន​គណៈកម្មការ​របស់​ អង្គការ​ហាមឃាត់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ធុន​ធ្ងន់​។ លោក​ក៏​បាន​ដឹក​នាំ​ការិយាល័យ​​ប្រធាន​សភា​អង្គការ​សហប្រជាជាតិ​អំឡុង​​អាណត្តិ​​របស់​កូរ៉េ​ខាង​ត្បូង​កាល​ពី​​ឆ្នាំ​២០០១-២០០២ ដែល​ជា​ពេល​វេលា​ដ៏​លំបាក​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ ថ្ងៃ​ទី​ ១១​ ខែកញ្ញា ឆ្នាំ២០០១ សំដៅ​ប្រឆាំង​សហរដ្ឋ​អាមេរិក។
នៅ​ថ្ងៃ​ទី​ ១៣ ខែ​តុលា​ ឆ្នាំ​២០០៦ មួយ​ថ្ងៃ​ក្រោយ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង លោក​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជា​ប្រមុខ​​ស្ដី​ទី​របស់​អង្គការ​សហ​ប្រជាជាតិ។​ ទោះ​បី​ជា​អ្នក​អង្កេត​ការ​មួយ​ចំនួន​​មិន​ច្បាស់​ពី​សមត្ថភាព​របស់​លោក​ក្នុង​ការ​ដឹកនាំ​​អង្គការ​សហប្រជាជាតិ​ដើម្បី​ជម្នះ​រាល់​ការ​លំបាក​ក៏ដោយ​ ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ចាត់​ទុក​លោក​ជា​មនុស្ស​ដ៏​អស្ចារ្យ​ដែល​អាច​ធ្វើ​ការងារ​​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​ប្រទេស​មហា​អំណាច​ពីរ​គឺ​​អាមេរិក​​ និង​ចិន។
លោក​បាន​ គី​មូន​បាន​ឡើង​គ្រងតំណែង​ប្រមុខ​អង្គការ (អគ្គលេខា​ធិការ​​) ​សហប្រជាជាតិ​ជំនួស​លោក​ ខូហ្វី អាណាន់​ នៅ​ថ្ងៃ​ទី​ ០១ ខែ​មករា​ ឆ្នាំ​២០០៧ ហើយ​បាន​​ក្លាយ​ជា​​​ជនជាតិ​អាស៊ី​ទី​២ ដែល​ឡើង​កាន់​​តំណែង​នេះ បន្ទាប់​ពី​លោក យូ ថាន់ ​ជនជាតិ​ភូមា​ដែល​ធ្លាប់​កាន់​តំណែង​នេះ​​កាល​ពី​ឆ្នាំ (១៩៦២-១៩៧១)។ ក្នុងតំណែង​នេះ​លោក​បាន​ជួប​ប្រទះ​នូវ​ការងារ​លំបាក​ៗ​ជាច្រើន​ដូចជា ការ​គំរាមកំហែង​ ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង​ បញ្ហា​នៅ​មជ្ឈិមបូព៌ា​ និង​វិបត្តិ​មនុស្សធម៌​ក្នុង​តំបន់​ ដា​ហ្វ័រ ប្រទេស​ស៊ូដង់​ជាដើម។ ​កំណែ​ទម្រង់​អង្គការ​សហប្រជាជាតិ​ខ្លួន​ឯង​ក៏​ជា​ការងារ​ដ៏​សំខាន់​ផង​ដែរ​ដែល​លោក​ត្រូវ​ធ្វើ​៕