About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, October 5, 2011

ជ្រើសរើស​បុរស​ក្នុង​ក្ដី​ស្រមៃ​តាម ABCDE

ស្នេហា​ជា​អារម្មណ៍​​ ដ៏​ជ្រាលជ្រៅ​ប្រកប​ដោយ​មនោសញ្ចេតនា​​មួយ​ ដែល​តែង​កើត​មាន​លើ​មនុស្ស​គ្រប់​រូប​ នៅ​លើ​លោក​សន្និវាស​យើង​នេះ​។ វា​ជា​ធម្មជាតិ​ទៅ​ហើយ​ ដែល​មនុស្ស​កើត​មក​ត្រូវ​មាន​ស្នេហា ប៉ុន្តែ​ ការ​ជ្រើស​រើស​បុរស​ម្នាក់​ធ្វើ​ជា​គូ​អនាគត ​ជា​រឿង​មួយ​ដ៏​សែន​លំបាក​សម្រាប់​មនុស្ស​ស្រី​ម្នាក់។
នៅ​ប្រទេស​កម្ពុជា​យើង​ប្រពៃណី​ដែល​ឪពុក​ម្ដាយ​ជា​អ្នក​ផ្គូផ្គង​ទុកដាក់​​​កូន​ស្រី​ ​នៅ​តែ​កើត​មាន​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស ហើយ​ពិត​ជា​គួរ​ឲ្យ​អាណិត​នារី​ៗ​ទាំង​នោះ ​ដែល​ពុំ​មាន​សិទ្ធិ​សម្រេច​លើ​បុរស​ដែល​ខ្លួន​ស្រលាញ់។​ ប៉ុន្តែ​ចំពោះ​នារី​ដែល​មាន​ការ​ចេះ​ដឹង​ជ្រៅ​ជ្រះ និង​អាច​ឈរ​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ ​​តែង​ចង់​​ជ្រើស​រើស​​បុរស​ម្នាក់​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​គេ។
ប្រសិន​បើ​អ្នក​រៀបការ​ជាមួយ​មនុស្ស​ប្រុស​​ខុស​ម្នាក់​នោះ អ្វី​ដែល​អ្នក​នឹង​ទទួល​គឺ​ប្រាកដ​ជា​ទុក្ខសោក ឬ​អាច​ជា​ការ​លែង​លះ​ដែល​ជះ​ផល​អវិជ្ជមាន​ដល់​ជីវិត​អ្នក។ ហេតុ​ ដូចនេះ​ហើយ​បាន​ជា​ Sabay នាំ​​យក​នូវ​គន្លឹះ​ល្អ​ៗ​ដូច​ខាង​ក្រោម​ដែល​អាច​ជួយ​ដល់​មិត្ត​នារី​ៗ​ ក្នុង​ការ​ជ្រើសរើស​បុរស​​ដ៏​សក្ដិសម​ ម្នាក់​ជា​ដៃ​គូ​ជីវិត​តាម​វិធី​សាស្ត្រ​មួយ ដែល​​ឈ្មោះ​ថា​ ABCDE។ តើ​អ្វី​ជា​ ABCDE?​ ចង់​ដឹង​​ ចាំ​ដល់​ណា ម៉េច​មិន​អាន​ទៅ​ប្រិយមិត្ត!
១. A: Age អាយុ អ្នក​ប្រាកដ​ជា​យល់​ថា​ គំនិត​នេះ​អី​ក៏​ចាស់​គំរឹល​ម្ល៉េះ​មែនទេ? សម័យ​ឥឡូវ ​នៅ​គិត​ពី​អាយុ​អី​ទៀត! អាយុ​ត្រឹម​ជា​តួលេខ​ប៉ុណ្ណោះ​ សេចក្ដី​ស្រលាញ់​ជ្រាលជ្រៅ​ គឺ​រឹត​តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត។ ប៉ុន្តែ​ភ្លេច​ប្រាប់​ប្រិយមិត្ត​ថា​ អាយុ​មិន​សក្ដិសម​អាច​ឲ្យ​អ្នក​មើល​ទៅ​មិន​សម​គ្នា និង​អាច​ទទួល​ការ​រិះគន់​ពី​អ្នក​ដទៃ។ ​មនុស្ស​ស្រី​ ជា​ធម្មតា​តែង​មាន​ចិត្ត​គំនិត​ចាស់​ទុំ​ជាង​បុរស ៥​ឆ្នាំ មាន​ន័យ​ថា​ បើ​ស្ត្រី​មាន​អាយុ ២០ឆ្នាំ ការ​គិត​អាច​ស្មើ​នឹង​បុរស​ដែល​មាន​អាយុ ២៥​ឆ្នាំ។ ដូច្នេះ​ ចន្លោះ​អាយុ​ដ៏​ល្អ​សម្រាប់​ស្ត្រី​គឺ​ជ្រើស​រើស​បុរស​ដែល​ចាស់​ជាង​ពី ៣​ ឆ្នាំ​ឡើង​ទៅ​។ ​ការ​ដែល​ជ្រើសរើស​ដៃ​គូ​ដែល​មាន​អាយុ​ច្រើន​ជាង​អាច​ឲ្យ​ជួយ​នារី​ឲ្យ​មើល​ទៅ​សម​គ្នា​នៅ​ពេល​ដែល​នាង​មាន​បុត្រ ព្រោះ​ស្ត្រី​នៅ​ពេល​មាន​បុត្រ​ ​សម្ផស្ស​នឹង​មាន​ធ្លាក់​ចុះ​ ដូច្នេះ​ការ​ជ្រើសរើស​ដៃគូ​ចាស់​ជាង​អាច​ជួយ​ឲ្យ​មើល​ទៅ​សក្ដិសម​គ្នា​រហូត។
