ក្រោយបែកបាក់ស្នេហា មានមនុស្សជាច្រើនបានទុកបេះដូងខ្លួនឯងឲ្យឯកោរយៈពេលយូរ។ នៅពេលចង់ចាប់ផ្តើមជាថ្មី ពួកគេតែងយកពាក្យ ខ្លាច ដាក់ពីមុខ ដោយសារឈឺចាប់នឹងរឿងស្នេហាចាស់ពេក។ ចង់រកមនុស្សល្អម្នាក់ មិនមែនជារឿងងាយស្រួលឡើយ។ ដូច្នេះ វាជារឿងសំខាន់ក្នុងការដែលអ្នកត្រូវផ្លាស់ប្តូរការគិតអវិជ្ជមានមួយចំនួន។
១. កុំរំពឹងលើស្នេហាខ្លាំងពេក
ស្នេហាមិនខុសពីទៅសាលាឡើយ វាបានផ្ដល់ឲ្យយើងនៅមេរៀនជាច្រើន។ ម្ល៉ោះហើយមិនគួរកំណត់គោលដៅថាតើអ្នកចង់បានបែបនេះ បែបនោះ នោះទេ ព្រោះនៅពេលមិនបានដូចចិត្ត អ្នកច្បាស់ជាខូចចិត្តមិនខាន។
២. កុំកាត់ក្ដីស្នេហាមួយដូចគ្នាទាំងអស់
នារីជាច្រើនធ្លាប់ឈឺចាប់នឹងរឿងស្នេហា រហូតពេលខ្លះមិនហ៊ានចូលរួមជាមួយមនុស្សដទៃ ឬចង់យល់ពីស្នេហាម្ដងទៀត។ យ៉ាងណាក៏ដោយ គួរតែផ្លាស់ប្ដូរការគិតបែបនេះជាមុនសិន។ ធ្វើឲ្យខ្លួនឯងក្លាហាន បើកបេះដូងរបស់អ្នកទទួលយកក្ដីស្រលាញ់ម្ដងទៀត។ ថាមិនត្រូវលើកនេះអ្នកនឹងជួបស្នេហ៍ពិតក៏ថាបាន។
៣. មើលឃើញតម្លៃរបស់ខ្លួនឯង
កុំបន្ទាបតម្លៃខ្លួនឯង កុំដោយសារតែស្នេហាអតីតអ្នកបំផ្លាញខ្លួនឯងចោល។ ត្រូវឆ្ពោះទៅមុខនិងហ៊ានតតាំងចំពោះរឿងថ្មីៗ។ ដូច្នេះហើយ ត្រូវស្រលាញ់និងគោរពខ្លួនឯង។ បើអ្នកជឿជាក់លើខ្លួនឯង ធានាថាមនុស្សនៅជុំវិញក៏ជឿជាក់លើអ្នកដូចគ្នា ហើយពេលនោះស្នេហ៍ពិតនឹងរត់មករកអ្នកជាមិនខាន។
៤. គោរពអ្នកដទៃ
មូលដ្ឋានគ្រឹះដំបូងនៃទំនាក់ទំនង គឺការចេះគោរព។ បើអ្នកចេះគោរពអ្នកដទៃ នោះអ្នកដទៃក៏ចេះគោរពអ្នកដូចគ្នា។ មិនខុសគ្នាដែរ នៅពេលមានស្នេហាលើកក្រោយ អ្នកត្រូវតែផ្ដល់ពេលវេលា កុំទុកដៃគូចោល ឬធ្វើរឿងណាមួយឲ្យអ្នកដៃគូអាម៉ាស។
៥. កុំបិទបេះដូង
ធ្លាប់លឺឃ្លា៖ "បើចង់ចាប់ខ្លា ត្រូវចូលរូងខ្លា" ដែរទេ? បើសិនអ្នករក្សាចិត្តមិនព្រមបើក និងមិនអនុញ្ញាតឲ្យអ្នកផ្សេងចូលមក អ្នកប្រាកដជាគ្មានថ្ងៃរកឃើញស្នេហ៍ពិតដូចគ្នា។ ដូច្នេះ ត្រូវលើកទឹកចិត្តបើកទំនាក់ទំនងជាថ្មី។ កុំបោះបង់ខ្លួនឯងចោល កុំខ្លាចឈឺចាប់ដូចស្នេហាចាស់។ ចាត់ទុកវាជាមេរៀនទៅចុះ ។
ចុះអ្នកវិញ បានត្រៀមខ្លួនឯងហើយឬនៅដើម្បីទទួលយកស្នេហ៍ថ្មី? កុំភ្លេចផ្លាស់ប្ដូរខ្លួនឯង ត្រូវពង្រឹងគំនិតអវិជ្ជមាន ដើម្បីជួបស្នេហាថ្មីដែលល្អមួយ៕
No comments:
Post a Comment