ក្រុងកំពង់សោម
(ក្រុងនេះពីដំបូងយកឈ្មោះឆកកំពង់សោមនេះដាក់ ក្រោយមកមានឈ្មោះថា
ក្រុងព្រះសីហនុវិញ ដោយយកឈ្មោះសម្តេចព្រះនរោត្តម សីហនុ ដាក់
ព្រោះទីក្រុងនេះជាសមិទ្ធផលសំខាន់ក្នុងសម័យព្រះអង្គ។ ក្រោយរដ្ឋប្រហារ
(១៨ មីនា ១៩៧០) គេបានដូរឈ្មោះទៅជា ក្រុងកំពង់សោមវិញ)
ជាទីក្រុងស្វយ័តមួយក្នុងចំណោមទីក្រុងស្វយ័តទាំង២ នៃប្រទេសកម្ពុជាយើង ។
ទីក្រុងនេះមិនត្រឹមតែជាច្រកអន្តរជាតិតាមផ្លូវសមុទ្ររបស់ប្រទេសប៉ុណ្ណោះទេ
តែថែមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចយ៉ាងសំខាន់របស់ប្រទេសថែមទៀតផង ។ អាស្រ័យហេតុនេះហើយបានជាលើកជូនប្រិយមិត្តអ្នកអានអំពីប្រវត្តិនៃការកកើតទីក្រុងនោះឡើង
។
ប៉ុន្តែមុននឹងចូលដល់ខ្លឹមសារនេះយើងសូមលើកជូនជាមុនអំពីលក្ខណៈទូទៅរបស់ទីក្រុងនេះជូនប្រិយមិត្តអ្នកអានសិន
។
លក្ខណៈទូទៅរបស់ទីក្រុងកំពង់សោម
ក្រុងកំពង់សោមស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា
មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពត ខាងជើងជាប់នឹងខេត្តកោះកុង
ខាងលិចនិងខាងត្បូងជាប់នឹងសមុទ្រ ។ ផ្ទៃក្រឡាក្រុងកំពង់សោមនៅឆ្នាំ១៩៦២
គឺគេកំណត់យក៦៨,២គីឡូម៉ែត្រការ៉េ
តែមកដល់បច្ចុប្បន្ននេះ
ដោយការបញ្ចូលស្រុកព្រៃនប់នៅក្នុងការគ្រប់គ្រងរបស់ក្រុងទៀតនោះ
ផ្ទៃក្រឡារបស់ក្រុងបានពង្រីករហូតដល់ ១.៣០៣គីឡូម៉ែត្រការ៉េ
នាឆ្នាំ១៩៨៦នេះ ។
នៅឆ្នាំ១៩៨២
ការបែងចែករដ្ឋបាលរបស់ក្រុងគឺមានសង្កាត់៧ និងស្រុកព្រៃនប់
តែមកដល់ឆ្នាំ១៩៨៦នេះ យើងឃើញមានស្រុុកព្រៃនប់ ដែលមាន១៤ឃុំ
និងខណ្ឌស្ទឹងហាវ ដែលមាន៣សង្កាត់ និង៤សង្កាត់ទៀតជុំវិញក្រុង ។
ឆ្នេរសមុទ្រក្រុងកំពង់សោមមានប្រវែង១០០គីឡូម៉ែត្រ
ដែលលាតសន្ធឹងនៅចន្លោះឆ្នេរសមុទ្រខេត្តកោះកុង និងខេត្តកំពត ។
ឆ្នេរនេះមានសភាពបត់បែនរកេតរកូត បង្កើតបានជាឆក២ គឺឆកកំពង់សោម
និងឆកវាលរេញ ។ ឆកកំពង់សោម មានបណ្តោយ៦០គីឡូម៉ែត្រ និងទទឹង៣០គីឡូម៉ែត្រ ។
ឆ្នេរសមុទ្រក្រុងកំពង់សោមទទួលរបបទឹកសាប
ដែលហូរចុះតាមព្រែក ធំៗពីរ គឺព្រែកទឹកសាប និងព្រែកកំពង់ស្មាច់
និងតាមព្រែក តូចៗ ចំនួន៧ផ្សេងទៀត ។
ឈូងសមុទ្រក្រុងកំពង់សោម
មានជម្រៅ
មិនសូវជាជ្រៅប៉ុន្មានទេ
ហើយមានបាតរាបស្មើ។ ជម្រៅទឹកជាមធ្យម៥០ម៉ែត្រ
ជម្រៅជាអតិបរិមាមិនលើសពី៨០ម៉ែត្រឡើយ។
ឈូងសមុទ្រនេះខ័ណ្ឌប្រទេសកម្ពុជា ពីឧបទ្វីបម៉ាឡាកា ។
នៅចំពីមុខឆកកំពង់សោមមានកោះរុង
និងកោះរុងសន្លឹម ។ នៅចំពីមុខកំពង់ផែអន្តរជាតិ មានកោះពស់, កោះដែកគោល, កោះថាស និងកោះព្រាប ។
នៅចំពីមុខរាមមានកោះតាគាវ, កោះឫស្សី, កោះត្រេះ, កោះចន្លុះ និងកោះស្រមោច
(រួមទាំងអស់ក្រុងកំពង់សោមមានកោះ១៩) ។
គំនិតផ្តើម
ដំបូងៗ ស្តីពីការបង្កើតកំពង់ផែសមុទ្រ
នៅសម័យមុនអាណានិគមបារាំង
កំពង់ផែកំពត គឺជាច្រកនៃការដឹកជញ្ជូន
