រាជធានីភ្នំពេញ ៖ ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ កាស៊ីណូ HOANGIEU CASINO&HOTEL ដែលមានទីតាំងជិតច្រកអន្តរជាតិឡាប៉ាខេ បានបើកសម្ភោធឲ្យភ្ញៀវចូលលេងហើយ កាលពីថ្ងៃទី១៧ មករា ២០១២ នេះ ដែលមានភ្ញៀវចូលលេងយ៉ាងច្រើនកុះករ។ តែអ្វីដែលជាការចាប់អាម្មណ៍ គឺគេសង្កេតឃើញភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូមួយនេះ សុទ្ធតែជាជនជាតិខ្មែរ ចំណែកជនជាតិវៀតណាមមានតិចតួចបំផុត។
ក្នុងថ្ងៃសម្ពោធបើកដំណើរការឲ្យភ្ញៀវចូលលេងរបស់កាស៊ីណូ HOANGIEU នោះ គេ ឃើញមានល្បែងដូចជា អាប៉ោង បញ្ជល់មាន់ បៀ តាយសៀវ ដើម្បីលើករាសីយកហុងស៊ុយក្នុងឆ្នាំថ្មី។ មិនត្រឹមតែប៉ុណ្ណោះកាស៊ីណូ HOANGIEU បានអនុញ្ញាតឲ្យភ្ញៀវជាជនជាតិខ្មែរចូលលេងដោយបើកចំហទៀតផង ។ ទោះបីមិនទាន់សាងសង់រួចរាល់១០០%ក៏ដោយ តែកាស៊ីណូ HOANGIEU បានរួតរះបើកសម្ពោធឲ្យទាន់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម ដែលសល់ពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ព្រោះវាជាឱកាសប្រមូលផលចំណេញបានច្រើនពីសំណាក់អតិថិជនជនជាតិវៀតណាម និងជាជនជាតិខ្មែរដែលគេបើកឲ្យចូលលេង ដោយពុំមានការហាមឃាត់។
គួររំលឹកដែរថា កាស៊ីណូ HOANGIEU នេះបានលើកស្លាកយីហោផ្សព្វផ្សាយរកអតិថិជន ដើម្បីឲ្យចូលទៅលេងល្បែងស៊ីសងនៅកន្លែងរបស់ខ្លួនតាំងពីដើមខែមករា មកម៉្លេះ គឺមុនពេលដែលព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាយាងនិងអញ្ជើញបំពេញព្រះរាជទស្សនកិច្ច និងនាំយកព្រះរាជអំណោយចែកជូនប្រជារាស្ត្រក្រីក្រនៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០-១១ មករា ២០១២ កន្លងមកនេះ៕
No comments:
Post a Comment