ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្ដម
សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានសោយទិវង្គតដ៏គួរឱ្យសោកស្ដាយអាឡោះអាល័យពន់ពេកនៅទីក្រុងប៉េកាំង ប្រទេស
ចិន កាលពីវេលាម៉ោងជិត២ព្រឹក ថ្ងៃទី១៥ តុលា ២០១២ ម៉ោងនៅទីក្រុងប៉េកាំង
ត្រូវជាម៉ោង១និង២០នាទីរំលងអធ្រាត្រ
ម៉ោងនៅរាជធានីភ្នំពេញ
គឺសុគតប៉ុន្មាននាទីក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ទំនើបប្រចាំព្រះកាយព្រះអង្គដោយសាររោគគាំងបេះដូង។
ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្ដម
សីហនុ បានចូលទិវង្គតក្នុងព្រះជន្មាយុ៩០ព្រះវស្សានៅក្នុងការព្យាបាលអស់រយៈ ពេលរាប់សិបឆ្នាំប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកគ្រាប់ឈាម ដែលជាញឹកញយព្រះមហាវីរក្សត្រតែងតែចេញចូលផ្លាស់ ប្ដូរវេនគ្នានៅទីក្រុងភ្នំពេញដើម្បីធ្វើព្រះកិច្ចប្រទេសជាតិ និងនៅទីក្រុងប៉េកាំង
ដើម្បីព្យាបាលជំងឺ។ ដំណឹងលាចាកលោករបស់ព្រះមហាវីរក្សត្រ(សម្ដេចឳ)បាន បញ្ជូនមកដល់ប្រទេសកម្ពុជាភ្លាម ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបស្លុតស្លុងប្រមា
ក្ដុកក្ដួលឆួលឱរា ស្រណោះអាឡោះអាល័យ។
ព្រះរាជកិច្ចដ៍ធំធេងទោះមេឃរលំភ្នំរលាយ ក៏ប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាននោះ
គឺព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យជាតិពីអាណាព្យាបាលបារាំង ហើយទទួលបានជោគជ័យ ទទួលបានឯករាជ្យជាតិពេញលេញ
នៅថ្ងៃទី៩វិច្ឆិកា១៩៥៣ ។
ក្រៅពីនេះនៅមានស្នាព្រះហស្ដធំធេងទៀតនោះ
គឺបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ-អន្តរជាតិ។
តាមប្រភពព័ត៌មានពីមន្រ្ដីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានឱ្យដឹងថា ព្រះមហាក្សត្រកម្ពុជា ព្រះរមនាថ នរោត្តម សីហមុនី រួមជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែន បានដឹកនាំមន្ត្រីជាន់ខ្ពស់យាងចាកចេញពីរាធានីភ្នំពេញនៅព្រឹក ថ្ងៃទី១៥តុលានេះ ទៅកាន់ទីក្រុងប៉េកាំង ទីដែលព្រះមហាវីរក្សត្រ ព្រះបាទ នរោត្ដម សីហនុ (សម្ដេចឳ) សោយទិវង្គត ដើម្បីចាត់ចែងព្រះរាជពិធីផ្សេងៗ និងនាំយកព្រះសពមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីតម្កល់ ធ្វើបុណ្យតាមប្រពៃណី៕
ព្រះជីវប្រវត្តិសង្ខេប
ព្រះនាមពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ
ព្រះបរមនាម៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ
នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍
និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី
ព្រះបរមនាមកិត្តិយស៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ប្រសូត៖ ៣១ តុលា ១៩២២
ព្រះបិតា៖ នរោត្ដម សុរាម្រិត
ព្រះមាតា៖ ស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្ន សិរីវឌ្ឍនា
រាជាភិសេក លើកទី១៖ ២៥ មេសា ១៩៤១
រជ្ជកាលមុន៖ ស៊ីសុវត្ថិ មុនីវង្ស
រជ្ជកាលបន្ត៖ នរោត្ដម សុរាម្រិត
រាជាភិសេក លើកទី២៖ ២៤ កញ្ញា ១៩៩៣
រជ្ជកាលបន្ត៖ នរោត្ដម សីហមុនី
|
No comments:
Post a Comment