ឬការធ្វើដំណើរតាមផ្លូវសមុទ្ររបស់ប្រទេសយើង ។ នៅសម័យបារាំងចូលមក
គឹបានបោះបង់លែងប្រើប្រាស់កំពង់ផែកំពតទៀត ហើយគេប្រើប្រាស់ផ្លូវទឹកទន្លេមេគង្គ
ចុះទៅកាន់សមុទ្រវិញ ដោយកាត់តាមប្រទេសវៀតណាមភាគខាងត្បូង ។
នៅដើមសតវត្សទី២០
បារាំងបានយកចិត្តទុកដាក់គិតគូរដល់ការបង្កើតច្រកសមុទ្រតាមតំបន់ឆ្នេររបស់ប្រទេសកម្ពុជាវិញ
ព្រោះកន្លងមកបារាំងយកចិត្តទុកដាក់បង្កើតច្រកសមុទ្រតែភាគខាងកើតប៉ុណ្ណោះ
ដោយចោលឈូងសមុទ្រសៀម ដែលមានផលប្រយោជន៍ជាសំខាន់ដល់បារាំងដែរនោះ ។
យោងលើទស្សនៈខាងលើ
បារាំងបានចាប់ផ្តើមសិក្សាស្រាវជ្រាវរកកន្លែងបង្កើតផែសមុទ្រនៅកម្ពុជា ។
ការសិក្សាស្រាវជ្រាវនេះបានរកឃើញត្រង់តំបន់កំពង់សោម
ដែលត្រូវបង្កើតកំពង់ផែសមុទ្រមួយឡើង ។
ប៉ុន្តែដោយគ្មានផ្លូវគមនាគមន៍ទាក់ទងមកផ្ទៃក្នុងប្រទេស
ហើយដែលទាមទារឱ្យចំណាយប្រាក់់ច្រើន ដើម្បីសង់ផ្លូវគមនាគមន៍ផង
និងកំពង់់ផែផងនោះ គម្រោងបង្កើតកំពង់ផែសមុទ្រត្រង់ឆកកំពង់សោមក៏ត្រូវទុកចោលជាបណ្តោះអាសន្នសិនព្រោះស្ថានភាពសេដ្ឋកិច្ចនាពេលនោះ
មិនអាចធានាការចំណាយដ៏ធំនេះបាន ។
នៅក្រោយសង្គ្រាមលោកលើកទី១
បញ្ហាបង្កើតច្រកតាមសមុទ្រនៅកម្ពុជានេះ ក៏បានលើកឡើងម្តងទៀត ។
ការធ្វើផ្លូវពីកំពតទៅរាមនៅឆ្នាំ១៩២៥ បានអនុញ្ញាតឱ្យគេស្ថាបនានូវឋបនភណ្ឌ
ដំបូងៗនៃកំពង់ផែនៅរាម ។ ការជ្រើសរើសយករាមនេះ មានអត្ថប្រយោជន៍ពីរ
ដោយម្យ៉ាងអាចធ្វើកំពង់ផែបានផង
និងម្យ៉ាងទៀតគេអាចធ្វើផ្លូវគមនាគមន៍ជើងគោកភ្ជាប់មកតំបន់ផ្ទៃក្នុងប្រទេសបានផង
។ ប៉ុន្តែ ជាក់ស្តែងរាមគ្រាន់តែជាកំពង់ផែដ៏តូចសម្រាប់កងនាវាចរណ៍ដែលពុំមានផ្តល់ដល់ការរីកចម្រើនខាងសេដ្ឋកិច្ច
ណិងតំបន់ឆ្នេរសមុទ្រនៃប្រទេសទេ ។
គម្រោងនៃការបង្កើតកំពង់ផែថ្មីមួយទៀត
ក៏បានត្រូវគេសិក្សាស្រាវជ្រាវជាបន្តបន្ទាប់មកទៀត នៅឆ្នាំ១៩៣៧, ១៩៤២ និង១៩៤៨ ។ ប៉ុន្តែ
ដោយសារសង្គ្រាម
និងការបំផ្លាញផ្លូវពីកំពតទៅរាមនោះបានកាត់ផ្តាច់មិនឱ្យគម្រោងផែនការខាងលើសម្រេចជារូបរាងឡើយ
។
នៅឆ្នាំ១៩៤៨
កំពង់ផែភ្នំពេញ នៅតែជាកំពង់ផែសមុទ្រនៃប្រទេសដដែល ។
នៅក្រោយពេលបានឯករាជ្យនាឆ្នាំ១៩៥៣
ភាពចាំបាច់ដែលត្រូវបង្កើតកំពង់ផែសមុទ្រមួយនៅលើទឹកដីកម្ពុជានោះ
កាន់តែសំខាន់ឡើង ។ ព្រោះការដឹកជញ្ជូនតាមទន្លេមេគង្គអាចធ្វើបាន
តែនាវាដឹកទំនិញធុនមធ្យម ដែលមានបាតចុះទៅក្នុងទឹកជម្រៅមិនហួសពី៤,១០ម៉ែត្រប៉ុណ្ណោះ ។
ការបង្កើតកំពង់ផែដែលអាចឱ្យកប៉ាល់ដឹកជញ្ជូន ធំៗ
ចូលចតដូចជាកប៉ាល់ដឹកប្រេងជាដើម
ទាមទារឱ្យរដ្ឋាភិបាលត្រូវតែធ្វើការសម្រេចពីបញ្ហានេះជាបន្ទាន់
បន្ទាប់ពីបានឯករាជ្យមក ។ នៅដើមឆ្នាំ១៩៥៤
រាជរដ្ឋាភិបាលនាសម័យនោះបានសម្រេចឱ្យស្ថាបនាកំពង់ផែសមុទ្រមួយ
ដែលអាចឱ្យនាវាដឹកជញ្ជូន ធំៗចូលចតបាន ។
ការជ្រើសរើសទីកន្លែង៖
បន្ទាប់ពីការសិក្សា
