ដាវសាម៉ូរៃជាអាវុធដ៏ពិសេសមួយរបស់ សមាជិកអ្នកប្រយុទ្ធដ៏ខ្លាំងក្លាក្នុងសម័យសក្ដិភូមិរបស់ជប៉ុន។ ការពិតសាម៉ូរៃជាឈ្មោះរបស់ក្រុមអ្នកប្រយុទ្ធនេះ ហើយពួកគេក៏យកឈ្មោះនេះដាក់ ឱ្យដាវរបស់ពួកគេដើម្បីបង្ហាញថាឬទ្ធានុភាពរបស់ដាវគឺអស្ចារ្យដូចម្ចាស់ដាវដូច្នោះដែរ។ផ្លែដាវសាម៉ូរៃដំបូងមានសណ្ឋានត្រង់ តែត្រូវបានគេកែច្នៃឱ្យមានរាងកោងនៅចុងសតវត្សទី ៨ ដោយគេជឿជាក់ថារាងកោងរបស់ផ្លែដាវនឹងបង្កើតភាពងាយស្រួលក្នុងការដកហូតចេញពីស្រោមដាវបានរហ័ស ហើយវានឹងមានប្រសិទ្ធភាពជាងផ្លែដាវដែលមានរាងត្រង់ ក្នុងការកាប់ ឬចាក់គូសត្រូវ។
ចំណុចចុងផ្លែដាវសាម៉ូរៃត្រូវបានគេហៅថា “Kissaki”។ វាជាផ្នែកមួយដែលពិបាកជាងគេក្នុងការដុសខាត់ ហើយវាជាផ្នែកដែលសំខាន់ជាងគេផងដែរក្នុងតួដាវទាំងមូល។
ដើម្បីបង្កើតបានផ្លែដាវមួយដែលមានគុណភាពខ្ពស់ គេត្រូវការជាងដែលមានជំនាញនិងភាពប៉ិនប្រសព្វខ្ពស់ផងដែរ។
ដាវសាម៉ូរៃត្រូវបានចែកជា ៣ ប្រភេទធំៗ៖
-ទីមួយគឺ កាតាណា (Katana): ជាប្រភេទវែងជាងគេ ដែលមានប្រវែងប្រមាណ ៦០សង់ទីម៉ែត្រឡើងទៅ ហើយត្រូវបានប្រើក្នុងការប្រយុទ្ធនៅទីវាល ឬកន្លែងស្រឡះ។
-ទីពីរគឺ វ៉ាគីហ្សាស្ស៊ី (Wakizashi) ដែលមានប្រវែងប្រមាណ ពី ៣០ ទៅ ៦០ សង់ទីម៉ែត្រ ហើយគេប្រើវាក្នុងការប្រយុទ្ធនៅកន្លែងតូចចង្អៀត ឬក្នុងអាគារបិទជិត ដោយសារវាបង្កភាពងាយស្រូលក្នុងការបត់បែន និងផ្លាស់ទី។
-ទីបីគឺប្រភេទ តាន់តូ (Tanto) ដែលមានលក្ខណៈជាកាំបិតស្នៀត។
ការធ្វើតេស្ដដាវសាម៉ូរៃ កាលពីជំនាន់មុនគឺជាទូទៅត្រូវបានធ្វើឡើងទៅលើ សាកសព ឬទៅលើអ្នកទោសដែលនៅមានជីវិត។ ហើយលទ្ធផលនៃការធ្វើតេស្ដត្រូវបានគេចារនៅលើបន្ទះដែក ដែលភ្ជាប់ផ្លែដាវទៅនឹងផ្នែកសម្រាប់ចាប់កាន់។
No comments:
Post a Comment