២. B: Beauty សម្រស់
ចំពោះ​ចំណុច​នេះ​អាច​មាន​ក៏​បាន​ ​មិន​មាន​ក៏​បាន។​ ចំពោះ​រូបរាង​បុរស​ដែល​អ្នក​គួរ​ជ្រើស​ គួរ​រក​បុរស​ណា​ដែល​មាន​រូបសម្បត្តិ​ប្រហាក់​ប្រហែល​នឹង​អ្នក។ ​បើ​អ្នក​រក​ដៃគូ​ ដែល​ស្អាត​ជាង​ខ្លួន​ខ្លាំង ​គេ​អាច​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​នារី​ដទៃ​ ដែល​ជា​ហេតុ​ឈាន​ដល់​ការ​ប្រចែប្រចណ្ឌ​ដែល​នាំ​ទៅ​រក​ការ​បែកបាក់​គ្នា។ ហើយ​បើ​អ្នក​រក​ដៃគូ​ដែល​អាក្រក់​ពេក អ្នក​នឹង​បាត់​ទំនុក​ចិត្ត​ និង​មាន​អារម្មណ៍​ខ្មាស​អៀន ​ពេល​ដើរ​ហើរ​ចេញ​ក្រៅ​ជាមួយ​គេ។ ​ដូច្នេះ​វិធី​ដ៏​ល្អ​រក​មនុស្ស​ដែល​មាន​រូប​សម្បត្តិ​ប្រហាក់​ប្រហែល​អ្នក។
៣. C: Capacity សមត្ថភាព សមត្ថភាព​ជា​រឿង​ដ៏​ចាំ​បាច់​សម្រាប់​អនាគត​អ្នក។ បុរស​ដ៏​ល្អ​ម្នាក់​ ជា​មនុស្ស​ដែល​មាន​ការងារ ​អាច​មាន​លទ្ធភាព​ទំនុក​បម្រុង​ខ្លួនឯង​ និង​ក្រុម​គ្រួសារ។ ទោះ​បី​ជា ​អ្នក​ស្រលាញ់​គ្នា​យ៉ាង​ណា​ក៏​ដោយ​ បើ​សិន​​អ្នក​មាន​មុខ​ខ្វះ​ក្រោយ ​ជម្លោះ​អាច​នឹង​កើត​មាន​ឡើង​ដែល​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ដោយ​គ្មាន​សុភមង្គល​នោះ​ឡើយ។
៤. D: Degree ចំណេះដឹង ចំណេះដឹង​ ជា​រឿង​ដ៏​សំខាន់​មួយ​ដែរ។ កម្រិត​នៃ​ចំណេះ​ដឹង​ អាច​ឲ្យ​មនុស្ស​ម្នាក់​មាន​តុល្យភាព​លើ​អ្វី​ដែល​គេ​ នឹង​ធ្វើ។ គេ​អាច​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ ដោយ​ហេតុផល​ច្បាស់​លាស់​មិនមែន ធ្វើ​ព្រាវៗ​នោះ​ទេ។ ​ម៉្យាង​ គេ​អាច​យល់​អធ្យាស្រ័យ​ច្រើន និង​ធ្វើអ្វី​ប្រកប​ដោយ​ហេតុផល​។
៥. E: Equity សមធម៌ ប្រសិន​បើ​បុរស​ដែល​អ្នក​ជ្រើសរើស​មាន​គ្រប់​ចំណុច​ខាង​លើ​ហើយ​ ខ្វះ​សមធម៌​ក្នុង​ខ្លួន​នោះ ជីវិត​អ្នក​នឹង​មាន​ភាព​ចម្រូងចម្រាស​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា​ទេ​។ ​សមធម៌ ​អាច​ឲ្យ​គេ​ចេះ​ថ្លឹង​ថ្លែង​ពី​អ្វី​ដែល​ល្អ ​ស​ខ្មៅ ​ចេះ​កែ​លម្អ និង​ស្គាល់​កំហុស​របស់​ខ្លួន។ លើស​ពី​នេះ​គេ​អាច​យល់​អធ្យាស្រ័យ​ច្រើន​លើ​មនុស្ស​ដទៃ​ដែល​បង្ក​ទំនាស់​មក​​លើ​គេ។រាល់​ចំណុច​ដែល​រៀបរាប់​ខាង​លើ​មិនមែន​ថា​ បុរស​ជា​ដៃ​គូ​របស់​អ្នក​ត្រូវ​មាន​ទាំង​អស់​នោះ​ទេ ​​ប៉ុន្តែ​អ្នក​គេ​គួរ​មាន​ចំណុច​ទាំង​នោះ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ ​ហើយ​​អ្វីដែល​សំខាន់​អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​​ស្វែង​យល់​ពី​គេ​ឲ្យ​បាន​ច្រើន​​មុន​នឹង​ចាប់​ផ្ដើម​អាពាហ៍ពិពាហ៍​របស់​អ្នក។ ​​ខ្ញុំ​ចង់​បញ្ជាក់​ថា ​គ្មាន​អ្វី​ដែល​ត្រូវ​ ១០០​ភាគរយ​​នោះ​ទេ​ តែ​នេះ​​អាច​ចាត់​ទុក​ថា​ ជា​អាហារ​គំនិត ​ដែល​ជួយ​ឲ្យ​ប្រិយមិត្ត​​សម្រេច​ចិត្ត​បាន​ប្រសើរ​ជាង​មុន៕

No comments:

CASINO





MOBILE MAGAZINE