ដំបូងៗទាំងឡាយក្នុងការជ្រើសរើសទីកន្លែងកំពង់ផែសមុទ្រនេះ
គេមើលឃើញទីកន្លែងពីរ ដែលមានជម្រៅទឹកប្រហែល១០ម៉ែត្រ ។ កន្លែងទី១
ស្ថិតនៅផ្នែកអាគ្នេយ៍នៃឆកកំពង់សោមជិតកោះពស់
(ត្រង់ក្រុងកំពង់សោមសព្វថ្ងៃ) និងទីកន្លែងមួយទៀត
ស្ថិតនៅប៉ែកនិរតីនៃឆកកំពង់សោមនេះ ។
គេមិនជ្រើសរើសយកតំបន់រាមទេ
ព្រោះទីកន្លែងនោះរាក់ពេក (ប្រហែល៦ម៉ែត្រ)
ហើយគេក៏មិនជ្រើសយកតំបន់ឆ្នេររាបស្មើ ពីរាមទៅដល់ព្រំដែនប្រទេសវៀតណាមដែរ
។
ដោយមូលហេតុពិបាកធ្វើដំណើរទៅដល់
គេក៏មិនរុករកទីកន្លែងសម្រាប់សង់កំពង់ផែនៅតាមឆ្នេរភាគខាងលិច
រហូតទៅដល់ព្រំប្រទល់ប្រទេសថៃផងដែរ ។ ដោយយោងលើមូលហេតុដដែលនេះដែរ
គេក៏បានបោះបង់ចោលកន្លែងទី២ គឺភាគខាងនិរតីឆកសមុទ្រកំពង់សោមចេញ ។
នៅទីបំផុុតទីកន្លែងចុងក្រោយ
ដែលគេជ្រើសរើសយកសម្រាប់សង់កំពង់ផែនោះគឺភាគអាគ្នេយ៍នៃឆកសមុទ្រកំពង់សោម
ជិតកោះពស់ (ត្រង់ទីក្រុងកំពង់សោមបច្ចុប្បន្ននេះ) ។
បន្ទាប់ពីបានថតរូបពីលើយន្តហោះ
ពីសភាពកន្លែងខាងលើនេះ នៅខែឧសភា ១៩៥៥ គេបានដឹងថា
តំបន់ឆ្នេរនេះជាតំបន់មួយដែលមានព្រៃក្រាស់រហូតដល់មាត់ច្រាំង
ហើយពុំមានមនុស្សចូលទៅដល់ឡើយ ។
ថ្វីបើតំបន់នេះមានការលំបាកជាខ្លាំងក្នុងការធ្វើដំណើរទៅដល់ជាលើកដំបូងនោះក៏ដោយ
ក៏ទីកន្លែងនេះគឺជាកន្លែងអំណោយផលជាងកន្លែងដទៃទៀតទាំងអស់ក្នុងការសង់កំពង់ផែនោះ
។ ព្រោះទីកន្លែងនេះមានជម្រៅទឹកជ្រៅ ការចូលចតមានភាពងាយស្រួលនៅគ្រប់ពេល
និងរដូវ ហើយទីកន្លែងនេះមានចម្ងាយពីភ្នំពេញជិតជាងកន្លែងឯទៀត ។
លើសពីនេះទៅទៀត តាមការសិក្សា និងការពិនិត្យមើលជារួមនៅកន្លែងនេះ
គេអាចមានលទ្ធភាពងាយស្រួលក្នុងការពង្រីកនូវកំពង់ផែនេះទៅថ្ងៃក្រោយទៀត
ប្រសិនបើមានភាពចាំបាច់ និងការរីកចម្រើននោះ ។
កោះពស់ដែលនៅពីមុខតំបន់ឆ្នេរដែលត្រូវសង់កំពង់ផែនោះ
អាចការពារខ្យល់ព្យុះបាន ខ្លះៗដែរ ។ ចន្លោះកោះពស់
និងឆ្នេរជម្រៅទឹកសម្រាប់ផ្លូវកប៉ាល់ចូលមានពី១១ទៅ១៣ម៉ែត្រ
លើកលែងកន្លែងមួយដែលមានថ្ម ជម្រៅ៨,៤ម៉ែត្រ ។
ដូច្នេះកប៉ាល់អាចចេញចូលមកកំពង់ផែបាននៅពេលទឹកជោរ
ចំពោះនាវាដែលមានបាតជ្រៅទៅក្នុងទឹកមិនលើសពី៩ម៉ែត្រ ។
សមិទ្ធផលដំបូងៗទាំងឡាយរបស់ក្រុងកំពង់សោម
ការស្ថាបនាក្រុងកំពង់សោមដំបូងបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៥៥មក
។ មូលហេតុនៃការកសាងទីក្រុងនេះ គឺបង្កើតកំពង់ផែសមុទ្រមួយ ។
ដូច្នេះការងារស្ថាបនាដំបូងគឺកំពង់ផែ ។ ក្រុមអ្នកឯកទេស និងកម្មករ
ដែលទៅដល់ដំបូង គឺធ្វើដំណើរតាមកាណូតពីកំពតទៅ (ផ្លូវគោកពីកំពតទៅរាម
នៅពេលនោះប្រើប្រាស់ពុំកើតទេ
ដោយសារការកម្ទេចស្ពានសឹងតែទាំងអស់ក្នុងកំណាត់ផ្លូវនេះ
នៅពេលមានអសន្តិសុខកន្លងមកនោះ)
រួចកាប់ឆ្ការព្រៃបោះជំរំដំបូងនៅម្តុំមាត់សមុទ្រ ត្រង់ម្តុំមន្ទីរគណៈកម្មាធិការក្រុងសព្វថ្ងៃនេះ
។
ការងារ
ដំបូងៗទាំងនេះមានការលំបាកណាស់
ព្រោះគ្មានផ្លូវគមនាគមន៍ផ្លូវគោកជាមួយនឹងផ្ទៃក្នុងប្រទេសទេ ។
ភាពចាំបាច់ក្នុងការទាក់ទងជាមួយក្រុងភ្នំពេញបានឆាប់រហ័សនោះទាមទារត្រូវតែស្ថាបនាវាលយន្តហោះ
ដែលមានបណ្តោយ៥០០ម៉ែត្រ បានត្រូវសម្រេចឡើងនៅខែមករា ឆ្នាំ១៩៥៦ ។
ដោយសារវាលយន្តហោះនេះ (ស្ថិតនៅរហូតសព្វថ្ងៃ)
យន្តហោះតូចៗដែលអាចដឹកកមនុស្សបាន៦នាក់
អាចធ្វើដំណើរតែមួយម៉ោងប៉ុណ្ណោះដល់ភ្នំពេញ
ដែលពីមុននេះគេត្រូវការប្រើពេលយ៉ាងតិច១០ម៉ោង
(ពីរម៉ោងពីភ្នំពេញទៅកំពត និង៨ម៉ោងពីកំពតទៅកំពង់សោម)។
ការប្រើប្រាស់ផ្លូវគមនាគមន៍ខាងអាកាសនេះ
បានជួយសម្រួលច្រើនដល់ការងារស្ថាបនា ដំបូងៗទាំងនេះ
ទម្រាំមានផ្លូវគោកពីភ្នំពេញទៅកំពង់សោម(កាត់តាមកំពត) អាចដំណើរការបានពាក់កណ្តាលឆ្នាំ១៩៥៧
។ ផ្លូវជាតិលេខ៤ ទទឹងចាក់កៅស៊ូ៧ម៉ែត្រ ពីភ្នំពេញទៅកំពង់សោម
(កាត់តាមកំពង់ស្ពឺ) បានធ្វើហើយស្រេចនៅឆ្នាំ១៩៥៩ ។
កំពង់ផែ៖ ទន្ទឹមនឹងការកសាងសំណង់ទាំងឡាយខាងលើនេះ
កំពង់ផែក៏ចាប់កសាងឡើងដែរ ។ ផែបានសង់លយចូលទៅក្នុងសមុទ្រប្រវែង២៨៥ម៉ែត្រ
ដែលមានទទឹង២៨ម៉ែត្រ។
ផែបានភ្ជាប់ពីមាត់ច្រាំងដោយស្ពានដែលមានប្រវែង១៨៥ម៉ែត្រ ទទឹង១០ម៉ែត្រ
។ ផែដែលមានកសាងមានប្រវែង២៨៥ម៉ែត្រនេះ
អាចទទួលឱ្យចូលចតទាំងសងខាងនូវនាវាចំនួន៤គ្រឿងយ៉ាងតិច(៤គ្រឿងចំពោះនាវាដែលមានចំណុះ១០.០០០តោន)
តែេអាចចូលចតបាន៦គ្រឿង ចំពោះនាវាដែលមានចំណុះប្រហែល៤.០០០តោន ។
ជម្រៅទឹកដែលនាវាចូលផែនេះមាន១០ម៉ែត្រ ។
កំពង់ផែនេះបានចាប់ទទួលឱ្យនាវាចូលសំចតតាំងពីឆ្នាំ១៩៦០មក ។
តាមការគ្រោងទុកជាមុនពីការសាងសង់កំពង់ផែនេះ
គឺគេគ្រោងសង់កំពង់ផែនេះសម្រាប់ការដឹកជញ្ជូនទំនិញតែ២០០ទៅ២៤០ពាន់តោនប៉ុណ្ណោះក្នុង១ឆ្នាំ
។ ប៉ុន្តែគម្រោងនេះត្រូវខុសអស់ក្នុងរយៈពេលដ៏ខ្លីបំផុត
គឺចាប់ពីឆ្នាំ១៩៦៤មក ភាពកកស្ទះក្នុងការដឹកជញ្ជូនតាមសមុទ្របានកើតមានឡើង
ដោយពេលខ្លះនាវាត្រូវរង់ចាំសំចតមានចំនួន១០ទៅ១២គ្រឿង (នៅឆ្នាំ១៩៨៨) ។
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រនេះ
គេបានចាប់គិតគូរពង្រីកកំពង់ផែនេះ ។
កំពង់ផែថ្មីដែលមានទំហំធំច្រើនជាងពីមុននោះ
បានចាប់សាងឡើងនៅភាគខាងជើងផែចាស់ ។ ទំនប់ផែពីរបានស្ថាបនាឡើង ។
ទំនប់ផែទី១ ប្រវែង៣.០០០ម៉ែត្រ ចាក់ទៅរកកោះថ្មតូចមួយ ។ ទំនប់ទី២
មានប្រវែង៦០០ម៉ែត្រ ។ តាមគម្រោងកំពង់ផែថ្មីនេះ
អាចចូលសំចតបាននាវាចំនួន២០គ្រឿង ។ ការសាងសង់កំពុងតែដំណើរការមិនទាន់បានចប់សព្វគ្រប់
ក៏មានព្រឹត្តិការណ៍រដ្ឋប្រហាថ្ងៃទី១៨មីនា ឆ្នាំ១៩៧០
ធ្វើឱ្យអាក់ខានការសាងសង់នេះរហូតមកទល់នឹងសព្វថ្ងៃនេះទៅ(តែចាប់ពីឆ្នាំ១៩៦៨មក
មាននាវាខ្លះចូលសំចត បណ្តើរៗនៅកំពង់ផែថ្មីនេះហើយដែរ) ។
ការពង្រីកកំពុងផែនេះ
វាទាក់ទងទៅនឹងការរីកចម្រើនរបស់ឧស្សាហកម្ម និងសេដ្ឋកិច្ច ជាតិ ។
ទាល់តែមានការរីកចម្រើនសេដ្ឋកិច្ចជាតិ ទើបការដឹកជញ្ជូនមានការកើនឡើង
ហើយទាមទារឱ្យពង្រីកកំពង់ផែ ។
បើយើងពិនិត្យពីការដឹកជញ្ជូនតាំងពីកំពង់ផែកំពង់សោមចាប់ដំណើរការមកនោះ
៖
-ឆ្នាំ១៩៦០
៖ ៣៥.០០០តោន ។
-ឆ្នាំ១៩៦១
៖ ៩៥.០០០តោន ។
-ឆ្នាំ១៩៦២
៖ ១៦៦.០០០តោន ។
-ឆ្នាំ១៩៦៣
៖ ៣៧០.០០០តោន ។
-ឆ្នាំ១៩៦៤
៖ ៧១៥.០០០តោន ។
-ឆ្នាំ១៩៦៥
៖ ៧៥៥.០០០តោន ។
-ឆ្នាំ១៩៦៦
៖ ៥៤៨.០០០តោន ។
-ឆ្នាំ១៩៦៧
៖ ៥៤៥.០០០តោន ។
-ឆ្នាំ១៩៦៨
៖ ៧២១.៣១៨តោន ។
-ឆ្នាំ១៩៧០
៖ ៥៩៦.០០០តោន ។
-ឆ្នាំ១៩៧១
៖ ២២៣.០០០តោន ។
-ឆ្នាំ១៩៨០
៖ ២៩២.០០០តោន ។
-ឆ្នាំ១៩៨១
៖ ១៩០.០០០តោន ។
-ឆ្នាំ១៩៨២
៖ ១៣០.០០០តោន ។
-ឆ្នាំ១៩៨៣
៖ ៩៧.០០០តោន ។
-ឆ្នាំ១៩៨៤
៖ ១១៨.០០០តោន ។
-ឆ្នាំ១៩៨៥
៖ ១១៦.២០០តោន ។
-ឆ្នាំ១៩៨៦
៖ ១២៥.០០០តោន ។
យើងសង្កេតឃើញតួលេខខាងលើនេះថា
ចាប់ពីឆ្នាំ១៩៦៦មក ការដឹកជញ្ជូនលែងកើនឡើងទៀត ដែលបង្ហាញឱ្យឃើញថា
ការពង្រីកកំពង់ផែនេះវាហួសពីសេចក្តីត្រូវការនៃការដឹកជញ្ជូនយ៉ាងច្រើន
។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលជំនាន់នោះមានគម្រោងបង្កើតតំបន់កំពង់ផែនេះឱ្យទៅជាតំបន់រួចពន្ធ(zone
franc) ដើម្បីឱ្យកំពង់ផែនេះរីកចម្រើនដូចកំពង់ផែអន្តរជាតិនានានៅតំបន់អាស៊ីអាគ្នេយ៍នេះ
។ ប៉ុន្តែ គម្រោងការនេះក៏ត្រូវអាក់ខានទៅវិញក្រោយរដ្ឋប្រហារ១៨ មីនា
ឆ្នាំ១៩៧០មក ។
បច្ចុប្បន្ននេះទៀត
បើយើងពិនិត្យពីតួលេខនៃការដឹកជញ្ជូនតាមកំពង់ផែកំពង់សោមនេះ យើងឃើញថា
ផែចាស់វាធានាបានយ៉ាងគ្រប់គ្រាន់ដល់ការដឹកជញ្ជូននេះហើយ ។
ការចាប់បន្តការកសាងកំពង់ផែថ្មីអាចនឹងប្រព្រឹត្តទៅឡើងវិញបាន នៅពេលណាដែលការដឹកជញ្ជូនតាមកំពង់ផែនេះកើនឡើងបី
បួនដង លើសពីបរិមាណដឹកជញ្ជូននាពេលបច្ចុប្បន្ននេះ ។
ដូចយើងបានជម្រាបហើយថា
ការកើនឡើងនៃការដឹកជញ្ជូនអាចកើតមានបានទាល់តែសេដ្ឋកិច្ចជាតិរីកចម្រើនខ្លាំងក្លាឡើងនោះ
។
ផ្លូវដែក
៖ ការសម្រេចឱ្យកសាងផ្លូវដែកពីភ្នំពេញទៅក្រុងកំពង់សោម
កាត់តាមកំពតនេះ បានសម្រេចឡើងតាំងពីឆ្នាំ១៩៥៨មកម្ល៉េះ
តែការចាប់កសាងពិតប្រាកដទើបចាប់ដំណើរការពីរឆ្នាំ១៩៦៥មកទេ ។
ផ្លូវដែកនេះធ្វើមកដល់កំពតនៅខែឧសភា ឆ្នាំ១៩៦៨ និងទៅដល់ក្រុងកំពង់សោមនៅចុងឆ្នាំ១៩៦៩។
ផ្លូវដែកនេះមានផលប្រយោជន៍ខាងសេដ្ឋកិច្ចយ៉ាងសំខាន់
ព្រោះផ្លូវដែកនេះកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនទំនិញ
បានច្រើនជាងដឹកតាមផ្លូវថ្នល់។
ផ្លូវអាកាស
៖ គេបានសាងសង់នៅមុនឆ្នាំនេះដែរនូវវាលយន្តហោះមួយទៀតនៅជិតរាម
ដែលអាចចុះចតបាននូវយន្តហោះធុនមធ្យម។
វាលយន្តហោះនេះប្រើប្រាស់ច្រើននៅសម័យលន់ លន់ ដោយសារផ្លូវជាតិលេខ៤
ត្រូវកាត់ផ្តាច់ដោយសង្គ្រាម ។
ការសាងសង់រោងចក្រមួយចំនួន
៖
-រោងចក្រចម្រាញ់ប្រេងកាត ៖ រោងចក្រនេះសង់ពីឆ្នាំ១៩៦៦ដល់១៩៦៨
ដែលសាងសង់ឡើងដោយទុនចម្រុះ (៦៥ភាគរយរបស់រដ្ឋ
និង៣៥ភាគរយរបស់ក្រុមហ៊ុនអែល (Eif )របស់បារាំង) ។
សមត្ថភាពផលិតរបស់រោងចក្រនេះមានដល់៦០០.០០០តោន
តែនៅពេលនោះគេផលិតតែ៤០០.០០០តោនប៉ុណ្ណោះ ។
រីឯសេចក្តីត្រូវការពិតប្រាកដរបស់ប្រទេសនាពេលនោះ គឺមានតែ២៥០.០០០តោនប៉ុណ្ណោះ
។ សូម្បីស្រូបយកឱ្យអស់ផលិតផលដែលរោងចក្រនេះផលិតបាន
រាជរដ្ឋាភិបាលជំនាន់នោះមានគម្រោងរកផ្សារអន្តរជាតិដើម្បីលក់ប្រេងនោះ
និងការបង្កើតរោងចក្រជាច្រើនទៀតដូចជា៖ រោងចក្រធ្វើជី
រោងចក្រប៊ុយតានជាដើម (នៅពុំទាន់បានសាងសង់នៅឡើយ) ។ ក្នុងសម័យលុន លន់
រោងចក្រនោះត្រូវខូតខាតជាដំណំដោយសារសង្គ្រាម ។ បច្ចុប្បន្ននេះ
យើងប្រើប្រាស់ជាកន្លែងស្តុកប្រេងឥន្ធនៈប៉ុណ្ណោះ ។
-រោងចក្រស្រាបៀរ ៖ រោងចក្រនេះសង់ហើយនៅឆ្នាំ១៩៦៨
ដោយទុនរបស់រដ្ឋ (ក្រុមហ៊ុនសុរាគារខ្មែរ) ។
រោងចក្រនេះមានសមត្ថភាពផលិតបាន២០០.០០០ហិកតូលីត្រ ស្រាបៀរ
តែពេលនោះគេផលិតតែ១០០.០០០ហិកតូលីត្រស្រាបៀរ
និង៣០.០០០ហិកតូលីត្រទឹកក្រូច សូដាប៉ុណ្ណោះ។
ការសង់រោងចក្រស្រាបៀរនៅក្រុងកំពង់សោមនេះ មិនសូវមានផលប្រយោជន៍ខាងសេដ្ឋកិច្ច
ព្រោះរោងចក្រស្រាបៀរទាមទារឱ្យសង់នៅកន្លែងដែលសម្បូរទឹកសាប
និងអ្នកប្រើប្រាស់នៅជិតច្រើន
ដែលក្រុងកំពង់សោមមិនអាចបំពេញលក្ខខណ្ឌទាំងពីរនេះបាន ។
បច្ចុប្បន្នរោងចក្រនេះពុំមានដំណើរការទេ ។
-រោងចក្រដំឡើងត្រាក់ទ័រ ៖ រោងចក្រនេះចាប់ដំណើរការចាប់តាំងពីឆ្នាំ១៩៦៦មក
ដែលគ្រប់គ្រងដោយរដ្ឋ (ក្រុមហ៊ុនជាតិដំឡើងត្រាក់ទ័រ) ។
រោងចក្រនេះដំឡើងត្រាក់ទ័ររបស់ឆេកូស្លូវ៉ាគី ។ រោងចក្រនេះមានទំហំតូច
ពុំឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេសនាជំនាន់នោះបានទេ
។ គម្រោងដំបូង គេគិតផលិតគ្រឿងបន្លាស់២៥ភាគរយ នៅក្នុងប្រទេស
ដើម្បីដំឡើងត្រាក់ទ័រនេះ
តែពេលដំណើរការគ្រឿងបន្លាស់ទាំងអស់នាំចូលមកពីក្រៅដែលជាហេតុនាំឱ្យពុំមានចំណេញដល់ការបង្កើតរោងចក្រនេះទេ។
បច្ចុប្បន្នរោងចក្រនេះពុំមានដំណើរការទេ ។
-រោងចក្រផលិតទឹកកក ៖ ចាប់ដំណើរការតាំងពីឆ្នាំ១៩៦៨ ។
បច្ចុប្បន្ននេះ រោងចក្របានត្រូវស្ថាបនាឱ្យដំណើរការឡើងវិញ ។
-ក្រៅពីនេះនៅមានរោងចក្រអគ្គិសនី
និងរដ្ឋាករទឹកក៏បានបង្កើតឡើងនៅគ្រា ដំបូងៗនេះដែរ ។ បច្ចុប្បន្នរោងចក្រអគ្គិសនី
និងរដ្ឋាករទឹកនេះបានស្ថាបនាឱ្យដំណើរការឡើងវិញ ។
អំពីការវិវឌ្ឍចំនួនប្រជាជន
ដោយសារការស្ថាបនាកំពង់ផែ
ការរៀបចំប្រព័ន្ធរដ្ឋបាល និងការធ្វើពាណិជ្ជកម្ម ផ្សេងៗ
ប្រជាជនទីក្រុងកំពង់សោមបានរីកចម្រើនយ៉ាង ឆាប់រហ័ស តាំងពីឆ្នាំបង្កើតក្រុងនេះមក
។ ប៉ុន្តែការកើនចំនួនប្រជាជននេះបាននៅទ្រឹងតាំងពីឆ្នាំ១៩៦៣មក ។
-ឆ្នាំ១៩៦១
មានប្រជាជន ៦.០០០នាក់ ។
-ឆ្នាំ១៩៦២
មានប្រជាជន ៩.១៦៥នាក់ ។
-ឆ្នាំ១៩៦៣
មានប្រជាជន ១៣.៥០០០ ។
-ឆ្នាំ១៩៦៤
មានប្រជាជន ១៣.៥០០នាក់។
-ឆ្នាំ១៩៦៥
មានប្រជាជន ១៤.០០០នាក់។
-ឆ្នាំ១៩៦៦
មានប្រជាជន ១៤.៥០០នាក់។
-ឆ្នាំ១៩៦៧
មានប្រជាជន ១៥.៨០០នាក់។
(អត្រានេះមិនរួមបញ្ចូលប្រជាជនស្រុកព្រៃនប់ទេ) ។
-ឆ្នាំ១៩៨០
មានប្រជាជន ៥១.៨៨៣នាក់។
-ឆ្នាំ១៩៨៦
មានប្រជាជន៦៤.៩៦០នាក់។ (អត្រានេះបញ្ចូលប្រជាជនស្រុកព្រៃនប់) ។
ប្រជាជនក្រុងកំពង់សោមពីមុនឆ្នាំ១៩៧០
ក៏ដូចបច្ចុប្បន្នដែរ ច្រើនជាប្រជាជនមានដើមកំណើតមកពីខេត្តកំពត
និងមកពីខេត្តវាលទំនាបនៃប្រទេស ។ តាមស្ថិតិនាឆ្នាំ១៩៨៦
ប្រជាជនក្រុងកំពង់សោម ដែលមានវ័យពលកម្មមានកម្រិតទាបជាងកាលពីសម័យមុនឆ្នាំ១៩៧០
។ ឆ្នាំ១៩៨៦នេះ ប្រជាជនក្នុងវ័យពលកម្មមានតែ៤២ភាគរយទេ នៅឆ្នាំ១៩៦៧
ប្រជាជនប្រភេទនេះមានរហូតដល់៦០ភាគរយ ។ ចំពោះជនជាតិវិញ
ក្រុងកំពង់សោមមានជនជាតិខ្មែរជាង៨០ភាគរយ
ក្រៅពីនេះមានជនជាតិចាម(ជាង៥ពាន់នាក់) ជនជាតិស្អូច(៧០នាក់)
អាណិកជនវៀតណាម និងចិន ដែលរួមមានជាង១០ភាគរយ នៃប្រជាជនរបស់ក្រុងទាំងមូល ។
សកម្មភាពវិស័យកសិកម្មរបស់ក្រុងកំពង់សោម
១-កៅស៊ូ
៖ ផ្ទៃដីដែលអាចដាំកៅស៊ូបានរបស់ក្រុងមានចំនួនប្រហែល១.២០០ហិកតា
មុនឆ្នាំ១៩៧៥ កៅស៊ូដែលដាំហើយមានប្រហែលជិត៤០០ហិកតា ។
ក្នុងសម័យសម្តេចព្រះនរោត្តម សីហនុ គេបានធ្វើអាជីវកម្មយកជ័របានខ្លះហើយ
។ ទិន្នផលបានប្រហែល៨០០គីឡូក្រាម ក្នុងមួយហិកតា ។
គេបានសង់រោងចក្រចម្រាញ់ជ័រស្ងួតនៅទីនោះតែម្តង បច្ចុប្បន្ននេះ
រដ្ឋអំណាចក្រុងបានគ្រប់គ្រង និងស្ថាបនាឡើងវិញចំការកៅស៊ូនេះ ។
២-ឈើ
៖ ដូចយើងបានជម្រាបពីខាងលើរួចមកហើយថា
ក្រុងកំពង់សោមពីមុនជាព្រៃស្តុក ដែលពុំដែលមានមនុស្សចូលទៅដល់។
ការកាប់ឆ្ការព្រៃដើម្បីវាតទីក្រុង
និងដាំដំណាំកាន់តែធ្វើឱ្យព្រៃឈើថមថយជាលំដាប់ ។
បច្ចុប្បន្ននេះតាមការប៉ាន់ប្រមាណ
ផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើមានប្រហែល២ភាគ៣ ។
ឈើជាមុខព្រួញសេដ្ឋកិច្ចសំខាន់មួយដែររបស់ទីក្រុងកំពង់សោម ។
ផលិតផលនាឆ្នាំ១៩៨៧ មានចំនួន៤.៥០០ម៉ែត្រគូប ឈើមូល ។
រដ្ឋអំណាចក្រុងក៏ដូចរដ្ឋអំណាចមជ្ឈិម
បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការការពារព្រៃឈើនេះ
ក្នុងពេលធ្វើអាជីវកម្ម ព្រោះបើគ្មានវិធានការសមស្របទេនោះ
ធនធាននេះនឹងត្រូវវិនាសអន្តរាយអស់ហើយបង្កឱ្យមានការប្រែប្រួលដល់ធាតុអាកាស
និងបរិយាកាសថែមទៀតផង ។
៣-ម្រេច
៖ ដីដែលអាចដាំម្រេចបាន
អ្នកឯកទេសបានប៉ាន់ប្រមាណថាមានប្រហែល១.៤០០ហិកតា ។ ម្រេចជាដំណាំ
សំខាន់មួយរបស់ក្រុងកំពង់សោមសម្រាប់នាំចេញ ។ តាមស្ថិតិនាឆ្នាំ១៩៦៨
ផ្ទៃដីដាំម្រេចហើយនៅកំពង់សោមក្រុងមានចំនួន២៥៤ហិកតា បានផល៧៧៨តោន
នៅស្រុកព្រៃនប់មានចំនួន៣០៥ហិកតា បានផល៨៨៣តោន ។ នៅពេលសង្គ្រាម៥ឆ្នាំ
និងសម័យបនប៉ុល ពត ដំណាំនេះត្រូវខូចខាតអស់ ។
បច្ចុប្បន្ននេះប្រជាជនចាប់ដាំដំណាំនេះឡើងវិញ តាំងពីឆ្នាំ១៩៨២មក
ហើយមកដល់ឆ្នាំ១៩៨៨ ប្រជាជនដាំ៦១,៨៩ហិកតា។ ផលិតផលដែលសម្រេចបានឆ្នាំកន្លងមក(១៩៨៧)នេះមានចំនួន៣២,៤តោន ។
តាមការដកពិសោធរបស់ប្រជាជន ដំណាំម្រេចនេះបានទទួលផលទាប
និងអាយុខ្លីជាងពីមុន ដោយសារគេដាំលើដីចាស់ ។
ចំពោះបញ្ហានេះយើងមិនហ៊ានអារកាត់ថាយ៉ាងណាទេ
ទុកជូនអ្នកឯកទេសសិក្សាវិភាគចុះ ។ ដំណាំម្រេចនេះកំពុងមានការផុលផុសណាស់ក្នុងចំណោមប្រជាជន
ហើយផ្ទៃដីដំណាំនេះ ចេះតែកើនឡើងជារៀងរាល់ឆ្នាំ ។
៤-ស្រូវ
៖ ផ្ទៃដីដែលបានបង្កបង្កើនផលដំណាំស្រូវនេះមាន
១១.៤០០ហិកតា ។ ស្រែរដូវវស្សាឆ្នាំ១៩៨៧ អនុវត្តបាន៨.៨១២ហិកតា
ដូច្នេះនៅសល់២.៥៨៨ហិកតាទៀតពុំទាន់បានស្ថាបនាឡើងវិញ ។
ក្រៅពីដំណាំខាងលើនេះ
នៅមានដំណាំ ផ្សេងៗទៀតជាច្រើន
ដែលប្រជាជនបានអនុវត្តកន្លងមកដូចជាស្វាយចន្ទី, ទៀបបារាំង, អំពៅ, ម្នាស់ ។ល។
៥-ជលផល
៖ ជលផលជាមុខព្រួញសំខាន់បំផុតរបស់ក្រុងកំពង់សោម
។
នៅតាមឆ្នេរសមុទ្រក្នុងស្រុកព្រៃនប់
និងតាមមាត់ព្រែកនានាសំបូរទៅដោយព្រៃលិចទឹកដុះពាសពេញ
ហើយមួយភាគធំនៃព្រៃលិចទឹកទាំងនោះ គឺសុទ្ធជាព្រៃកោងកាង ស្មាច់
ដែលជាជម្រកយ៉ាងសំខាន់សម្រាប់ត្រីពង និងជាប្រភពចំណីរបស់ហ្វូងត្រី
បង្គា និងមច្ឆជាតិ ផ្សេងទៀត ។
ព្រៃលិចទឹកទាំងនោះមានទំហំប្រមាណជាង៣.៧០០ហិកតា ។ ម្យ៉ាងទៀត
សមុទ្រនេះជាទីប្រសព្វនៃចរន្តទឹកក្តៅ និងទឹកត្រជាក់
ទើបបានជាសមុទ្រកំពង់សោមនេះសំបូរមច្ឆជាតិជាងគេ ។
តាមការស្រាវជ្រាវជាជំហានដំបូងរបស់នាវាសូវៀត
នៅក្រុងកំពង់សោម ជារៀងរាល់ឆ្នាំ
គេអាចមានលទ្ធភាពនេសាទបានត្រីគ្រប់ប្រភេទ ២៥.០០០តោន ។ មុនឆ្នាំ១៩៧៥
ការនេសាទនៅក្រុងកំពង់សោមបានបរិមាណផលជារៀងរាល់ឆ្នាំ ២០.០០០តោន ។
តាមការប៉ាន់ប្រមាណនៅមុនឆ្នាំ១៩៧០
ការនេសាទសមុទ្រទាំងអស់មានប្រហែល៣០.០០០តោន ប៉ុណ្ណោះ ។
ដូច្នេះសមុទ្រក្រុងកំពង់សោមផ្តល់បរិមាណ២ភាគ៣
នៃបរិមាណផលនេសាទសមុទ្រទាំងអស់នៃប្រទេស ។
បច្ចុប្បន្ននេះ
ការនេសាទត្រីនេះមានសកម្មភាពរីកចម្រើនឡើងជារៀងរាល់ឆ្នាំ ។
តាមស្ថិតិថ្មីៗនេះបានឱ្យដឹងថា ចំនួនទូកយន្តគ្រប់ប្រភេទសរុបមានចំនួន៨៩២គ្រឿង
និងទូកចែវចំនួន៣០០គ្រឿង ដែលកំពុងដំណើរការនេសាទនៅក្រុងកំពង់សោមនេះ ។
នៅឆ្នាំ១៩៨៦ ផលិតផលដែលបានពីនេសាទនេះ
ក្នុង១ឆ្នាំមានចំនួនប្រហែល១.៧០០តោន ទៅ២.០០០តោន ប៉ុណ្ណោះ
(ស្ថិតិបរិមាណផលិតផលនេះ នៅឃ្លាតឆ្ងាយណាស់ពីបរិមាណផលមុនឆ្នាំ១៩៧៥
ដូច្នេះស្ថិតិនេះអាចខុសពីការណ៍ពិតច្រើន) ។
ក្រៅពីវិស័យទាំងឡាយខាងលើនេះ
ក្រុងកំពង់សោម
ថែមទាំងជាមាត់ច្រកនៃពាណិជ្ជកម្មក្រៅប្រទេសមួយសំខាន់របស់ប្រទេសថែមទៀតផង
។ តាមការប៉ាន់ប្រមាណពីទស្សនវិស័យនៃការរីកចម្រើនរបស់ក្រុងកំពង់សោមនេះ
យើងអាចសន្និដ្ឋានថា
ក្រុងនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសយើងនាពេលអនាគតខាងមុខនេះជាមិនខាន
៕
No comments:
Post a Comment